-
និស្សិតនិងសាស្ត្រាចារ្យប្រតិកម្មនឹងវិទ្យុអេប៊ីស៊ី ដែលអំពាវឲ្យកុំឲ្យនិយាយរឿងនយោបាយ
- Issue Date 25-Oct-2013
ក្រុមនិស្សិតនិងសាស្ត្រាចារ្យមួយចំនួន នៅតាមសាកលវិទ្យាល័យ ប្រតិកម្មចំពោះ ម្ចាស់វិទ្យុអេប៊ីស៊ី ដែលអំពាវនាវឲ្យនិស្សិត រាយការណ៍ទៅវិទ្យុនេះរបស់អាចារ្យអេភ្លាម ប្រសិនបើនិស្សិត ឬលោកគ្រូអ្នកគ្រូណានិយាយទាក់ទងនឹងរឿងនយោបាយ។បុគ្គលិកម្នាក់របស់ស្ថានីយវិទ្យុអេប៊ីស៊ី បាននិយាយក្នុងពេលផ្សាយកាលពីថ្ងៃទី២៤ ខែតុលានេះថាលោក សេង ប៊ុនវ៉េង ម្ចាស់ស្ថានីវិទ្យុអេប៊ីស៊ី ដែលមានឈ្មោះក្រៅអាចារ្យអេនោះ បានអំពាវនាវឲ្យសិស្សនិស្សិតទូរស័ព្ទមកកាន់ស្ថានីយវិទ្យុនេះ ប្រសិនបើមានគ្រូបង្រៀនណា បញ្ចេញទស្សនៈពាក់ព័ន្ធនឹងរឿងនយោបាយ ហើយអាចារ្យអេនឹងរាយការណ៍ទៅថ្នាក់លើដើម្បីត្រួតពិនិត្យ។និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា លោក ទុយ ស៊ីធាង មានប្រសាសន៍ថា ក្នុងនាមលោកជានិស្សិតមួយរូប លោកមិនគាំទ្រទៅនឹងការអំពាវនាវរបស់ម្ចាស់វិទ្យុអេប៊ីស៊ីនេះទេ ព្រោះប្រទេសកម្ពុជាកាន់របបលទ្ធិប្រជាធិបតេយ្យ។ ផ្ទុយទៅវិញលោកអំពាវនាវឲ្យក្រុមនិស្សិត ក៏ដូចជាយុវជនទាំងអស់ក្រោកឈរឡើង និងចូលរួមយល់ដឹងរឿងនយោបាយ ដើម្បីជួយប្រទេសជាតិ។និស្សិត ទុយ ស៊ីធាង ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការចំពោះស្ថានីយវិទ្យុណាដែលផ្សព្វផ្សាយ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះ។សាស្ត្រាចារ្យនៅសាកលវិទ្យាល័យខេមរៈ សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា សម្តីរបស់អាចារ្យអេ គឺមិនត្រឹមត្រូវទេ មានតែពួកកុម្មុយនីស្តទេ ដែលរាយការណ៍ទៅថ្នាក់លើបែបនេះ។ លោកសំណូមពរឲ្យក្រុមនិស្សិតទាំងអស់ ត្រូវសម្រេចចិត្តតាមឆន្ទៈរបស់ខ្លួន ព្រោះពួកគេជាសរសរទ្រូងប្រទេសជាតិ ដែលត្រូវចូលរួមក្នុងឆាកនយោបាយ។ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន មានប្រសាសន៍ថា មិនមានអ្វីចម្លែកទេដែលអាចារ្យអេ អំពាវនាវដដែលៗប្រឆាំងនឹងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនោះ ដោយលោកចាត់ទុកបុរសម្នាក់នេះថា ជាមនុស្សបំពុលសង្គម។ម្ចាស់ស្ថានីយវិទ្យុអេប៊ីស៊ីលោក សេង ប៊ុនវ៉េង ហៅអាចារ្យអេ មិនបានទទួលទូរស័ទ្ទទេ តែជំនួយការរបស់លោក ជាអ្នកទទួល អះអាងថា អាចារ្យអេមិននិយាយទូរស័ព្ទ។ ចំណែកបុគ្គលិកទាំងនោះ មិនហ៊ានបកស្រាយលើបញ្ហានេះទេ។ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជាតិ អាចារ្យអេ អត្ថាធិប្បាយតាមវិទ្យុរបស់ខ្លួនថា កងយោធពលខេមរភូមិន្ទនឹងធ្វើរដ្ឋប្រហារ ប្រសិនបើលោកសម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងឈ្នេះឆ្នោតនោះ។ ក្រោយមកគ.ជ.ប បានស្នើឲ្យក្រសួងព័ត៌មានផ្អាកការផ្សាយរបស់វិទ្យុនេះ។ ចំណែកគណបក្សសង្គ្រោះជាតិបានប្តឹងអាចារ្យអេ ពីបទព្រហ្មទណ្ឌទៅតុលាការ ប៉ុន្តែតុលាការមិនទាន់ចាត់ការបណ្តឹងនោះទេ។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣៕