-
សមាជមហាជនគណបក្សសង្គ្រោះជាតិ សម្រេច ទាមទារ១០ចំណុច
- Issue Date 06-Oct-2013
សមាជមហាជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៦ខែតុលានេះ បានសម្រេចនូវការទាមទារចំនួន ១០ចំណុច ដោយរកយុត្តិធម៌ជូន ម្ចាស់ឆ្នោត និងទាមទារឲ្យមានការផ្លាស់ប្តូរតាមរយៈកែទម្រង់នូវគោលនយោបាយ និងស្ថាប័នជាតិសំខាន់ៗ ដើម្បីធានាការពារផល ប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។នៅក្នុងសេចក្តីសម្រេចរបស់សមាជមហាជន ដែលធ្វើឡើងតាំងពីម៉ោង២រសៀលរហូតដល់ម៉ោងជាង៥ល្ងាចថ្ងៃទី០៦ខែតុលានេះ នៅ ទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានស្តាប់នូវសេចក្តីថ្លែងគោលជំហររបស់គណបក្សសង្គ្រោះជាតិ និង យោបល់របស់ប្រជាពលរដ្ឋ ជុំវិញស្ថានភាពនយោបាយបច្ចុប្បន្នអង្គសមាជមហាជនបានសម្រេច ទាមទារឲ្យគណបក្សសង្គ្រោះជាតិ បន្តស្វែងរកយុត្តិធម៌ជូនមហាជនជាម្ចាស់ឆ្នោត តាមរយៈការធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំទូទាំងប្រទេស ធ្វើនយោបាយការទូតឲ្យ ទូលំទូលាយ ធ្វើញត្តិរាប់លានស្នាមមេដៃ ដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស២៣តុលា១៩៩១។ សេចក្តីសម្រេចរបស់សមាជមហាជនក៏បានសម្រេចទាមទារឲ្យមានការផ្លាស់ប្តូរតាមរយៈកែទម្រង់នូវគោលនយោបាយនិងស្ថាប័នជាតិសំខាន់ៗ ដើម្បីធានាការពារផលប្រយោជន៍ជាតិនិងផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ ដែលនៅចំពោះមុខអង្គសមាជបានសម្រេចទាមទារចំណុចសំខាន់ៗចំនួន ១០ចំណុច ដូចជា ១.ទាមទារឲ្យបង្កើតគណៈកម្មការស្វែងរកការពិតជូនម្ចាស់ឆ្នោតនិងផ្លាស់ប្តូរសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្នដែលសមាសភាពថ្មីត្រូវមានការឯកភាពពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា, ២.ទាមទារឲ្យមានតុល្យភាពអំណាចសភានិងទទួលស្គាល់គណបក្សប្រឆាំងដោយបង្កើតរាជរដ្ឋាភិបាលស្រមោល, ៣.ទាមទារឲ្យគណបក្សសង្គ្រោះជាតិទទួលបានអាជ្ញាប័ណ្ណវិទ្យុ ទូរទស្សន៍ហើយលុបចោលកិច្ចសន្យាដែលមានលក្ខណៈគាបសង្កត់ បិទសិទ្ធិសេរីភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ, ៤.បញ្ឈប់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចនិងពិនិត្យសើរើឡើងវិញនូវដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រទេសជាតិ, ៥.បញ្ឈប់ការកាប់បំផ្លាញព្រៃឈើដោយបង្កើតយន្តការត្រួតពិនិត្យដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព, ៦.ទាមទារឲ្យអនុវត្តច្បាប់អន្តោប្រវេសន្តឲ្យមានប្រសិទ្ធភាពដោយគ្មានការលើកលែង និងរើសអើង, ៧.បង្កើតគណៈកម្មការចម្រុះដែលមានសមាសភាពមកពីគណបក្សក្នុងរដ្ឋសភាដើម្បីត្រួតពិនិត្យឡើងវិញពីការបោះបង្គោលព្រំដែន,៨.ធ្វើវិសោធនកម្មនីតិវិធីឬធ្វើច្បាប់ឲ្យមានការបោះឆ្នោតជ្រើសរើសមេភូមិដោយផ្ទាល់ពីប្រជាពលរដ្ឋ, ៩.ប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា គ្រប់លំដាប់ថ្នាក់មិនត្រូវមានតួនាទីជាថ្នាក់ដឹកនាំរបស់គណបក្សនយោបាយនិង១០.ទាមទារឲ្យដោះលែងជាបន្ទាន់អ្នកជាប់ចោទ អ្នកជាប់ទោសមនសិការ នយោបាយសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មជនការពារព្រៃឈើ។បន្ទាប់ពីធ្វើសមាជមហាជននេះគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មលើកទី៣ នៅថ្ងៃទី២៣ខែតុលាខាងមុខនេះ ដោយប្រមូលស្នាមដៃរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតប្រមាណ៣លានស្នាមមេដៃធ្វើជាញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា១៩៩១ឲ្យជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ឲ្យស្របតាមកិច្ចព្រមព្រៀងនេះតាមរយៈតំណាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៕អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចុះផ្សាយថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៣។