-
គ.ជ.ប បន្ថែមពេល៣ថ្ងៃពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅខេត្តចំនួន១០ ដែលប៉ះពាល់ដោយទឹកជំនន់
- Issue Date 14-Oct-2013
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចបន្ថែមពេល៣ថ្ងៃសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងឈ្មោះបោះឆ្នោត នៅឃុំសង្កាត់ចំនួន២១១ ចំណុះឲ្យខេត្តចំនួន១០ ដែលប៉ះពាល់ដោយសារទឹកជំនន់។លិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញផ្សាយថ្ងៃទី១៤ ខែតុលានេះ ឲ្យដឹងថា មូលហេតុដែល គ.ជ.ប សម្រេចបន្ថែមពេលនេះ ដោយសារឃុំទាំងនោះ ប៉ះពាល់ដោយទឹកជំនន់ និងទឹកភ្លៀង ដែលធ្វើឲ្យកក់ស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ខេត្តចំនួន១០ដែល គ.ជ.ប សម្រេចពន្យារពេលនោះរួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កណ្ដាល ក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ។គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ មានរយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៣។ ចំពោះសង្កាត់ដែលបានបន្ថែមរយៈពេល ៣ថ្ងៃទៀតនោះគឺត្រូវបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣៕