-
អង្គការជាតិ និងអន្តរជាតិ អំពាវនាវឲ្យ រដ្ឋាភិបាល និងម្ចាស់ជំនួយ ចាត់វិធានការ បញ្ឈប់ហិង្សានៅកម្ពុជា
- Issue Date 24-Sep-2013
អង្គការជាតិ និងអន្តជាតិ ចំនួន៥នៅថ្ងៃអង្គារនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ ត្រូវតែចាត់វិធានការឥឡូវនេះ ដើម្បីការពារកុំឲ្យមានការកើនឡើងនៃអំពើហិង្សា ដែលកើតឡើងក្រោយការបោះឆ្នោត។អង្គការចំនួន៥នោះ រួមមានអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការលីកាដូ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)។សេចក្តីថ្លែងការណ៍រួម ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញានេះ ឲ្យដឹងថា អង្គការទាំង៥កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងលើការប្រើប្រាស់កម្លាំងហួសហេតុរបស់អាជ្ញាធរ ក្នុងការពារ និងគាបសង្កត់សេរីភាពនៃការប្រមូលផ្តុំ និងការបញ្ចេញមតិដោយសន្តិវិធី ។ អង្គការទាំងអស់ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងបរទេស ចាត់វិធានការជាបន្ទាន់ ក្នុងការការពារស្ថានភាពសិទ្ធិមនុស្សកុំឲ្យកាន់តែអាក្រក់ទៅៗ។សេចក្តីថ្លែងការណ៍ បានលើកឡើងពីការតវ៉ារបស់ពលរដ្ឋក្នុងការស្នើសុំពន្យារពេល0សម័យប្រជុំសភាលើកដំបូង ហិង្សាដែលកើតឡើងនៅថ្ងៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចលើកូដកម្មអត់ព្រះស្ងោយរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងការបង្ក្រាបកូដកម្មអត់អាហាររបស់អ្នកបឹងកក់នៅវត្តភ្នំ នៅពេលយប់ ដែលបណ្តាលឲ្យមនុស្សជាង១០នាក់ រងរបួស។អង្គការទាំងនោះ ក៏អំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ប្រកបដោយភាពមិនលម្អៀង តម្លាភាព និងហ្មត់ចត់ ទៅលើការប្រើប្រាស់ហិង្សាដោយខុសច្បាប់ ហើយរដ្ឋាភិបាលអន្តរជាតិ និងអង្គការសហប្រជាជាតិ ត្រូវតែនិយាយ និងថ្កោលទោសការរំលោភសិទ្ធិនៃការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិផ្សេងៗទៀត។គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ការប្រឈមមុខរវាងពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ស្ទើរតែកើតឡើងជារៀងរាល់ថ្ងៃ។កងកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយតាមដងផ្លូវ និងរនាំងបន្លាលួស ត្រូវបានដាក់ឃាំងផ្លូវ ដើម្បីការពារក្រុមអ្នកតវ៉ា៕ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។