-
គណបក្សសង្គ្រោះជាតិ ជម្រាបជូនសាលារាជធានីភ្នំពេញពីគម្រោង មហាបាតុកម្មនៅថ្ងៃទី២៣តុលា
- Issue Date 17-Oct-2013
គណបកសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់លិខិតទៅសាលារាធានីភ្នំពេញ ដើម្បីជម្រាបពីគម្រោងធ្វើមហាបាតុកម្មអហិង្សារយៈពេល៣ថ្ងៃ នៅទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងដាក់ញត្តិទៅអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍ពីលទ្ធផលបោះឆ្នោតនៅកម្ពុជា។លិខិតរបស់គណបក្សសង្គ្រោះជាតិ ផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី១៦ខែតុលា ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំបាតុកម្មអហិង្សា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែតុលា ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ។ លិខិតបន្តថា មហាបាតុកម្មនោះ គឺដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលគោរព និងអនុវត្តឲ្យពេញលេញ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធមនុស្ស។ក្នុងមហាបាតុកម្មនោះ គណកប្សសង្គ្រោះជាតិ នឹងដង្ហែក្បួនបាតុកម្មដោយសន្តិវិធី ដើម្បីយកញត្តិទៅដាក់នៅអង្គ ការ សហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា និងស្ថានទូតនានាប្រចាំកម្ពុជាដូចជា បារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូតអូស្ត្រាលី។ លិខិតរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងទៀតថា បន្ទាប់ពីមានការដង្ហែញ្ញត្តិ ក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ នឹងសម្ដែងមតិ សម្ដែងសិល្បៈ ច្រៀងនិងបញ្ចាំងខ្សែភាពយន្តឯកសារដោយការអង្គុយស្ងៀមស្ងាត់។គណបក្សសង្គ្រោះជាតិបញ្ជាក់ថា មហាបាតុកម្មនោះ នឹងមានអ្នកចូលរួមដល់ទៅរាប់ម៉ឺននាក់។កន្លងទៅ លោក សម រង្ស៊ី ធ្លាប់ព្រមានថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនគោរពតាមឆន្ទៈប្រជាពលរដ្ឋ លោកនឹងអំពាវនាវទៅកាន់កម្មកររោងចក្រ មន្ដ្រីរាជការ និងអាជីវករ ឲ្យពួកគាត់ឈប់ធ្វើការមួយថ្ងៃ ហើយនឹងធ្វើបាតុកម្មទូទាំង ប្រទេស។កាលពីថ្ងៃទី២៥ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ គឺលែងមានន័យហើយ ដោយសារលោក សម រង្ស៊ី ប្រធានគណបក្ស បានទទួលស្គាល់លទ្ធផលបោះឆ្នោត និងទទួលស្គាល់លោក ជានាយករដ្ឋមន្ត្រី រួចទៅហើយ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា វាគ្រប់គ្រាន់ហើយសម្រាប់បាតុកម្ម ព្រោះការតវ៉ានេះ ប៉ះពាល់ដល់សន្តិសុខ និងបង្កការលំបាកជាច្រើន។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវការការទទួលស្គាល់ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិទេ គឺគ្រាន់តែទទួលស្គាល់ដោយព្រះមហាក្សត្របានហើយ។គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មចំនួនពីរលើករួចមកហើយ គឺនៅថ្ងៃទី០៧ខែ កញ្ញា និងលើកទីពីរ កាលពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកញ្ញា។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣៕