-
អាជ្ញាធរស្រុកសែនមនោរម្យ ស្នើប្រជាពលរដ្ឋ លើកពីទុក្ខកង្វល់ ដើម្បីជួយដោះស្រាយ
- Issue Date 21-Nov-2013
អាជ្ញាធរមូលដ្ឋាននៅស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងតំបន់ លើកឡើងពីទុក្ខកង្វល់របស់ខ្លួន ដើម្បីផ្តល់ឱកាសឲ្យអាជ្ញាធរ រិះរកមធ្យោបាយជួយដោះស្រាយ។ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរីនៅក្រុង សែនមនោរម្យ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ដោយមានអ្នកចូលរួមពីពលរដ្ឋប្រមាណជា២០០នាក់មកពីស្រុកចំនួនពីរ គឺស្រុកអូររាំង និងស្រុកសែនមនោរម្យ។ក្រុមប្រឹក្សាខេត្តមណ្ឌគិរី លោក រ៉ាង ចាន់ មានប្រសាសន៍ថា វេទិកានេះ ធ្វើឡើងដើម្បីផ្តល់ឱកាស ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យក្លាហាន ហ៊ានបញ្ចេញមតិ និងប្រាប់ពីបញ្ហារបស់ខ្លួនសព្វថ្ងៃ ដូចជាបញ្ហាដីធ្លីជាដើម ទៅដល់អាជ្ញាធរមូលដ្ឋាន ដើម្បីជួយដោះស្រាយ ។កាលពីថ្ងៃទី២៥ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់មន្ត្រីក្រោមឱវាទនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង ដោយអំពាវនាវឲ្យមន្ត្រីគ្រប់ស្ថាប័ន ត្រូវធ្វើវេទិកាសាធារណៈ ចុះសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅតាមមូលដ្ឋាន ជាប្រចាំដើម្បីជាការជួយកាត់បន្ថយអំពើពុករលួយរបស់មន្ត្រីខិលខូចនៅតាមស្ថាប័ន។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣៕