-
NGOs៖ រដ្ឋាភិបាលខកខានមិនបានបញ្ជូន របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ទៅUN
- Issue Date 29-Oct-2013
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនានា ខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ដែលខកខានមិនបានផ្ញើរបាយការណ៍ ស្ដីអំពីសិទ្ធិមនុស្សនៅកម្ពុជា ជូនទៅអង្គការសហប្រជាជាតិ តាមកាលកំណត់ កាលពីថ្ងៃទី២៨តុលា។ក្រុមមន្ត្រីអង្គការទាំងនោះបញ្ជាក់ថា ការខកខាននេះអាចនាំឲ្យមានការរំលោភសិទ្ធិមនុស្សបន្តទៅទៀត ក្នុងពេលដែលកម្ពុជាកំពុងជាប់គាំងនយោបាយដូចសព្វថ្ងៃនេះ។ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន បានឲ្យដឹងនៅថ្ងៃទី២៩តុលាថា អង្គការមិនមែនរដ្ឋាភិបាលចង់ដឹងអំពីលទ្ធផលនៃរបាយការណ៍សំខាន់មួយ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលរដ្ឋាភិបាលនឹងត្រូវឡើងបកស្រាយចំពោះមុខអង្គការសហប្រជាជាតិ នៅខែមករាឆ្នាំ២០១៤ ខាងមុខនេះ។របាយការណ៍សំខាន់នោះ គឺជារបាយការណ៍ត្រួតពិនិត្យសិទ្ធិមនុស្សជាសកល និងទៀងទាត់ ដែលរដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវរាយការណ៍អំពីការគោរពសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួនជូនអង្គការសហប្រជាជាតិរៀងរាល់៤ឆ្នាំម្ដង។មន្ត្រីស៊ើបអង្កេតជាត់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការយឺតយ៉ាវ ដែលរដ្ឋាភិបាលមិនបានផ្ញើរបាយការណ៍សិទ្ធិមនុស្ស ទៅអង្គការសហប្រជាជាតិលើកនេះ ធ្វើឲ្យមតិជាតិ និងអន្តរជាតិមិនបានដឹងអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជាកន្លងមក ដែលគេតែងរិះគន់ថាមានសញ្ញាមិនល្អ។ចំណែកលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏យល់ដូចលោក អំ សំអាត ដែរ តែលោកថា បើទោះបីជារដ្ឋាភិបាលខកខានមិនបានបញ្ជូនរបាយការណ៍សិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិក្តី ខាងភាគីអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា និងភាគីអង្គការសហប្រជាជាតិក៏នឹងចេញរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដែរ នាដើមឆ្នាំ២០១៤ ខាងមុខនេះ។វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានទេ នៅថ្ងៃទី២៩ តុលា។ ក៏ប៉ុន្តែអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ ត្រូវបានកាសែត ឌឺខេមបូឌៀដែលី (The Cambodia Daily) ស្រង់សំដីថា មូលហេតុយឺតយ៉ាវដូច្នេះ គឺដោយសាររដ្ឋាភិបាលកម្ពុជាចង់ដាក់បញ្ចូលព័ត៌មាន នៃទស្សនវិស័យរបស់រដ្ឋាភិបាលស្ដីអំពីការកែទម្រង់បន្ថែមទៀត ក្នុងអាណត្តិនេះដូចជាការកែទម្រង់ប្រព័ន្ធតុលាការ និងយុត្តិធម៌ជាដើម។ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ភាគីអង្គការសហប្រជាជាតិ បានសុំឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការគោរពសិទ្ធិមនុស្សចំនួន៩១ចំណុច ក្នុងនោះសុំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការកែទម្រង់លើចំណុចសំខាន់មួយចំនួន ដែលជាហេតុធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចជា៖ សុំឲ្យកែទម្រង់ប្រពន្ធតុលាការ និងយុត្តិធម៌ កែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើកឲ្យមានសិទ្ធិសេរីភាពបញ្ចេញមតិ បញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅស្ថាន និងបញ្ឈប់ការរំលោភដីធ្លី ជាដើម។ ជាការឆ្លើយតបរដ្ឋាភិបាលបានរិះគន់ភាគីអង្គការសហប្រជាជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលតែងតែគាំទ្រអង្គការសហប្រជាជាតិនោះថា មានចេតនាធ្វើការបម្រើឲ្យបក្សប្រឆាំង៕អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣៕