-
កម្លាំងសន្តិសុខ២ពាន់នាក់ហ្វឹកហាត់ត្រៀមទប់ទល់បាតុករ
- Issue Date 01-Sep-2013
ការហ្វឹកហាត់នោះក្នុងគោលបំណងបំប៉នសមត្ថភាព ដើម្បីត្រៀមរៀបចំជាមុនក្នុងការរក្សាសន្តិសុខសង្គមជាតិទាំងមូល ជៀសវាងហេតុការណ៍អាក្រក់ជាយថាហេតុ។ ការបង្វឹកហាត់ដើម្បីពង្រីងសមត្ថភាពនេះ ស្របពេលដែលគណបក្សសង្រ្គោះជាតិ បានកំណត់ពីថ្ងៃធ្វើបាតុកម្មនៅថ្ងៃទី៧ កញ្ញា ខាងមុខ។ ជួនពេលគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើការហ្វឹកហាត់ សមពីវិធីធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី១ កញ្ញា នេះ កងកំលាំងនគរបាលរាជធានីភ្នំពេញ ក៏បានប្រកាសប្រមូលផ្តុំកំលាំងដើម្បីហ្វឹកហាត់វិធីបង្ក្រាបបាតុកម្មតាមទីសាធារណៈដែរ។ ចំពោះការហ្វឹកហាត់របស់កងរក្សាសន្តិសុខពេលនេះ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានឱ្យដឹងថា ការហ្វឹកហាត់នេះមិនមានអ្វីដែលជាការចម្លែកនោះទេ ពីព្រោះកន្លងមកកងកម្លាំងរក្សាសន្តិសុខតែងតែធ្វើជាប្រចាំ ដើម្បីពង្រីកសមត្ថភាពរបស់ក្រុមប៉ូលិសទាំងនោះ។ ទន្ទឹមនឹងមានលំហាត់ហ្វឹកហ្វឺនរបស់កងកម្លាំងរក្សាសន្តិសុខនៅព្រឹកថ្ងៃទី១ កញ្ញា នេះខាងគណបក្សសង្គ្រោះជាតិ ក៏បានកំណត់យកថ្ងៃទី១ កញ្ញា នេះដែរ ដើម្បីធ្វើការហ្វឹកហាត់ក្រុមអ្នកចូលរួមធ្វើបាតុកម្មដែលនឹងមាន ការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីត្រៀមខ្លួនជាមុនទម្រាំថ្ងៃធ្វើបាតុកម្មមែនទែនមកដល់នៅ ថ្ងៃទី៧ កញ្ញា ខាងមុខ។ ស្របពេលដែលកម្លាំងទាំងពីរកំពុងតែដំឡើងសាច់ដុំដាក់គ្នានោះ ត្រូវបានអ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុខ ទូច មើលឃើញថា ជាធម្មតាកង កម្លាំងទាំងអស់ចាំបាច់ណាស់ក្នុងការហ្វឹកហាត់ មិនមែនមកដល់ពេលមានបញ្ហាហើយទើបខំប្រឹងដំឡើងសាច់ដុំដាក់ម្ទាស់ឆ្នោតនោះទេ។ លោកបន្តថា ជាការបង្ហាញថា ការប្រើប្រាស់កម្លាំងរបស់គ្រប់ភាគីត្រឹមត្រូវនោះគួរតែមានការធ្វើប្រជាមតិពីសំណាក់ប្រជាពលរដ្ឋជាមុនសិន។ លោកក៏បានបញ្ជាក់ចុងក្រោយថា ការបង្ហាញសាច់ដុំដាក់គ្នានេះ ទី១ វាធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ ទី២ ធ្វើឲ្យប្រជាជនបាត់បង់ជំនឿទុកចិត្តលើអ្នកនយោបាយ ទី៣ ធ្វើឲ្យបាត់បង់សន្តិសុខសង្គម ទី៤ ធ្វើឱ្យប៉ះពាល់ដល់នយោបាយអន្តរជាតិ និងចុងក្រោយធ្វើឱ្យប៉ះពាល់ដល់ការធ្វើវិនិយោគទុននៅក្នុងប្រទេសកម្ពុជា តែម្តង៕ អត្តបទដកស្រង់ពីវិទ្យុអាស៊ីសេរីដែលចុះផ្សាយកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣៕