-
CCHR សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ សិទ្ធិមនុស្សដំបូងគេនៅកម្ពុជា
- Issue Date 28-Nov-2013
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) នៅថ្ងៃព្រហស្បតិ៍នេះ សម្ពោធ “សិទ្ធិហាប់(Sithi Hub)” ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់សិទ្ធិមនុស្សដំបូងគេនៅកម្ពុជា ដើម្បីឲ្យអ្នកបង្កើតបច្ចេកវិទ្យាថ្មីៗ និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស ចែករំលែកគំនិត ផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងគ្នា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។សេចក្តីថ្លែងការណ៍របស់CCHR ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឲ្យដឹងថា “សិទ្ធិហាប់” ផ្តល់កន្លែងសម្រាប់សមាជិកសកម្មប្រមាណ១០០នាក់ ជាសិស្ស និស្សិត មន្ត្រីសិទ្ធិមនុស្ស បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលផ្សេងទៀត ដែលចាប់អារម្មណ៍វិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា(ICT) និងសិទ្ធិមនុស្ស ឲ្យធ្វើការរួមគ្នា ដើម្បីប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការពារវិស័យសិទ្ធិមនុស្ស។សេចក្តីថ្លែងការណ៍បន្តថា សមាជិក “សិទ្ធិហាប់” នឹងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលប្រចាំសប្តាហ៍ វេទិកា សិក្ខាសាលា ដែលទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ។សេចក្តីថ្លែងការណ៍ឲ្យដឹងថា “សិទ្ធិហាប់” មានទីតាំងនៅផ្ទះលេខ៦ ផ្លូវលេខ២៦៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបើកទ្វារ ៧ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង៨:00ព្រឹក ដល់ម៉ោង៥:៣០ល្ងាច។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣៕