-
ព្រះមហាក្សត្រកោះប្រជុំសភាលើកដំបូងនៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៣
- Issue Date 09-Sep-2013
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារនៅថ្ងៃទី៩ ខែកញ្ញា ថា ព្រះអង្គនឹងកោះប្រជុំសមាជិកសភាជាប់ឆ្នោតថ្មីចំនួន ១២៣រូប នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។ នៅក្នុងព្រះរាជសារផ្ញើជូនលោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលឡាយ ព្រះហស្តលេខាដោយ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានខ្លឹមសារថា ព្រះអង្គនឹងអញ្ជើញបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ ទាំងអស់ប្រជុំដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា។ ការសម្រេចព្រះទ័យកោះប្រជុំសមាជិកសភាថ្មីនេះ នៅបន្ទាប់ពីព្រះអង្គបានទទួលលិខិតពីលោក អ៊ឹម សួស្ដី ចុះថ្ងៃទី៨ កញ្ញា អំពីសេចក្ដីសម្រេចស្ដីពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។ ការកោះអញ្ជើញប្រជុំសភាដំបូងរបស់ព្រះមហាក្សត្រនេះ នៅបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានប្រកាសមិនទទួលលទ្ធផលបោះឆ្នោត ហើយប្រកាសនឹងធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃជាប់គ្នាចាប់ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ កញ្ញា ខាងមុខដើម្បីទាមទារយុត្តិធម៌លទ្ធផលបោះឆ្នោតជូនម្ចាស់ឆ្នោត៕ អត្តបទដកស្រង់ពីវិទ្យុអាស៊ីសេរីចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣។