-
កាសែតប្រឆាំងមួយត្រូវបានរដ្ឋាភិបាលប្រតិកម្ម
- Issue Date 28-Nov-2013
កាសែតមនសិការខ្មែរ ដែលរិះគន់រដ្ឋាភិបាល ត្រូវបានរដ្ឋាភិបាលប្រតិកម្មដាក់កំណត់ឲ្យឆ្លើយបំភ្លឺ ចំពោះអត្ថបទមួយដែលដកស្រង់ប្រសាសន៍ មេដឹកនាំគណបក្សសង្គ្រោះជាតិទៅផ្សាយ។ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មាន សមរភូមិនៃទីស្តីការគណរដ្ឋមន្ត្រី បានធ្វើលិខិតមួយទៅសារព័ត៌មានមនសិកាខ្មែរ ឲ្យបំភ្លឺលើអត្ថបទរបស់កាសែតមនសិការខ្មែរ ចេញផ្សាយថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលសរសេរ ចំណងជើងធំៗថា «កឹមសុខា៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបន្លំលទ្ធផលបោះឆ្នោត និងបញ្ជូនកម្លាំងប្រដាប់អាវុធមកឡោមព័ទ្ធភ្នំពេញ ប្លន់យកជ័យជំនះប្រជារាស្ត្រខ្មែរ»។ប៉ុន្តែចាងហ្វាងកាសែតមនសិការខ្មែរ លោក ដាំ សិទ្ធិ ដែលជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ អះអាងថា អ្វីដែលលោកសរសេរនោះ គឺយោងតាមប្រសាសន៍ លោក កឹម សុខា ដែលមានវីដេអូតាមហ្វេសប៊ុកទៀតផង ៖ “បាទខ្ញុំអត់មានអីបង្ហាញទៀតទេ ហើយបើអ្វីដែលលោក ផៃ ស៊ីផាន ហ្នឹងលោកចង់បានខ្ញុំឲ្យអស់ហើយទាំងវីដេអូ Clip ដែលខ្ញុំបានដកស្រង់ចេញពីហ្វេសប៊ុករបស់ឯកឧត្ដមអនុប្រធាន កឹម សុខា យកមករៀបចំជាអត្ថបទកាសែតដែលខ្ញុំបានចេញផ្សាយហ្នឹង” ។អនុប្រធាននៃអង្គភាពក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មាន សមរភូមិនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកគ្រាន់តែចង់ឲ្យកាសែតនេះបំភ្លឺតែប៉ុណ្ណោះ ដោយមិនដឹងថា ចំណងជើងអត្ថបទនោះ គេចង់មានន័យយ៉ាងណា? ៖ “អត់ទាន់មានទេ មិនមែនការបកស្រាយ គ្រាន់តែបំភ្លឺទេក្មួយ[អ្នកសម្ភាសន៍] បំភ្លឺថា ហ្នឹងជាភាសារបស់អ្នកណា តែប៉ុណ្ណឹង នៅក្នុងលិខិតនេះ គ្រាន់ចង់ឲ្យគាត់ឆ្លើយថា ពាក្យរបស់អ្នកណា ហើយអត្ថបទហ្នឹងមានបំណង់យ៉ាងម៉េច” ។លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោកមិនបាននិយាយចំៗដូចកាសែតមនសិការខ្មែរចុះផ្សាយទេ ហើយកាសែតនេះក៏មិនបានសម្ភាសន៍លោកបន្ថែមទៀតដែរ ៖ “ទីមួយខ្ញុំអត់ដែលបាននិយាយអំពីកងប្រដាប់អាវុធទេ ខ្ញុំនិយាយអំពីការលួចបន្លំសន្លឹកឆ្នោត ធម្មតា ដោយគ្មានការបង្ហាញការពិត រឿងបញ្ហាកងប្រដាប់អាវុធព័ទ្ធហ៊ុំព័ទ្ធអី នោះខ្ញុំអត់បាននិយាយទេ យើងនិយាយតែពីរឿងពេលបាតុកម្មហ្នឹង បដិសេធនៅអ្វីដែលគេថា ខ្ញុំអ្នកអាន” ។ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មាន សមរភូមិនៃទីស្តីការគណរដ្ឋមន្ត្រី បានផ្ញើលិខិតស្នើបំភ្លឺទៅកាសែតមនសិការខ្មែរ កាលថ្ងៃទី១៥ វិច្ឆិកា និងបានដាក់កំណត់ការបំភ្លឺអោយបានមុនថ្ងៃទី៣០ វិច្ឆិកានេះ។ចាងហ្វាងកាសែតមនសិការខ្មែរ អះអាងថា លោកបានបំភ្លឺភ្លាមៗតាមអ៊ីម៉ែល ដោយមានភ្ជាប់វីដេអូ ដែលលោក កឹម សុខា មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី។ចាងហ្វាងកាសែតមនសិការខ្មែរ លោក ដាំ សិទ្ធិ ធ្លាប់ជាប់ពន្ធនាគាររយៈខ្លី ដោយសារបណ្តឹងរបស់រដ្ឋាភិបាល ចំពោះអត្ថបទកាសែតនេះ នៅពេលដកស្រង់ប្រសាសន៍ លោក សម រង្ស៊ី ដែលថ្លែងថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣៕