-
CNRP ដាក់ញត្តិពលរដ្ឋជូនលោក បាន គីមូន ដើម្បីស្នើឲ្យដោះស្រាយបញ្ហាបោះឆ្នោតនៅកម្ពុជា
- Issue Date 23-Oct-2013
គណបក្សសង្គ្រោះជាតិ (CNRP) នៅរសៀលថ្ងៃពុធនេះ បានដង្ហែក្បួនដាក់ញត្តិទៅអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីឲ្យជួយស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងជំរុញឲ្យគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។លិខិតចុះហត្ថលេខាដោយលោក សម រង្ស៊ី និងលោក កឹម សុខា នៅថ្ងៃទី២៣ ខែតុលា អមដោយញត្តិមានស្នាមមេដៃប្រជាពលរដ្ឋជាង ២លាន ផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ មិនបានអនុវត្តតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានោះឡើយ ដែលជាហេតុធ្វើឲ្យមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ។លិខិតបន្តថា គណបក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលឯកបក្ស ដោយបានរំលោភរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងប្រាសចាកពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលត្រូវបានធានាដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសញ្ញាណមួយនាំប្រទេសកម្ពុជា ទៅរកការដឹកនាំដោយគណបក្សតែមួយសាជាថ្មី។គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សាចំនួន២លើកមកហើយ ដើម្បីទាមទាររកដំណោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតជូនម្ចាស់ឆ្នោត។ ប៉ុន្តែដោយសារមិនមានដំណោះស្រាយ គណបក្សប្រឆាំងសម្រេចធ្វើបាតុកម្មអហិង្សាលើកទី៣ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ដើម្បីសុំឲ្យអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយចំនួនទៀត ជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣៕