-
បក្សប្រឆាំងប្រកាសធ្វើបាតុកម្មបក្សប្រជាជនប្រកាសការពារលទ្ធផលឆ្នោត
- Issue Date 09-Sep-2013
ការប្រកាសនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង គ.ជ.ប ដែលប្រកាសលទ្ធផលឆ្នោតផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា បង្ហាញថា គណ បក្ស សង្គ្រោះជាតិ ចាញ់ឆ្នោតដោយទទួលបានអាសនៈសភា ៥៥ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលបានអាសនៈសភាចំនួន ៦៨។ មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងកើតឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តទៅ រយៈពេល ៣យប់បីថ្ងៃ ដោយមិនសម្រាក ដើម្បីទាមទារឲ្យបក្សកាន់អំណាចយល់ព្រមបង្កើតគណៈកម្មការស៊ើបអង្កេត ពីភាព មិនប្រក្រតីក្ នុងដំណើរការ បោះឆ្នោត។ ការសម្រេចនេះ កើតឡើងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់បក្សប្រឆាំង គឺរយៈពេល ១ម៉ោង បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលឆ្នោតផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចប់ សព្វគ្រប់។ ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដំណោះស្រាយនយោបាយជាច្រកតែមួយគត់ដែលអាចដោះស្រាយបញ្ហាពេលនេះបាន។ លោកបន្តថា បើសិនជាគណបក្សទាំងពីរបន្តចរចាគ្នាមិនត្រូវនោះអ្នកដែលរងទុក្ខពិតប្រាកដជាប្រជាពលរដ្ឋទូទៅ និងប្រទេសជាតិទាំងមូល។ លោកបញ្ជាក់ថា បើមិនមានដំណោះស្រាយត្រឹមត្រូវ គណបក្សកាន់អំណាចនឹងខាតបង់យ៉ាងច្រើន ទាំងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងប៉ះពាល់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងធ្វើដំណើរទៅកៀរគរពលរដ្ឋជាថ្មី ឲ្យមកចូលរួមមហាបាតុកម្មចាប់ពីថ្ងៃទី៩ ខែកញ្ញា ដោយគ្រោងនឹងចុះទៅកាន់ខេត្តកណ្ដាល។ ថ្ងៃទី១០ ខែកញ្ញា ចុះទៅផ្សារអូរឫស្សី ថ្ងៃទី១១ ខែកញ្ញា ទៅខេត្តសៀមរាប និងថ្ងៃទី១២ កញ្ញា ទៅខេត្តបាត់ដំបង។ ក្នុងមហាបាតុកម្មកាលពីថ្ងៃទី៧ ខែកញ្ញា គណបក្សប្រឆាំងប្រមូលបានថវិកាជាង ១ម៉ឺនដុល្លារអាមេរិក ទឹកសុទ្ធរាប់រយយួរ ម្ហូបអាហារពីសំណាក់ក្រុមអ្នកគាំទ្របាតុកម្ម។ មន្ត្រីបក្សសង្គ្រោះជាតិ មិនទាន់បញ្ជាក់ពីរបៀបធ្វើបាតុកម្ម និងចំនួនអ្នកចូលរួមធ្វើបាតុកម្មលើកទី២ នៅឡើយ ប៉ុន្តែបក្សប្រឆាំងប្រកាសថា ធ្វើតាមឆន្ទៈរាស្ត្រ។ នៅក្នុងពេលគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសថា នឹងប្ដេជ្ញាការពារលទ្ធផលនៃការបោះឆ្នោតនេះ។ គណបក្សប្រជាជនប្រកាសការពារលទ្ធផលឆ្នោត ស្របពេលដែល គណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត និងដាក់គម្រោងធ្វើបាតុកម្មបន្តទៀតនោះ គណបក្សប្រជាជនក៏បានប្រកាសជំហរយ៉ាងមុតមាំដើម្បីការពារលទ្ធផល ឆ្នោតនេះ។ សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនចេញផ្សាយនៅថ្ងៃអាទិត្យ ទី៨ កញ្ញា បានប្រកាសភ្លាមៗក្រោយពី គ.ជ.ប ប្រកាសលទ្ធផលឆ្នោតជាផ្លូវការ ដោយស្វាគមន៍លទ្ធផលឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ ឈ្នះលើគណបក្សសង្គ្រោះជាតិ ដែលបានទទួល ៥៥អាសនៈ ក្នុងចំណោមកៅអីទាំង ១២៣របស់រដ្ឋសភា។ ទោះយ៉ាងណា គណបក្សប្រជាជនបានវាយតម្លៃខ្ពស់ដល់ គ.ជ.ប ដែលបានជម្នះរាល់ការលំបាកស្មុគស្មាញនានាក្នុងការបំពេញតួនាទីរបស់ ខ្លួនបានល្អប្រសើរដោយប្រកាន់ភ្ជាប់នូវជំហរឯករាជ្យ អព្យាក្រឹត និងតម្លាភាព។ ការលើកសរសើរនេះ ក៏ស្ថិតនៅចំណុចផ្ទុយគ្នាពីគណបក្សសង្គ្រោះជាតិដែលតែងតែចោទ ប្រកាន់ស្ថាប័ន គ.ជ.ប នេះថា កំពុងធ្វើការលម្អៀងទៅគណបក្សកាន់អំណាច៕ អត្តបទដកស្រង់ពីពីវិទ្យុអាស៊ីសេរីចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣។