• ការ​វិភាគ​ផ្នែក​ច្បាប់​ជុំ​វិញ​បទ​ចោទ​ប្រ​កាន់​អ្នក​ស្រី​​​​ ​យ៉ោម​ ​បុប្ផា​

    • កាលបរិច្ឆេទចេញផ្សាយ:
      ៧-សីហា-២០១៣

    ការ​វិភាគ​ផ្នែក​ច្បាប់​នេះ​ក្នុង​គោល​បំណង​៖ ​(១)​ ផ្តល់​ទិដ្ឋ​ភាព​អង្គ​ហេតុ​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​​ចាប់​ខ្លួន​រហូត​ដល់ការ​កាត់​ទោស​ ​(២)​វិភាគ​តាម​ដំ​ណាក់​កាល​ (៣)​ ធ្វើ​ការ​ពិនិត្យ​លើ​និតី​វិធី​តុលាការ​ (៤) ផ្តល់​ទិដ្ឋ​ភាព​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​ (៥)​ ធ្វើ​ការ​សន្និ​ដ្ឋាន​លើ​ការ​កាត់​ទោស​។​​​

  • តើអ្វីទៅជាការញុះញង់?

    • កាលបរិច្ឆេទចេញផ្សាយ:
      ៤-មិថុនា-២០១៣

    ​ ​​ការ​​​ញុះ​ញង់​ តាមន័យ​ធម្មតា ជាការ​បញ្ចូល​ចិត្ត​ឲ្យ​អ្នកណាម្នាក់​ធ្វើ​អ្វីមួយ ដើម្បី​ឲ្យ​បានសំរេច​គោលបំណង​ដែល​ខ្លួន​ចង់បាន ជាទូទៅ​ជា​គោលបំណង​អាក្រក់​។​​ក្នុងន័យ​ច្បាប់ ការ​ញុះញង់ គឺជា​ការផ្តើមគំនិត​ឲ្យ​អ្នក​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ឬ បទមជ្ឈិម​។ ដូច្នេះ អ្នក​ញុះញង់​មិន​ប្រព្រឹត្តិ​បទល្មើស​នោះ​ដោយ​ខ្លួនឯង​ទេ តែ​គាត់​ជា​ម្ចាស់​គំនិត ម្ចាស់​ប្រាជ្ញា​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​នេះ​។ គេ​ហៅ​អ្នក​ញុះញង់​ថា​ជា​”​ចារី​ខាង​បញ្ញា​” រីឯ​អ្នកប្រព្រឹត្ត​ជា​”​ចារី​ខាង​អំពើ​”​។ ក្នុង​ប្រព័ន្ធ​ច្បាប់​បារាំង ក៏ដូចជា​ប្រព័ន្ធ​ច្បាប់​ខ្មែរ គេ​ចាត់ទុក​អ្នក​ញុះញង់​ជា​អ្នកសមគំនិត មិនមែនជា​ចារី​ទេ​។​​ដោយសារ​បទល្មើស​ព្រហ្មទណ្ឌ​ទាមទារ​ឲ្យ​មាន​អំពើ​(​ធាតុ​ផ្សំ​សត្យានុម័ត​) ហើយ​អ្នក​ញុះញង់​មិនបាន​ប្រព្រឹត្ត​អំពើ​ដោយផ្ទាល់ ដូច្នេះ គេ​មិនអាច​ចាត់ទុក​អ្នក​ញុះញង់​ជា​ជន​ប្រព្រឹត្ត​បទល្មើស​ទេ ក៏ប៉ុន្តែ ច្បាប់​ចាប់​ឲ្យ​អ្នក​ញុះញង់​ទទួលខុសត្រូវ​ដូចជា​ជន​ប្រព្រឹត្ត​ដែរ​។ មានន័យថា បើ​ជន​ប្រព្រឹត្ត​មានទោស អ្នក​ញុះញង់​ក៏មាន​ទោស​ដែរ​។ ​ឧទាហរណ៍ បើ ក ញុះញង់​ឲ្យ ខ ទៅ​ប្លន់​ទ្រព្យសម្បត្តិ​អ្នកដទៃ បើ ខ ប្លន់​បាន នោះ ក ក៏​ទទួលខុសត្រូវ​ខាង​បទ​ព្រហ្មទណ្ឌ​ដូច ខ ដែរ​។​​ឧ​ទា​រហ​រណ៍​មួយទៀត បើ ក ញុះញង់​ឲ្យ ខ ទៅ​កាប់​ព្រៃឈើ​ក្នុងព្រៃ​ការពារ តែ ខ មិនបាន​ទៅ​កាប់ នោះ ក ក៏​គ្មាន​ទោស​អ្វី​ដែរ ព្រោះ ខ គ្មាន​ទោស​ពីបទ​កាប់​ព្រៃ​ខុសច្បាប់​។​​ឧទាហរណ៍​មួយទៀត បើ ក ផ្តើមគំនិត​ឲ្យ ខ ទៅធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់ខែ ខ បាន​នាំ​បាតុករ​ដទៃទៀត​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​តាម​ការណែនាំ​របស់ ក នោះ ក គ្មាន​ទទួលខុសត្រូវ​ពីបទ​ល្មើស​អ្វី​ទេ ព្រោះថា​ការធ្វើ​បាតុកម្ម​មិនមែនជា​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ទាំងអស់​។​ត្រូវ​ចាត់ទុកជា​អ្នកផ្តើមគំនិត​ក្នុង​បទឧក្រិដ្ឋ​ឬ បទមជ្ឈិម ចំពោះ​បុគ្គល​ណា​ដែល ៖១.​ ​ជំរុញ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ បទ​ប​ជ្ឈិ​ម​តាម​ការណែនាំ ឬ ការបញ្ជា​។​២.​ ​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ ឬ បទមជ្ឈិម​នោះ ដោយ​ផ្តល់​អំណោយ ដោយ​ការសន្យា ឬ​ការគំរាមកំហែង ការ​ញុះញង់ ការ​លួងលោម ឬក៏​ដោយ​ការរំលោភ​អាជ្ញា ឬ អំណាច​របស់ខ្លួន​។​​អ្នកផ្តើមគំនិត​នឹងត្រូវ​អាច​ផ្តន្ទាទោស​បាន​លុះត្រាតែ​បទឧក្រិដ្ឋ ឬ បទមជ្ឈិម​ត្រូវបាន​សម្រេច ឬ ប៉ុនប៉ង​។​​អ្នកផ្តើមគំនិត​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ត្រូវ​ផ្តន្ទាទោស​ដូចគ្នា​នឹង​ចារី​ដែរ​៕ តប​តាម​មាត្រា​២៨​ខាង​លើបាន​បញ្ជាក់​ថា​ អ្នក​ផ្តើម​គំ​និត​ ​គឺ​ជា​ម្ចាស់​ប្រាជ្ញា​ ​ម្ចាស់​គំ​និត​ដែលញុះញង់ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​បទ​ល្មើស​ ហើយ​អ្នក​ផ្តើម​គំនិត​​ប្រាប់​​ទៅ​អ្នក​ប្រព្រឹត្ត​ជា​សម្ងាត់​ពោល​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ជន​ប្រព្រឹត្ត​បាន​​ដឹង​ទេ​។​និយមន័យនៃអំពើញុះញង់មាត្រា៤៩៤​៖ លក្ខណ្ឌអត្ថិភាពនៃការញុះញង់ ដើម្បើអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖១. ដោយសម្ដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅតាមទីកន្លែងសាធារណៈ​ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។២. ដោយសំណេរ ឬគំនូរតាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬ តាំងឲ្យសាធារណជនមើល។៣. ដោយគ្រប់មធ្យោបាយទូរគមនាគន៍សោតទស្សន៍សម្រាប់សាធារណជន៕តាមន័យច្បាប់នៃមាត្រា៤៩៤ខាងលើបានបញ្ជាក់ថា អំពើនៃការញុះញង់គឺជាការផ្តើមគំនិតឳ្យអ្នកណាម្នាក់ ឬច្រើននាក់ប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌណាមួយ។ ដូច្នេះអ្នកញុះញង់មិនបានចូលរួមប្រព្រឹត្តបទល្មើសដោយខ្លួនឯងផ្ទាល់ដៃទេ​ តែគាត់គ្រាន់តែជាម្ចាល់គំនិត ម្ចាស់ប្រាជ្ញា ដែលផ្តល់ ឬបង្គាប់បញ្ជាដល់អ្នកដទៃឳ្យប្រព្រឹត្តបទល្មើសប៉ុណ្ណោះ ហើយ​អ្នក​ញុះញង់​ប្រើប្រាស់​តាម​គ្រប់​មធ្យោយ​បាយ​ទាំង​អស់ដែលមានចែងក្នុងមាត្រ៤៩៤ ខាងលើ ពោលគឺជាសាធារណៈមិនលាក់លៀមចំពោះអ្នកណាទេ។ និយាយជារួម អ្នកផ្តើមគំនិត​(មាត្រា២៨) និង លក្ខណ្ឌអត្ថិភាពនៃការញុះញង់​ (មាត្រា៤៩៤) ត្រូវចាត់ទុកជាអំពើញុះញង់ដូចគ្នា​ ភាពខុសគ្នាត្រង់ថា អ្នកផ្តើមគំនិត(មាត្រ២៨) ធ្វើសម្មភាពដោយសង្ងាត់ ចំណែកឯលក្ខណ្ឌអត្ថិភាពនៃការញុះញង់(មាត្រា៤៩៤)សម្តែង​ចេញ​ជា​សាធារណៈ​៕​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទទួលខុសត្រូវ​ពីរ​ការ​ញុះញង់​?​យោងតាម​មាត្រា ២៨ និង​ មាត្រា៤៩៤ ខាងលើ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​ទទួលខុសត្រូវ​ពី​កា​រញុះ​ញ​ង់ ត្រូវមាន​កត្តាចាំបាច់​ជាមុន និង កត្តា​បន្ទាប់​។​​កត្តាចាំបាច់​ជាមុន​៖ មុននឹង​បែរមុខ​ឆ្ពោះទៅរក​អ្នក​ញុះញង់ គេ​ត្រូវ​រក​ឲ្យ​ឃើញ​អ្នកប្រព្រឹត្ត​ផ្ទាល់​សិន មានន័យថា (១) តើ​អ្នកប្រព្រឹត្ត​បទល្មើស​បាន​ប្រព្រឹត្ត ឬ ប៉ុនប៉ង​ប្រព្រឹត្ត​ដែរឬទេ (២) ប្រព្រឹត្ត​បទល្មើស​អ្វី និង (៣) បទល្មើស​ដែល​ចោទឡើង​នោះ​មានចែង​នៅក្នុង​ច្បាប់​ដែរឬទេ​។ ឧទាហរណ៍ មុននឹង​ចោទ​លោក ក ជា​អ្នក​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​បំផ្លាញ​ព្រៃឈើ គេ​ត្រូវ​ដឹង​ឲ្យ​ប្រាកដ​ជាមុន​ថា (១) មាន​មនុស្ស​បាន​កាប់​ព្រៃឈើ​ដែរឬទេ ឬ​ដើមឈើ​នោះ​រលំ​ខ្លួនឯង (២) បើ​មាន តើ​ឈើ​នោះ​ជា​ឈើ​ដែល​ត្រូវ​ហាមឃាត់ ឬ​ជា​ឈើ​ដែល​អនុញ្ញាត​ឲ្យ​យក​ប្រើ​ជា​អនុផល​ព្រៃឈើ និង (៣) បើជា​ឈើ​ត្រូវ​ហាមឃាត់ តើ​មាត្រា​ណា​នៃ​ច្បាប់​ណា​ដែល​ហាមឃាត់​។ កត្តាចាំបាច់​ជាមុន​នេះ ជា​កត្តា​នីត្យានុកូល​។​​កត្តា​បន្ទាប់​៖ គេ​ត្រូវ​កំណត់​ពី​ទំនាក់ទំនង​រវាង​អ្នកប្រព្រឹត្ត​ផ្ទាល់ និង អ្នក​ដែល​គេ​ចោទថា​បាន​ញុះញង់​។ តើ​មនុស្ស​ដែល​ត្រូវបាន​ចោទថា​ញុះញង់​នោះ បានធ្វើ​អ្វីខ្លះ​ដល់​អ្នកប្រព្រឹត្ត​ផ្ទាល់ ទាក់ទង​នឹង​ការប្រព្រឹត្ត​ផ្ទាល់​នោះ​?​។ ឧទាហរណ៍ ក ជា​មនុស្ស​ដែល​គេ​ចោទថា​បាន​ញុះញង់​ឲ្យ ខ កាប់​ព្រៃឈើ​ហាមឃាត់​។ សំណួរ​ត្រូវ​សួរថា តើ ខ ដែល​កាប់​ព្រៃឈើ​ហាមឃាត់​នោះ (១) គាត់​កាប់​ដោយសារ ក ញ៉ាំង​គាត់​ឲ្យ​ទៅ​កាប់ ឬ (២) គាត់​ស្តាប់​ពាក្យ​របស់ ក មិន​យល់​ហើយក៏​ទៅ​កាប់ ឬ (៣) គាត់​កាប់​ដោយ​ចិត្ត​ឯង​?​។ ខ ត្រូវតែ​បាន​រង​អំពើ​ញុះញង់​មួយ​ពី ក ។ ​តើ​អំពើ​អ្វីខ្លះ​ដែល​ហៅថា​ញុះញង់​?​តាម​មាត្រា ២៨ ខាងលើ មាន​អំពើ​ពីរ​ដែល​ចាត់ទុក​ជាការ​ញុះញង់​៖១.​ ​ការណែនាំ (​បារាំង​ហៅថា Instruction)២.​ ​ការបង្ក (​បារាំង​ហៅថា Provocation) ១.​ ​ការណែនាំ​​អ្នក​ដែល​ត្រូវ​ចោទថា​បាន​ញុះញង់​នោះបាន​ឲ្យ​ការណែនាំ ឬ បាន​បញ្ជា​ដល់​អ្នកប្រព្រឹត្ត​ផ្ទាល់​។ អ្នកនេះ​ជា​អ្នកផ្តល់​ពត៌មាន​ដល់​អ្នកប្រព្រឹត្ត​ផ្ទាល់​ដូចជា ពី​របៀប​ប្រព្រឹត្ត ពី ពត៌មាន​នៃ​គោលដៅ​ដែលជា​កម្មវត្ថុ​នៃ​ការប្រព្រឹត្ត​(​ឧទាហរណ៍ ក្នុងករណី​លួច ប្រាប់​ពី​កន្លែង​ទុក​របស់ ម្ចាស់​ចេញពីផ្ទះ​នៅ​ម៉ោង​ប៉ុន្មាន​) និយាយ​រួម​អ្នកនោះ​ប្រាប់​ពី​ពត៌មាន​ដើម្បី​សំរួល​ដល់​ការប្រព្រឹត្ត​ផ្ទាល់​នោះ​។ និយាយ​រួម​អ្នក​ញុះញង់​ដោយ​ការណែនាំ គឺជា​មេ​ប្រាជ្ញា ជា​អ្នកផ្តល់​ប្រាជ្ញា​ឲ្យ​អ្នកប្រព្រឹត្ត​ផ្ទាល់​ឬ​ចារី​អាច​ប្រព្រឹត្ត​បទល្មើស​មួយ​បាន​។​ ២.​ ​ការបង្ក​​ដើម្បី​ឲ្យ​ការ​ញុះញង់​ដោយ​ការបង្ក​រង​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ ការបង្ក​នោះ​ត្រូវបំពេញ​លក្ខ​ខ័​ណ្ឌ​បី​គឺ (១) ការបង្ក​នោះ​ត្រូវធ្វើ​ដោយផ្ទាល់ មានន័យថា គំនិត​ធ្វើ​បទល្មើស​ត្រូវតែ​បញ្ជា​ក់ដោយ​ច្បាស់​គ្មាន​ព្រលាំ​ដោយ​អ្នកបង្ក (២) ការបង្ក​ត្រូវតែមាន​លក្ខណៈ​ជា​ឯក​ត្ត​ភូត មានន័យថា​សំដៅ​ទៅលើ​បុគ្គល​ណា​ជាក់លាក់ មិនមែន​បង្ក​មនុស្ស​ទូទៅ​មិនដឹង​មុខ​នោះទេ និង (៣) ការបង្ក​ត្រូវតែមាន​ទម្ងន់​ជម្រុញ តាម​មធ្យោបាយ​ណាមួយ​ដែល​រៀបរាប់​ក្នុង​មាត្រា ២៨.២ ដូចជា ការផ្តល់​អំណោយ ការសន្យា ការគំរាមកំហែង ការ​ញុះញង់ ការ​លួងលោម ឬ​ការរំលោភ​អាជ្ញា ឬ អំណាច​។ ​ការបង្ក​មិនសូវ​ទាក់ទង​នឹង​ការផ្តល់​គំនិត​ដល់​ជន​ប្រព្រឹត្ត​ផ្ទាល់​ប៉ុន្មាន​ទេ ប៉ុន្តែ វា​ជាការ​អន្ទង​ចិត្ត ជា​នុយ​សំរាប់​អូសទាញ​ឲ្យ​អ្នកប្រព្រឹត្ត​ផ្ទាល់​មានទឹក​ចិត្តនឹង​ប្រព្រឹត្ត​។ អំពើ​ទាំងនេះ​មានដូចជា​ផ្តល់​អំណោយ ការសន្យា​នឹង​ឲ្យ​អ្វីមួយ ការ​លួងលោម បើ​ជន​ម្នាក់ទៀត​មិនមាន​ចេតនា​ខ្លួនឯង​ដើម្បី​បង្កើត​ផែនការ​ប្រព្រឹត្ត​បទល្មើស​មួយ​ទេនោះ​។ ​ឧទាហរណ៍ ក ចង់​បំផ្លាញ​ផ្ទះ​លោក ផ តែ​មិន​ហ៊ាន​ចេញមុខ​ធ្វើ​ខ្លួនឯង ក ក៏​បញ្ចុះ ប​ញ្ជូ​ល​ឲ្យ ខ ទៅ​ដុត​ផ្ទះ​នោះ​ចោល​ដោយ​សន្យាថា​នឹង​ឲ្យ​ប្រាក់​មួយចំនួន ឬក៏​បញ្ជោ ខ ឲ្យ ដុត​។​​ការបង្ក​ខ្លះទៀត​មាន​លក្ខណៈ​ជាការ​គាបសង្កត់​ផ្លូវចិត្ត ឬ​ផ្លូវកាយ​លើ​អ្នក​ដែល​គ្មាន​គំនិត​ជាមុន​ថា​នឹង​ប្រព្រឹត្ត​បទល្មើស​ណាមួយ​។ អំពើ​ទាំងនេះ​រួមមាន ការគំរាមកំហែង ការរំលោភ​អាជ្ញា ឬ អំណាច​របស់​អ្នកផ្តើមគំនិត​។​​ឧទាហរណ៍​នៃ​ការគំរាមកំហែង​មានដូចជា មនុស្ស​ឈ្មោះ ក ទូរស័ព្ទ​ទៅ ខ ហើយ​ប្រាប់ថា ថាបើ​លោក ខ ឈប់​លក់​គ្រឿងញៀន​ឲ្យ​ខ្លួន ខ្លួន​នឹង​សម្លាប់​កូន​របស់ ខ​។ ឧទាហរណ៍​មួយទៀត​ទាក់ទង​នឹង​ការរំលោភ​អំណាច​គឺ លោក ក ជា​ប្រធាន​មន្ទីរ​ដឹកជញ្ជូន​មួយ ហើយ​បាន​ប្រើ​អ្នកបើកបរ​របស់គាត់​ឲ្យ​ដឹកទំនិញ​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ទំនិញ​ខុសច្បាប់​។ អ្នកបើកបរ​មិន​ហ៊ាន​ប្រកែក ព្រោះ​ខ្លាច​ប្រធាន​បញ្ឈប់​ពី​ការងារ​។ ក្នុងករណីនេះ លោក ក ជា​អ្នកផ្តើមគំនិត​ឲ្យ​ប្រព្រឹត្ត​បទល្មើស ដោយ​បំពាន​អាជ្ញា​ឬ​អំណាច​របស់ខ្លួន ព្រោះ តាមផ្លូវ​ច្បាប់ គាត់​គ្មាន​អំណាច​ប្រើ​បុគ្គលិក​របស់ខ្លួន​ហួស​ពី​រង្វង់​ការងារ​របស់​ក្រសួង​ទេ​។​​ខាងលើ​ដែល​បាន​ពោល​មកនេះ​ជាការ​រៀបរាប់​ពី​អំពើ​ឬ​ទង្វើ​អ្វីខ្លះ​ដែល​ហៅថា​ជា​អំពើ​ញុះញង់​។ ដើម្បី​ឲ្យ​អ្នក​ញុះញង់​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​ម្នាក់ទៀត តើ​អ្នក​ញុះញង់​នោះ​ត្រូវមាន​ចេតនា​ប្រព្រឹត្ត​បទល្មើស​ដែរឬទេ​?​អ្នក​ញុះញង់​ត្រូវមាន​ចេតនា តែ​មិនមែន​ចេតនា​ប្រព្រឹត្ត​ទេ តែ​ជា​ចេតនា​ចូលរួម​ក្នុងការ​ប្រព្រឹត្ត​។ នៅក្នុង​បទល្មើស​មួយ​ដែល​បាន​ចោទប្រកាន់ អ្នក​ញុះញង់​មិនបាន​បញ្ចេញ​អំពើ​ជា​សត្យានុម័ត​ណាមួយ​ដែលជា​ធាតុ​ផ្សំ​នៃ​បទល្មើស​នោះទេ ប៉ុន្តែ​គាត់​បានធ្វើ​សហប្រតិបត្តិការ​ជាមួយនឹង​អ្នកប្រព្រឹត្ត​ផ្ទាល់​។ គាត់​រួមចំណែក​ជា​ចេតនា នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់​នោះ​។​​នៅក្នុង​ការ​ញុះញង់​ដោយ​ការណែនាំ​ឬ​ការបញ្ជា បើតាម​យុត្តិសាស្ត្រ​បារាំង ចេតនា​របស់​អ្នក​ញុះញង់​គឺ គាត់​ផ្តល់​”​ការណែនាំ​ក្នុង​គោលបំណង​ឲ្យ​[​មនុស្ស​ម្នាក់ទៀត​]​ធ្វើ​សកម្មភាព​មួយ​ដែល​ចាត់​ចូល​ជា​បទឧក្រិដ្ឋ​ឬ​មជ្ឈិម​”​។​​ការធ្វេសប្រហែស​របស់​លោក ក នៅក្នុង​ការនិយាយស្តី ដោយ​គាត់​និយាយ​ទៅ​លោក ខ ហើយ​លោ​កខ យល់ច្រឡំ​ថា​លោក ក ចង់​មានន័យថា​ឲ្យ​ខ្លួន (​លោក ខ​) ប្រព្រឹត្ត​បទល្មើស​មួយ មិនអាច​ចាត់ទុកថា​គាត់​មាន​ចេតនា​ផ្តល់​ការណែនាំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ទេ​។​​ឧទាហរណ៍ មនុស្ស​ម្នាក់​បានមក​ខ្ចី​ពូថៅ​ពី​លោក ក ថា​យកទៅ​កាប់​ឧស តែ​ផ្ទុយទៅវិញ មនុស្ស​នោះ​យក​ពូថៅ​នោះ​ទៅ​កាប់​មនុស្ស​ដែល​ខ្លួន​បាន​គុំ​ពីមុនមក​។ ម្ចាស់​ពូថៅ​នេះ​គ្មាន​ចេតនា​ចូលរួម​ក្នុងការ​កាប់​នេះ​ទេ គាត់​មិនដឹងថា​ពូថៅ​នេះ​ត្រូវបាន​គេ​យកទៅ​ប្រើ​ដូច្នេះ​ទេ​។ គាត់​មិនបាន​រួមចំណែក​ដល់​អំពើ​កាប់​នេះ​ទេ​។​​ដូចគ្នា​នឹង​ការ​ញុះញង់​ដោយ​ការណែនាំ​ឬ​បញ្ជា​ដែរ ការ​ញុះញង់​ដោយ​ការបង្ក​ទាមទារ​ឲ្យ​មាន​ចេតនា​ចូលរួម​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​។ អ្នកបង្ក​ត្រូវតែ​ដឹងថា អ្វីដែល​ខ្លួន​បង្ក​នោះ នឹង​ជំរុញ​ឬ អន្ទង​ឲ្យ​មនុស្ស​ម្នាក់ទៀត​ប្រព្រឹត្ត​បទល្មើស​។ ការធ្វេសប្រហែស​ក្នុងការ​បញ្ចេញ​គំនិត​ពីបទ​ល្មើស មិន​ចាត់ទុកជា​ចេតនា​ចូលរួម​ក្នុងការ​ប្រព្រឹត្ត​ទេ​។​​ធម្មតា​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ពី​មនុស្ស​មួយ​ទៅ​មនុស្ស​មួយទៀត គំនិត​ចេញពី​មនុស្ស​ទីមួយ​ទៅកាន់​មនុស្ស​ទី​ពីរ​មិនមែន​ត្រូវ​បានទទួល​ដូច​គេ​ផ្តិត​នោះទេ​។ បើ​គំនិត​ដើម​ត្រូវបាន​ក្រ​ឡៃ​ដោយ​អ្នកប្រព្រឹត្ត​ផ្ទាល់ ឬ អ្នកប្រព្រឹត្ត​ផ្ទាល់​យល់​គំនិត​ដើម​មិន​ច្បាស់ ហើយ​យកគំនិត​នោះ​ទៅ​ប្រព្រឹត្ត​បទល្មើស តើ​មនុស្ស​ទីមួយ​ត្រូវ​ទទួលទោស​ដែរឬទេ​?​ដូច​បានឃើញ​នៅ​ខាងលើ​ស្រាប់ ចេតនា​របស់​អ្នក​ដែល​ជាប់ចោទ​ពី​ការ​ញុះញង់ ត្រូវ​សំដែង​ដោយ​ការផ្តល់​ជា​ពត៌មាន​សំរាប់​យកទៅ​ប្រព្រឹត្ត​បទល្មើស (​ការ​ញុះញង់​ដោយ​ការណែនាំ​) ឬ​ដោយ​ការបង្ក​តាមរយៈ​មធ្យោបាយ​នានា​ដែល​ប្រើ​ជា​ទម្ងន់​ជំរុញ​ការប្រព្រឹត្ត​បទល្មើស ដូច្នេះ បើ​គំនិត​ដើម​មិន​មានន័យ​ឲ្យ​ប្រព្រឹត្ត​បទល្មើស តែបើ​អ្នក​ទី​ពីរ​យកគំនិត​នោះ​ទៅប្រើ​ខុស ឬ​យល់​ខុស​គំនិត​ដើម​ដែល​និយាយ​អ​ញ្ចេះ ហើយ​យកទៅអនុវត្ត​ផ្សេង នោះ​មនុស្ស​ទីមួយ​មិន​ជាប់ទាក់ទង​នឹង​ការ​ញុះញង់​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ទេ​។​​ដើម្បី​ឲ្យ​អ្នកជាប់ចោទ​ពី​ការ​ញុះញង់​ទទួលទោស​បាន ការសំដែង​គំនិត​របស់​ជន​នោះ​ត្រូវតែ​បានធ្វើ​ដោយ​ជាក់ច្បាស់ មិនមែន​ល្វឹងល្វើយ​មិន​ច្បាស់​ថា​ជា​អ្វី​ប្រាកដ​នោះទេ​។ នៅក្នុង​ញុះញង់​ដោយ​ការណែនាំ ការសំដែង​គំនិត​ណែនាំ​ត្រូវតែ​ជាក់ច្បាស់ មាន​លក្ខណៈ​សំរួល​ដល់​ការអនុវត្ត​គំនិត​ដើម្បី​ប្រព្រឹត្ត​បទល្មើស ឬ​មាន​លក្ខណៈ​ឲ្យ​អនុវត្ត​កើត​នូវ​គំនិត​ដើម្បី​ប្រព្រឹត្ត​បទល្មើស​។​​ឧទាហរណ៍ នៅក្នុង​រឿងក្តី​នៅ​ប្រទេស​បារាំង ការផ្តល់​ពត៌មាន​ពី​ម៉ោង​ពេល​ជាក់លាក់​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​ចូល​លួច​ផ្ទះ​នោះ ជាការ​ញុះញង់​ដោយ​ការណែនាំ និង​ត្រូវ​ទទួលទោស​។ ប៉ុន្តែ ការណែនាំ​ឲ្យ​ទៅ​សម្លាប់​មនុស្ស​ឈ្មោះ ក តែ​អ្នកប្រព្រឹត្ត​ផ្ទាល់​មិន​ទៅ​សម្លាប់​ឈ្មោះ ក ទេ តែ​បែ​ទៅ​សម្លាប់​ឈ្មោះ ខ ដោយ​ឆន្ទៈ​របស់ខ្លួន​ផ្ទាល់ ការ​នេះ​មិន​នាំ​ឲ្យ​អ្នក​ណែនាំ​ទទួលទោស​ទេ​។ ​តើ​ការ​ញុះញង់​ទាមទារ​ឲ្យ​មាន​លទ្ធផល​នៃ​ការ​ញុះញង់​ដែរឬទេ​?​ដើម្បី​ដាក់ទោស​អ្នកជាប់ចោទ​ពី​ការ​ញុះញង់​បាន គេ​ត្រូវ​ក្រឡេក​ទៅ​មើល​លទ្ធផល​នៃ​ការប្រព្រឹត្ត​របស់​ជន​ប្រព្រឹត្ត​ផ្ទាល់ ឬ ចារី​។ ចារី​ត្រូវបាន​សម្រេចការ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ឬ មជ្ឈិម​របស់ខ្លួន ឬ​យ៉ាងហោចណាស់​ក៏បាន​ប៉ុនប៉ង​ប្រព្រឹត្ត​ដែរ​។​​ឧទាហរណ៍​នៃ​ការប្រព្រឹត្ត​បទល្មើស​បានសំរេច​មាន​នៅក្នុង​ករណី ដែល​ឈ្មោះ ក បាន​សន្យា​ឲ្យ​រង្វាន់​ជា​ប្រាក់ ៥០០,០០០ រៀល​ដល់​ឈ្មោះ ខ ដើម្បី​ឲ្យ ខ លួច​ដុត​តូប​លក់ទំនិញ​ដែល​នៅ​ជិតខាង​ខ្លួន​។ ខ បាន​ដុត​តូប​នោះ​ឆេះ​អស់​។ ខ បាន​ប្រព្រឹត្ត​សំរេច​នូវ​បទល្មើស​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​អ្នកដទៃ​ស្របតាម​មាត្រា ៤១៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ ក ត្រូវ​មានទោស​ពីបទ​ញុះញង់ ឬ ផ្តើមគំនិត​ឲ្យ​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម​នេះ​។​​ជួនកាល​ចារី​បាន​អនុវត្ត​គំនិត​របស់​អ្នក​ញុះញង់ តែ​មិនបាន​សំរេចការ​ប្រព្រឹត្ត​បទល្មើស​ទេ ដោយបាន​ត្រឹម​ប៉ុនប៉ង​។ ឧទាហរណ៍ ដូចជា​ក្នុងករណី​ខាងលើ ខ ត្រូវ​ម្ចាស់​តូប​ឃើញ​ទាន់​មុនពេល​ដក​ដែកកេះ​ដុត​សាំង​ដែល​ខ្លួន​បាន​ចាក់​ដាក់​តូប​រួចហើយ ហើយ​ម្ចាស់​តូប​ស្រែក​ឡូឡា រួច ក ក៏​រត់គេចខ្លួន​។ ក មានទោស​ពី​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ ស្របតាម​មាត្រា ៤២១ នៃ​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ ខ ក៏មាន​ទោស​ពីបទ​ញុះញង់​(​ផ្តើមគំនិត​) ឲ្យ​មានការ​ប៉ុនប៉ង​ប្រព្រឹត្ត​ការបំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ​ដែរ​។​​នៅពេលដែល​ការអនុវត្ត​គំនិត​នៃ​ការ​ញុះញង់ បានត្រឹមតែ​ឲ្យ​ចារី​ត្រៀមលក្ខណៈ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ តើ​អ្នក​ញុះញង់ ឬ​អ្នកផ្តើមគំនិត​ត្រូវ​មានទោស​ដែរឬទេ​?​ក្រមព្រហ្មទណ្ឌ​ដាក់ទោស​អ្នក​ញុះញង់ តែ​ក្នុងករណី​ចារី​ប៉ុនប៉ង​ប្រព្រឹត្ត​តែប៉ុណ្ណោះ តែ​មិន​ដាក់ទោស​ក្នុងករណី​ចារី​ត្រៀម​ប្រព្រឹត្ត​ទេ​។ នេះ​ដោយសារតែ​ច្បាប់​មិន​ដាក់ទោស​ការត្រៀម​ប្រព្រឹត្ត​។ មាត្រា ២៧ កថា​ខ័​ណ្ឌ​ទី ៤ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា​៖​អំពើ​ត្រៀម​ម​ប្រុង​ដែល​ពុំមាន​គោលបំណង​ដោយផ្ទាល់ ដើម្បី​ប្រព្រឹត្ត​បទល្មើស មិនមែនជា​ការចាប់ផ្តើម​អនុវត្ត​ទេ​។​​មាត្រា ២៧ ដដែល​ត្រង់​កថា​ខ័​ណ្ឌ​ទី ១ និង ទី ២ ចែងថា​៖​ការប៉ុនប៉ង​...​អាច​ត្រូវ​ផ្តន្ទាទោស​បាន​កាលណា​...​ចារី​បានចាប់ផ្តើម​អនុវត្ត​បទល្មើស មានន័យថា ចារី​បាន​ប្រព្រឹត្ត​អំពើ​ដែលមាន​គោលបំណង​ដោយផ្ទាល់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​...​ដូច្នេះ ការត្រៀម​បម្រុង ខុសពី​ការប៉ុនប៉ង​។ ការប៉ុនប៉ង​បានធ្វើ​ឲ្យ​គំនិត​នៃ​ការធ្វើ​បទល្មើស​មាន​លក្ខណៈ​ច្បាស់​មិន​ស្រពិចស្រពិល មានន័យថា លទ្ធផល​និង​អំពើ​នៃ​ការប្រព្រឹត្ត​មាន​ទំនាក់ទំនង​គ្នា​ដោយផ្ទាល់​។​​ជាគោលការណ៍​ទូទៅ ការត្រៀម​បម្រុង​មិនគួរ​នឹង​ផ្តន្ទា​ទេ ពីព្រោះ​វា​ដូចជា​លឿន​ពេក​ដែល​ត្រូវ​កំណត់​ពី​ភាពជាក់ស្តែង​នៃ​បទល្មើស មានន័យថា បទល្មើស​នោះ​គ្រាន់​តែមាន​រូបភាព​ស្ទង់ៗ មិនអាច​កំណត់​ជា​រូបរាង​អ្វីមួយ​ឲ្យ​បាន​ច្បាស់​។ ដូច្នេះ ច្បាប់​ផ្តល់​វិមតិសង្ស័យ​ដល់​ការត្រៀម​បម្រុង​។​​ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​មានទោស​ពីបទ​ប៉ុនប៉ង គាត់​ត្រូវតែមាន​ចេតនា​ប្រព្រឹត្ត​មិនអាច​ដក​ត្រឡប់ក្រោយ​បាន​។ រីឯ​នៅក្នុង​ដំណាក់​ការត្រៀម​បម្រុង គេ​អាច​ដក​ចេតនា​វិញ​បាន ព្រោះ​គេ​អាច​ប្តូរ​ចិត្តបាន​នៅឡើយ​។ ប៉ុន្តែ នៅក្នុង​ការប៉ុនប៉ង ឆន្ទៈ​នឹង​ប្រព្រឹត្ត​បទល្មើស​នៅ​បន្ត​រហូតដល់​មាន​កាលៈទេសៈ​ខាងក្រៅ​ខ្លួន​មក​បញ្ឈប់​សកម្មភាពរ​បស់​ខ្លួន ឧទាហរណ៍ ដូចជា​ប៉ូលីស​មក​ទាន់​ជាដើម​។​​ពេលខ្លះ​គេ​ពិបាក​កំណត់ថា​អ្វី​ជាការ​ប៉ុនប៉ង ដោយសារ​មានការ​កៀក​គ្នា​រវាង​ការត្រៀម​បម្រុង និង ការប៉ុនប៉ង​។ តើ​មាន​វិធាន​ណា​ដែល​ធ្វើ​ឲ្យ​គេ​ញែក​ដាច់​រវាង ការត្រៀម​បម្រុង និង ការប៉ុនប៉ង​ដែរឬទេ​?​ដូច​បាន​ពោល​ខាងលើ ការប្រព្រឹត្ត​បទល្មើស​ត្រូវ​ឆ្លងកាត់​ដំណាក់​ការ​បី គឺ (១) ការគិត​ធ្វើ (២) ការប្តេជ្ញា​ធ្វើ (៣) ការត្រៀម​បម្រុង (៤) ការអនុវត្ត និង (៥) ការសំរេច​ផែនការ​អនុវត្ត​។​​ដើម្បី​បែងចែក​ការត្រៀម​បម្រុង​ពី​ការចាប់ផ្តើម​អនុវត្ត​មាន​តេស្ត​មួយ​ដែល​តុលាការ​យកមកប្រើ​។ តុលាការ​ខ្មែរ​ប្រហែលជា​ត្រូវ​ប្រើ​តេស្ត​”​វិបាក​ដោយផ្ទាល់​” ឬ​”​គោលបំណង​ដោយផ្ទាល់​” ព្រោះ​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ចែង​ពី គោលបំណង​ដោយផ្ទាល់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​។ ដើម្បី​ងាយ​យល់​ពី​គោល​គំនិត​នេះ យើង​ក្រឡេក​ទៅ​មើល​យុត្តិសាស្ត្រ​បារាំង ថា​តើ តេស្ត​នេះ​ត្រូវបាន​អនុវត្ត​ដូចម្តេច​។​​តើ​អ្វី​ទៅ​ដែល​ហៅថា​វិបាក​ដោយផ្ទាល់​? ​គេ​ត្រូវ​ដឹងថា ការប៉ុនប៉ង​មាន​លក្ខណៈ​សំគាល់​ដោយ​ព្រឹត្តិការណ៍​ដែល​ចារី​បាន​ចូលក្នុង​ដំណាក់​ការអនុវត្ត​ហើយ​ធ្វើអំពើ​អ្វី​ម្យ៉ាង ដែល​តម្រង់ទិស​ដោយផ្ទាល់​ទៅរក​ការអនុវត្ត​ឲ្យ​បានសំរេច​នូវ​បទល្មើស​ដែល​បាន​ពោល​នោះ​។ អំពើ​ដែលមាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយនឹង​បទល្មើស​គឺជា អំពើ​ទាំងឡាយណា​ដែល​បង្កើត​ការជាប់​ទាក់ទង​គ្នា​រវាង​អំពើ​ទាំងនោះ​និង​ការប្រព្រឹត្ត​បទល្មើស​ដែល​ត្រូវបាន​ចោទប្រកាន់​។ ឧទាហរណ៍ អំពើ​ភ្ជង់​កាំភ្លើង​ទៅរក​មនុស្ស​ម្នាក់ ដោយ​ដៃ​នៅលើ​កៃ​មាន​ចំណងទាក់ទង​ដោយផ្ទាល់​ជាមួយនឹង​បទល្មើស​សម្លាប់​មនុស្ស​។ អំពើ​ដែល​គ្មាន​ចំណងទាក់ទង​ដោយផ្ទាល់​ជាមួយ​បទល្មើស​គឺជា​អំពើ ដែល​អាច​ឬ​មិនអាច​នាំទៅរក​ការប្រព្រឹត្ត​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់ ឧទាហរណ៍ ទិញ​កាំភ្លើង​អាច​មិនមាន​ចំណងទាក់ទង​ដោយផ្ទាល់​ទៅនឹង​ការសម្លាប់​មនុស្ស​។ នៅក្នុង​ដំណាក់​ការត្រៀម ចេតនា​ប្រព្រឹត្ត​បទល្មើស​នៅ​មិនទាន់​លេច​រូបរាង​ច្បាស់លាស់​នៅឡើយ ព្រោះថា បុគ្គល​ដែល​ត្រៀម​បំរុង​នោះ​អាច​លះបង់​គ្រោងការ​ចាស់​របស់ខ្លួន​បាន​។ ច្បាប់​ផ្តល់​វិមតិសង្ស័យ​ដល់​ជន​ដែល​ត្រៀម​បំរុង​។​​ដើម្បី​ងាយ​យល់​ពី​ដំណាក់​ការ​នានា​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស យើង​ពិនិត្យមើល​តារាង​ខាងក្រោម​នេះ ដែល​ពន្យល់​ពី​តេស្ត​ដែល​កំណត់​ពី​វិបាក​ដោយផ្ទាល់​៖

  • ​តើ​អ្វី​ទៅជា​បទ​បរិហារកេរ្តិ៍​?

    • កាលបរិច្ឆេទចេញផ្សាយ:
      ៤-មិថុនា-២០១៣

    តើ​អ្វី​ទៅជា​បទ​បរិហារកេរ្តិ៍​?​ ​​បរិហារកេរ្តិ៍ ជា​មូលដ្ឋាន គឺជា​ការនិយាយ​, ការសរសេរ​, ឬ​គំនូរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិត្តិយស​អ្នកដទៃ​។​​ ​ការបរិហារកេរ្តិ៍​ក្លាយទៅជា​បទល្មើស​ដែល​អាច​ផ្តន្ទាទោស​បាន លុះត្រា​ណា​តែ​ការបរិហារកេរ្តិ៍ នោះ​ធ្វើជា​សាធារណៈ​។ មានន័យថា ការបរិហារកេរ្តិ៍​ត្រូវបានធ្វើ​នៅ​ទីកន្លែង​សាធារណៈ ឬ​តាម​ម​ធ្យោ បាយ​ណាមួយ​ដែល​ពាក្យ​បរិហារកេរ្តិ៍​នោះ​ត្រូវ​បានឮ​ឬ​ឃើញ​សុះសាយ​ជា​សាធារណៈ ដូចជា​តាម កាសែត វិទ្យុ ទូរទស្សន៍ ឬ​អ៊ិន​ទែ​ណែ​ត​ជាដើម​។ ពាក្យ​បរិហារកេរ្តិ៍​នៅ​ទីកន្លែង​ឯកជន​មិន​ត្រូវបាន​ផ្តន្ទា ទោស​ទេ​។ ហេតុដូច្នេះ​ហើយ​បានជា​ច្បាប់​ខ្មែរ​មានតែ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តែ​មិន​បទ បរិហារកេរ្តិ៍​ជា​ឯកជន​ទេ​។​ ​តាម​ក្រមព្រហ្មទណ្ឌ​ខ្មែរ បទ​បរិហារកេរ្តិ៍​គឺជា​បទល្មើស​មជ្ឈិម តែ​មិន​មានទោស​ពន្ធនាគារ​ទេ​។ អ្នក​ដែល​ជាប់ទោស​ពីបទ​បរិហារកេរ្តិ៍​នេះ​គ្រាន់តែ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី មួយ​សែន រៀល​ទៅ​ដប់​លាន​រៀល និង​ត្រូវ​សង​សំណង​ខូចខាត​ដល់​ជន​ដែល​ត្រូវ​បរិហារកេរ្តិ៍​ប៉ុណ្ណោះ​។ មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ចែងថា​៖​គ្រប់​ការអះអាង​បំផ្លើស ឬ ការ​ទំលាក់កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ឬ​កិត្តិ​ស័ព្ទ​នៃ​បុគ្គល​ឬ​នៃ​ស្ថាប័ន​គឺជា​ការបរិហារកេរ្តិ៍​។​​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០០.០០០ (​មួយ​សែន​) រៀល ទៅ ១០.០០០.០០០ (​ដប់​លាន​)​រៀល បទ​បរិហារកេរ្តិ៍​ដែល​ប្រព្រឹត្ត​តាម​មធ្យោបាយ​ណាមួយ​ដូចតទៅ​៖ ១.​ ​តាម​សំដី ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​បញ្ចេញ​នៅ​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ​។​ ២.​ ​តាម​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​សាធារណជន​ឬ​ដាក់តាំង​ឲ្យ​សាធារណជន​មើល​។​ ៣.​ ​តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សា​ធារ​ជន​។​​តើ​គ្រប់ការ​បរិហារកេរ្តិ៍​សុ​ទ្ទ​តែ​ត្រូវបាន​ផ្តន្ទាទោស​ទាំងអស់​ដែរឬទេ​?​ពាក្យ​បរិហារកេរ្តិ៍​ខ្លះ​អាច​ត្រូវ​អនុគ្រោះ​បាន ដោយសារ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ការពារ​សេរីភាព​ក្នុងការ​និយាយ ក្នុងការ​សរសេរ​។ បទបញ្ញត្តិ​ច្បាប់​ស្តី​ពីបទ​បរិហារកេរ្តិ៍ ត្រូវ​ថ្លឹងថ្លែង​សេរីភាព ក្នុងការ​និយាយ​និង​សរសេរ​ជាមួយនឹង​ការការពារ​កិត្តិយស​របស់​បុគ្គល​។​​ដូច្នេះ ពាក្យ​ខ្លះ​ដែល​ចាត់ទុកថា​បរិហារកេរ្តិ៍ អាច​អនុគ្រោះ​ពី​ការទទួលខុសត្រូវ​បាន​បើ​៖ ១.​ ​ការនិយាយ​ឬ​ការសរសេរ​នោះ​ធ្វើឡើង​ដោយ​សុទ្ធចិត្ត​ ២​ ​ការនិយាយ​ឬ​ការសរសេរ​នោះ​ជាការ​ពិត​ ៣.​ ​ការនិយាយ​ឬ​ការសរសេរ​នោះ​ជា​សេចក្តី​ថ្លែង​មតិ​។​​តើ​អ្វី​ទៅ​ដែល​ហៅថា​”​សុទ្ធចិត្ត​”?​សុទ្ធចិត្ត តាម​ភាសា​សាមញ្ញ គឺជា​អ្វីដែល​ធ្វើឡើង​ដោយស្មោះ​សរ​គ្មាន​បង្កប់​នូវ​គំនិត​ទុច្ចរិត​។ ក្នុងន័យ​នៃ​ច្បាប់​បរិហារកេរ្តិ៍ សុទ្ធចិត្ត​មានន័យ​ជា​មូលដ្ឋាន​ថា​ជន​ដែល​ត្រូវ​ចោទថា​បរិហារកេរ្តិ៍​គេ​នោះ បាន​បន្លឺ​ពាក្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មនុស្ស​ម្នាក់ទៀត ដោយសារ​គាត់​ចង់​ឲ្យ​អ្នកដទៃ​ទៀត​ដឹង​ពី រឿង​អ្វីមួយ តែ​គាត់​មិន​នឹកស្មានថា​ពាក្យ​ដែល​បន្លឺ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មនុស្ស​ម្នាក់ទៀត ឬ គាត់​គ្មាន​ចេតនា​ចង់​បំផ្លាញ​មនុស្ស​នោះទេ​។​​ច្បាប់​ខ្មែរ​យើង​មិនបាន​កំណត់ថា​កត្តា​អ្វីខ្លះ​ដែល​ហៅថា​សុទ្ធចិត្ត​នោះទេ​។ ប៉ុន្តែ តុលាការ​បារាំង បានកំណត់​កត្តា​បួន​យ៉ាង​ដែល​អាច​យកមក​ពិចារណា​ថា តើ​ពាក្យសំដី​មួយ​ជា​ពាក្យ​ដែល​បន្លឺឡើង ដោយ​សុទ្ធចិត្ត ឬ អ​សុទ្ធចិត្ត មានន័យថា​ចង់​បំផ្លាញ​គេ​ឬ​យ៉ាងណា​។ កត្តា​ទាំង​បួន​យ៉ាងនោះ​គឺ​៖ ១.​ ​ជន​ដែល​ជាប់ចោទ​ពីបទ​បរិហារកេរ្តិ៍ គ្មាន​ភាពជា​សត្រូវ​ជាមួយ​នឹង​មនុស្ស​ត្រូវ​រង​ការបរិហារកេរ្តិ៍​។ នេះ​មានន័យថា ជនជាប់ចោទ​មិនមែន​និយាយ​បរិហារកេរ្តិ៍​មនុស្ស​ម្នាក់ទៀត​ដោយសារតែ​ខ្លួន​ស្អប់​គាត់ ឬ​មាន​គំនុំ​ជាមួយ​គាត់​ពីមុន​ម​នោះទេ​។​ ២​ ​ពាក្យសំដី​ដែល​ជនជាប់ចោទ​និយាយ ឬ​សរសេរ​នោះ​ធ្វើឡើង​ក្នុង​គោលដៅ​សមស្រប ដូចជា​ក្នុង​គោលដៅ​ចង់​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​នឹង​បញ្ហា​អ្វីមួយ​ដែល​សំខាន់ ដល់​សុខុមាលភាព​របស់​សហ​គម​ន៍ ឬ សង្គម ឬ ប្រទេស​។​ ៣.​ ​ពាក្យសំដី​ដែល​ជនជាប់ចោទ​បាន​និយាយ ឬ​សរសេរ​នោះ​ត្រូវបាន​គាត់​អង្កេត​ម៉ត់ចត់ ជាមួយ​ប្រភព ឬ​ឯកសារ​នានា គឺ​មិនមែន​និយាយ ឬ​សរសេរ​តាម​ការ​នឹក​ស្រម័យ របស់ ខ្លួន​នោះឡើយ​។ ឧទាហរណ៍ អ្នកកាសែត​មុននឹង​សរសេរ​អត្ថបទ​មួយ គាត់​បាន ព្យាយាម​រក​ប្រភព​មួយចំនួន​ដើម្បី​បញ្ជា​ក់លើ​ព័ត៌មាន​របស់គាត់​។ ការពិត ទោះបី​គេ​ព្យាយាម​រក​ប្រភព​បាន​ច្រើន​មក​បញ្ជាក់​យ៉ាងណាក្តី ពេលខ្លះ ព័ត៌មាន​ដែល​ផ្សាយ​នោះ​នៅតែ​មិន​ពិត​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ​។ ទោះជា​យ៉ាងណាក្តី ក្នុងករណី​បែបនេះ អ្នកកាសែត​នោះ​នៅ​ទទួល​បានទទួល​គុណប្រយោជន៍​ពី​កត្តា​មួយ នៃ​បណ្តា​កត្តា​សុទ្ធចិត្ត​ដែរ​។​ ៤.​ ​ពាក្យសំដី​ដែល​ជនជាប់ចោទ​បាន​និយាយ​ឬ​សរសេរ​នោះ​មាន​តុល្យភាព​ឬ​មានការ​ថ្លឹងថ្លែង​។ នេះ​មានន័យថា គាត់​មិន​មើល​តែមួយ​ជ្រុង​នៃ​ព័ត៌មាន​ទេ គាត់​ត្រូវ​បង្ហាញ​គ្រប់​ជ្រុងជ្រោយ​នៃ​ព័ត៌មាន​។ ឧ​ទា​ហរ​ណ៏ អ្នកកាសែត​ដែល​រាយ​ការ​ណ៏​ពី​អំពើពុករលួយ​នៃ​មន្ត្រីរាជការ​ណា​ម្នាក់ ត្រូវ​បង្ហាញ​ពី​ព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​មន្ត្រី​នោះដែរ​ដើម្បី​ឲ្យ​គាត់​មាន​ឳ​កាស​បំភ្លឺ​ពី​ករណី​របស់គាត់​ដែរ​។ ម្យ៉ាងវិញទៀត ការប្រើ​សំដី​ត្រូវ​ឲ្យ​ល្មម គឺ​មិនត្រូវ​ហក់​ចូល​ក្នុងការ​សន្និដ្ឋានថា​អ្នកនេះ​ជា​ឧក្រិដ្ឋជន ឬ ជា​ជន​ក្បត់ជាតិ​នោះទេ​។​​តើ​ពាក្យ​ពិតជា​បទ​បរិហារកេរ្តិ៍​ដែរឬទេ​?​ជា​ចំណុច​គោល អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ​ជាការ​បរិហារកេរ្តិ៍​។ តែ​ច្បាប់​អនុគ្រោះ​ដល់​អ្នក​និយាយ​ការពិត ទោះបី​ពាក្យ​ដែល​បន្លឺឡើង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ក​ត្តិ​យស​អ្នកដទៃ​ក៏ដោយ​។ មានន័យថា​ច្បាប់​មិន​ផ្តន្ទាទោស​អ្នក​ដែល​និយាយ​ឬ​សរសេរ​ការពិត​នោះទេ​។​​តើ​ការនិយាយ​ឬ​សរសេរ​សំដែង​មតិ​ជា​បទ​បរិហារកេរ្តិ៍​ដែល​ត្រូវ​ផ្តន្ទាទោស​ដែរឬទេ​?​រដ្ឋធម្មនុញ្ញ​ខ្មែរ មាត្រា ៤១ ធានា​សេរីភាព​ក្នុងការ​សំដែង​មតិ​។ ដូច្នេះ ច្បាប់​ក៏​មិន​ដាក់ទោស​ចំពោះ​ការ​ថ្លែង​មតិ​ដែរ​។ បើ​ក្រឡេកមើល​មាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំ​ពីបទ​បរិហារកេរ្តិ៍​សាធារណៈ មាត្រា​នេះ​ផ្តន្ទាទោស​តែ​ការ​ថ្លែង​ពី ”​អំពើ​” គឺ​អ្វីដែល​បានធ្វើ ឬ​ព្រឹត្តិការ​ណ៏​ណាមួយ​ដែល​បាន​កើតឡើង តែ​មិនបាន​ផ្តន្ទាទោស​ការ​ថ្លែង​មតិ​ទេ​។ ​មាន​សំណួរ​ចោទ​សួរថា​អ្វី​ជា “​អំពើ​” អ្វី​ជា ”​មតិ​”?​អំពើ​កើតឡើង​ដោយ​មនុស្ស​ធ្វើ និយាយ​រួម​គឺជា​ព្រឹត្តិការ​ណ៏​កើតឡើង​ដោយ​ស្នាដៃ​អ្នក​ណាមួយ​(​យើង​មិន​និយាយ​ពី​បាតុភូតធម្មជាតិ​ នៅ ទីនេះ​ទេ​)​។ ដូច្នេះ ព្រឹត្តិការ​ណ៏​ជា​អ្វីដែល​យើង​អាច​ផ្ទៀងផ្ទាត់​បាន​ថា វា​ពិតជា​បានកើត​ឡើង​មែន ឬ​ពិតជា​មិនបាន​កើតឡើង​ទេ​។ មតិ​មិនមែនជា​ព្រឹត្តិការ​ណ៏​ទេ​។ មតិ​ជាការ​យល់ឃើញ​របស់​ម​នុស្ស​ម្នាក់​លើ​បញ្ហា​ណាមួយ​ឬ​លើ​ព្រឹត្តិការណ៍​ណាមួយ​។ ដូច្នេះ គេ​មិនអាច​ថា​មតិ​មួយ​ពិត​ឬ​មិន​ពិត​ទេ តែ​គេ​អាច​និយាយថា “​មតិ​របស់លោក​អាច​ទទួលយកបាន ឬ​មិនអាច​ទទួលយកបាន​” “​មតិ​របស់លោក​សមរ​ម្យ​ដែរ​” ឬ “​មតិ​របស់លោក​មិន​សមរម្យ​ទេ​”​។​​ឧទាហរណ៍​នៃ ”​អំពើ​” ៖ កាលពី​ខែ​មិនា​ព្រះរាជអាជ្ញា​នៃ​តុលាការខេត្ត​ព្រះសីហនុ​បាន​ទៅ​អនុវត្ត​សាលក្រម​បណ្តេញ​អ្នកភូមិ​ទឹកផុស​។​​ឧទាហរណ៍​នៃ “​មតិ​” ៖ ការបណ្តេញ​អ្នកភូមិ​ទឹកផុស​ចេញពី​ភូមិ​ជា​ការមិន​សមរម្យ ព្រោះ​គាត់​បានរស់នៅ​លើទឹក​ដី​នេះ​យូរហើយ​។​​អំពើ​៖ គេ​អាច​ផ្ទៀងផ្ទាត់​បាន​ថា​ការបណ្តេញចេញ​បាន​កើតឡើង​ពិតមែន​នៅ​ទឹកផុស ព្រោះ​គេ​អាច​មើល​តាម​របាយការណ៍​សារពត៌មាន ឬ​ចុះទៅពិនិត្យ​ផ្ទាល់​ដល់ទី​កន្លែង​។​​មតិ ៖ នេះ​ជា​មតិ​របស់​មនុស្ស​ម្នាក់ ថា​ការបណ្តេញចេញ​នេះ​មិន​សមរម្យ​។ មនុស្ស​ខ្លះ​ថា​មិន​សមរម្យ​បើ​គិត​ទៅតាម​ការកាន់កាប់​ដី​យូរ​មកហើយ រីឯ​មនុស្ស​ខ្លះ​ទៀតថា​សមរម្យ បើ​យោងទៅតាម​ការសំរេចរ​បស់​សាលក្រម​តុលាការ​។ មនុស្ស​ពីរ​នាក់​អាច​មើល​រឿង​តែមួយ​តែ​ឃើញ​ខុសគ្នា ទៅតាម​ការយល់ឃើញរ​បស់​ខ្លួន​។​​តើ​អ្នកណាខ្លះ​ដែល​អាចដាក់​ពាក្យបណ្តឹង​ពីបទ​បរិហារកេរ្តិ៍​បាន​?​អ្នក​ដែល​អាច​ប្តឹង​មនុស្ស​ម្នាក់ទៀត​ពីបទ​បរិហារកេរ្តិ៍​បាន លុះត្រាតែ​ជន​នោះ​យល់ឃើញថា ក​តិ្ត​យស​របស់ខ្លួន​ត្រូវបាន​ប៉ះពាល់​។ ថ្វីបើ​បទ​បរិហារ​ក​រ្តិ៍ ស្ថិតក្នុង​ចំណោម​បទល្មើស​ព្រហ្មទណ្ឌ ព្រះរាជអាជ្ញា​មិនអាច​ផ្តើម​បណ្តឹង​នេះ​ដោយ​ឯកឯង​បានទេ​។ កង​នគរបាល​ក៏​មិនអាច​ប្តឹង​អ្នកណាម្នាក់​ពីបទ​បរិហារកេរ្តិ៍ ជំនួស​ឲ្យ​ជនរងគ្រោះ​ពីបទ​បរិហារកេរ្តិ៍​បានដែរ​។ បណ្តឹង​ត្រូវតែ​ចេញ​ផ្ទា​ល់ពី​ជនរងគ្រោះ​។​​តើ​ពេលណា​កិត្តិយស​របស់​អ្នកណាម្នាក់​ត្រូវបាន​ប៉ះពាល់​?​កិត្តិយស​ត្រូវបាន​ប៉ះពាល់​នៅពេល ពាក្យសំដី​ដែល​ប្រើ​នោះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​នោះ ចុះថយ ឬ​បាត់បង់​ការ​រាប់អាន​ពី​សង្គម បាត់បង់​ឳ​កាស​ការងារ ឳ​កាស​សេដ្ឋកិច្ច​។​ល​។ ឧទាហរណ៍ ការនិយាយ​ថា​ហាង​ទំនិញ​មួយ​លក់​របស់​ក្លែងក្លាយ ធ្វើ​ឲ្យ​ម្ចាស់​ហាង​នោះ​បាត់បង់​នូវ​អតិថិជន​របស់គេ​។ ការ​និយាយថា​អ្នកណាម្នាក់​ជា​ឧក្រិដ្ឋជន ជា​មនុស្ស​ពុករលួយ ធ្វើ​ឲ្យ​ជន​នោះ​បាត់បង់​ការ​រាប់អាន​ពី​អ្នកដទៃ ធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម ឬ​បាត់បង់​ការងារ​។​

  • អ្វី​​ទៅ​ជា​​ការ​បំ​ផ្លិច​បំ​ផ្លាញ​​ទ្រព្យ​​សម្បត្តិ​​អ្នក​ដទៃ​​?​

    • កាលបរិច្ឆេទចេញផ្សាយ:
      ៤-មិថុនា-២០១៣

    ការបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដទៃ គឺជា​បទល្មើស​ព្រហ្មទណ្ឌ យោងតាម​មាត្រា ៤១០ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី ១ លាន​ទៅ ៤ លាន រៀល​។​​ ​តើ​បទល្មើស​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ មានការ​ទាក់ទង​អ្វី​ដល់​សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​ក្នុងការ​និយាយ​?​ ​បើ​បទល្មើស​នេះ​សុទ្ធសាធ វា​គ្មានអ្វី​ទាក់ទង​នឹង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ឬ​ការនិយាយស្តី​ទេ​។ ប៉ុន្តែ បទល្មើស​នេះ​អាច​ត្រូវបាន​ប្រើ​ដោយ​ភាគី​ជម្លោះ​ដើម្បី​ចោទប្រកាន់​គ្នា ដើម្បី​បង្វែរ​ដាន​ពី​ការទាមទារ​សិទ្ធិ​ដីធ្លី ឬ ការទាមទារ​ផ្សេងទៀត ឲ្យ​ទៅជា​បទល្មើស​មួយ​សាមញ្ញ ហាក់ដូចជា​គ្មាន​ទាក់ទង​នឹង​ការទាមទារ​ដើម​។ ឧទាហរណ៍ សមាជិក​សហគមន៍​ជាច្រើន​ត្រូវបាន​គេ​រាយការណ៍​មក​ថា ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ភាគី​ដែល​ខ្លួន​កំពុង​ទាមទារ​ឲ្យ​ប្រគល់​ដី​មក​ឲ្យ​ពួកគេ​វិញ​។ ការចោទប្រកាន់​នេះ កើតឡើង​ដោយសារ​សមាជិក​សហគម​ន៍​បានធ្វើ​បាតុកម្ម ហើយ​បានធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ដែល​ភាគី​ម្ខាង​ទៀត​បាន​ដាំ ឬ​បានធ្វើ​ឲ្យ​បាក់​របង ឬ​មានការ​បំផ្លាញ​គ្រឿងយន្ត​របស់​ភាគី​ម្ខាង​ទៀត​។ ការទាមទារ​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ​។ មានពេលខ្លះ មានការ​ខូចខាត​បន្តិច​បន្តួច ដើម្បី​បង្វែរ​ការទាមទារ ភាគី​ម្ខាង​ទៀត​រិះរក​មធ្យោបាយ​ដើម្បី​ប្រែក្លាយ​រឿង​ទៅជា​ព្រហ្មទណ្ឌ ដើម្បី​ឲ្យ​អ្នក​តវ៉ា​ជាប់រវល់​នឹង​រឿងក្តី​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​សហសេវិក​របស់ខ្លួន​។​​ ​ចុះបើ​យើង​បំផ្លាញ​ទ្រព្យសម្បត្តិ​គេ​ហើយ ម្តេច​ថា គេ​បង្វែរ​រឿង​មិន​ឲ្យ​សមាជិក​សហគមន៍​នោះ​បន្ត​ការទាមទារ​? តើ​នេះ​មានន័យថា​អ្នក​ដែល​បំផ្លាញ​ចេះតែ​រួចខ្លួន​ទៅ​ឬ​?​ ​ការពិត​អ្នកធ្វើ​ខុស​ត្រូវតែ​ទទួល​ទណ្ឌកម្ម​អញ្ចឹង​មែន​។ គេ​មិនត្រូវ​ការពារ​អ្នក​ដែល​ធ្វើ​ខុស​ទេ​។ ប៉ុន្តែ គេ​ត្រូវ​គិត​មួយ​រឿងៗ​។ រឿង​ទាំងអស់​មិនមែន​សុទ្ធតែ​ដូចគ្នា​ទេ ថ្វីបើ​មានការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​មែន​។​​ ​តើ​រឿង​ដែលថា​មិន​ដូចគ្នា​នោះ​ជា​រឿង​អ្វី​ទៅ​?​ ​ដំបូង​គេ ច្បាប់​ចែងថា ការបំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ អាច​ត្រូវ​ផ្តន្ទាទោស​បាន លុះត្រា​ណា​តែ​ការខូចខាត​ទ្រព្យសម្បត្តិ​នោះ​មិន​ស្រាល បានន័យថា​ខូចខាត​ធ្ងន់ធ្ងរ​។​​ ​បន្ទាប់មក ទ្រព្យ​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា “​ទ្រព្យសម្បត្តិ​អ្នកដទៃ​”​។ មាន​ករណី​ជាច្រើន ដែល​ទ្រព្យ​ជាប់​ក្នុង​ជម្លោះ​នោះ មិនអាច​កំណត់ថា​ជា​ទ្រព្យ​របស់​ខាង​ណា​បានជា​ពិត ប្រាកដ​។ ដូច្នេះ មុននឹង​ធ្វើការ​ចោទប្រកាន់​ថា មនុស្សម្នា​ក់បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកណា​ផ្សេងទៀត គេ​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ថា​តើ​អ្នកណា​ជា​ម្ចាស់​ពិតប្រាកដ​។​​ ​ចំពោះ​រឿង​ធ្ងន់​ស្រាល​តើ​គេ​អាច​កំណត់​បាន​យ៉ាងណា ថា​វត្ថុ​មួយ​រង​ការខូចខាត​ធ្ងន់​? មានន័យថា​ខូចខាត​ប៉ុន្មាន​ទៅ​ហៅថា​ស្រាល ខូច​ប៉ុន្មាន​ហៅថា​ធ្ងន់​?​ ​នេះ​ជា​រឿង​មួយ​ពិបាក​នឹង​កំណត់​។ លោក ក អាច​មើលឃើញថា​មានការ​ខូចខាត​ស្រាល រីឯ​លោក ខ មើលឃើញ​មានការ​ខូចខាត​ធ្ងន់​ចំពោះ​របស់​តែមួយ ដែល​បានទទួល​ការខូចខាត​។​​ ​មាត្រា ៤១០ ចែងថា “​អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា ដោយ​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​របស់​អ្នកដទៃ​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពន្ធនាគា​រ​ពី ៦ ខែ ទៅ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល ទៅ ៤ លាន​រៀល លើកលែងតែ​ការខូចខាត​នោះ​មាន​លក្ខណៈ​ស្រាល​”​។​​ ​ច្បាប់​មិនបាន​ប្រាប់ថា​ខូចខាត​ប៉ុន្មាន​ថា ធ្ងន់​ឬ​ស្រាល​ទេ ប៉ុន្តែ ការបកស្រាយ​ច្បាប់​អាចធ្វើ​បាន​ដោយ​វិធី​ច្រើនយ៉ាង ដំបូង​គឺ ការវិភាគ​ពាក្យ​ដែល​ប្រើ និង​វិធី​ផ្សេងទៀត​មានការ​ស្រាវជ្រាវ​រក​គំនិត​ដើម​របស់​អ្នកតាក់តែង​ច្បាប់ ដូចជា​អ្នកជំនាញ​ដែល​ព្រាង​ច្បាប់ និង កំណត់ហេតុ​នៃ​ការវែកញែក​នៅក្នុង​សភា​ជាដើម​។ តែ​នៅពេលនេះ យើង​សាកល្បង​វិភាគ​ពាក្យ​ដែល​ប្រើ​។ ពាក្យ​សំខាន់ៗ​នៅក្នុង​មាត្រា ៤១០ មាន “​បំផ្លិចបំផ្លាញ​” “​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​” និង “​ធ្វើ​ឲ្យ​ខូចខាត​”​។​​ ​“​បំផ្លិចបំផ្លាញ​” បើតាម​វចនានុក្រម​ជួន ណាត មានន័យថា ធ្វើ​ឲ្យ​លង់​ហោ​ន​ហោច ឬ​ធ្វើ​ឲ្យ​សាបសូន្យ​។ និយាយ​ម្យ៉ាងទៀត គឺ ធ្វើ​ឲ្យ​លែងឃើញ​រូប​ដើម​។​​ ​“​ទ្រុឌទ្រោម​” បើតាម​វចនានុក្រម​ជួន ណាត មានន័យថា គ្រាំគ្រា ឬ​ធ្វើ​វត្ថុ​មួយ​ស្រុត​មិនអាច​ឈរ​បាន​ដោយ​ខ្លួនឯង​។ និយាយ​ម្យ៉ាងទៀត គឺ លែង​អាច​អាច​ប្រើការ​បាន​ដូច ដើម​។​​ ​“​ខូចខាត​” មានន័យថា សភាព​នៃ​វត្ថុ​ប្រែប្រួល​ពីស​ភាពល្អ​ទៅ​សភាព​អន់​ជាង​មុន​។​​ ​យើង​អាច​សង្ខេប ការវិភាគ​ពាក្យ​ទាំងបី​ខាងលើ ហើយ​ពូតផ្តុំ​ន័យ​នៃ​ពាក្យ “​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ ធ្វើ​ឲ្យ​ខូចខាត​” ឲ្យ​ទៅជា​ទស្សនាទាន ឬ​គោល​គំនិត​រួមមួយ​ដែលថា វត្ថុ​មួយ​រង​ការបំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ ធ្វើ​ឲ្យ​ខូចខាត ពេលណា​វត្ថុ​ទាំងនោះ​មាន​លក្ខណៈ​ណាមួយ​នៃលក្ខណៈ​ដូចខាងក្រោម​នេះ ៖ 1.​ ​វត្ថុ​មួយ​បាត់បង់​បូរណភាព​របស់​វា មានន័យថា​វត្ថុ​នោះ​បាត់បង់​ភាព​នៅ​ទាំងមូល​របស់​វា គឺ វត្ថុ​នោះ​រលាយ​រូបរាង​ទាំងស្រុង​។​2.​ ​វត្ថុ​មួយ​លែង​ប្រើការ​បាន មានន័យថា វត្ថុ​ដែល​ទ្រុឌទ្រោម​នោះ​មិនទាន់​បាត់បង់​រូបរាង​ទេ វត្ថុ​នោះ​ទាមទារ​ឲ្យ​មានការ​ចំណាយ​ពេលវេលា និង​ឬ ធនធាន​ច្រើន​ដើម្បី​ស្តារ​ឲ្យ​មក​សភាព​ដើម​វិញ​។​3.​ ​វត្ថុ​មួយ​មានវិការ​ភាព មានន័យថា វត្ថុ​នោះ​មាន​សភាព​អន់ថយ​ខាង​គុណភាព ឬ​ភាព​ប្រើការ​បាន​របស់​វា​ចុះថយ​ជាង​មុន​។ វត្ថុ​នោះ​ចុះថយ​តម្លៃ ឬ ធ្វើការ​លែង​សូវ​មាន​ប្រសិទ្ធិភាព​។​​ដូច្នេះ ដើម្បី​កំណត់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការខូចខាត គេ​អាច​ពិចារណា​លើក​ត្តា​បីយ៉ាង​ខាងលើ​៖ បូរណភាព​, ភាព​ប្រើការ​បាន , និង វិការ​ភាព​នៃ​វត្ថុ​នោះ​។​​ចុះបើ​រក​ទៅ​មិនឃើញ​មានការ​ខូចខាត​ធ្ងន់ អញ្ចឹង អ្នកធ្វើ​ឲ្យ​របស់គេ​ខូចខាត​មិន​រួចខ្លួន​ទទេ​រហើយ ឬ​យ៉ាងម៉េច​?​អ្នកធ្វើ​ឲ្យ​របស់គេ​ខូច​ស្រាល​នៅតែ​ទទួលខុសត្រូវ​ជានិច្ច មិនមែន​រួចខ្លួន​ទេ ប៉ុន្តែ គ្រាន់តែ​មិន​ទទួលទោស​មជ្ឈិម​ដូច​ចែង​ក្នុង​មាត្រា ៤១០​។ បើ​រក​មិនឃើញ​ការខូចខាត​ធ្ងន់​ទេ អ្នកធ្វើ​ឲ្យ​ខូចខាត​របស់គេ ត្រូវមាន​ទោសលហុ​ទៅវិញ ស្របតាម​មាត្រា ៤១៨ គឺ​ត្រូវ​សង​ការខូចខាត​ទៅតាម​តម្លៃ​នៃ​ការខូចខាត​នោះ ព្រមទាំង​ទទួលទោស​ពន្ធនាគារ ពី ១ ថ្ងៃ ទៅ ៦ ថ្ងៃ​និង​ពិន័យ​ជា​ប្រាក់​ពី ១ ពាន់ ទៅ ១ សែន​រៀល​។ ចំពោះ​បទលហុ តុលាការ​គ្មាន​ប្រយោជន៍​អ្វី​ត្រូវដាក់​គុក​ទេ ថ្វីបើ​គាត់​អាចដាក់​បាន​។​​ឥឡូវ​បក​មក​វត្ថុ​ដែល​រង​ការខូចខាត តែមាន​ទំនាស់​ថា ម្នាក់​អះអាងថា វត្ថុ​នោះ​ជា​របស់គាត់ តែ​ម្នាក់ទៀត​អះអាងថា វត្ថុ​នោះ​ជា​របស់គាត់​ដែរ ដូច្នេះ​ម្នាក់​ប្តឹង​ម្នាក់ទៀត​ពីបទ​ព្រហ្មទណ្ឌ​នៃ​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ តើ​រឿងនេះ​ត្រូវ​ដោះស្រាយ​យ៉ាងម៉េច​?​ជាដំបូង បើ​មាន​មនុស្ស​ម្នាក់​បន្តឹង​មនុស្ស​ម្នាក់ទៀត​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ គេ​មិនត្រូវ​ស្ទុះស្ទា​ភ្លាម​ទៅ​កាត់សេចក្តី ឬ​ចាត់ការ​លើ​អ្នក​ដែល​ជាប់​បណ្តឹង​នោះទេ ដូចជា​ចាត់ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ជាដើម​នោះទេ​។ ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ មាត្រា ៣៤៣ ចែងថា​៖“​តុលាការ​ត្រូវ​បង្អង់​មិនទាន់​សម្រេច កាលណា​ភាគី​ណាមួយ​លើក​បញ្ហា​បន្ទាន់​បង្ខំ​ដែល​ការពិនិត្យ​បញ្ហា​នេះ​ជា​សមត្ថកិច្ច​របស់​តុលាការ​មួយ​ផ្សេងទៀត​។ ​បញ្ហា​បន្ទាន់​បង្ខំ​អាចនឹងទទួល​បាន​លុះត្រាតែ​បញ្ហា​នេះ អាច​នឹង​លុបលាង​ចរិត​ជា​បទល្មើស​ពី​អំពើ​ដែល​ចោទប្រកាន់​លើ​ជនជាប់ចោទ​។​​ក្នុង​រឿង​រដ្ឋប្បវេណី បញ្ហា​ស្តីពី​សិទ្ធិកម្មសិទ្ធិ សិទ្ធិ​ប្រត្យក្ស​លើ​អចលនវត្ថុ និង​ឋានៈ​បុគ្គល​ជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​តុលាការ​រដ្ឋប្បវេណី​។​”​មាត្រា​នេះ​បានសេចក្តីថា បើ​មានការ​ចោទប្រកាន់​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ហើយ​ជនជាប់ចោទ​អះអាងថា ទ្រព្យ​នោះ​ជា​ទ្រព្យ​របស់គាត់​ដែរ នោះ​តុលាការ​ត្រូវ​បង្អង់​រឿង​ព្រហ្មទណ្ឌ​នេះ​សិន ទុក​ឲ្យ​តុលាការ​រដ្ឋប្បវេណី​ដោះស្រាយ​ឲ្យ​រួចរាល់​សិន ថា​តើ​វត្ថុ​នោះ​ជា​របស់​អ្នកណា​។ បើ​តុលាការ​សម្រេច​ថា វត្ថុ​នោះ​ជា​របស់​អ្នកប្តឹង នោះ​តុលាការ​អាច​ចាត់ការ​បណ្តឹង​ព្រហ្មទណ្ឌ​តទៅទៀត​។ បើ​តុលាការ​សម្រេច​ថា វត្ថុ​នោះ​ជា​របស់​ជនជាប់ចោទ នោះ​តុលាការ​ព្រហ្មទណ្ឌ​ត្រូវ​លើក​បណ្តឹង​ព្រហ្មទណ្ឌ​ចោល​។​​ឧបមា​ថា មនុស្ស​ម្នាក់​ប្តឹង​ពី​មនុស្ស​ម្នាក់ទៀត​បានជា​ន់​បំផ្លាញ​ដំណាំ​ដែល​ដាំ​ក្នុង​ដី​មួ​យក​ន្លៃ​ង​ជា​របស់ខ្លួន ប៉ុន្តែ​ជនជាប់ចោទ​លើកឡើងថា ដី​នោះ​ជា​ដី​របស់គាត់​ព្រោះ​គាត់​បាន​កាន់កាប់​មុន​ដើមបណ្តឹង​ចូលមក​ដាំ​ដុះ​ទៅទៀត​។ តើ​តុលាការ​អាច​ចោទប្រកាន់​ជនជាប់ចោទ​ពីបទ​បំផ្លិចបំផ្លាញ​ដំណាំ ជាជាង​ការបំផ្លិចបំផ្លាញ​ដីធ្លី​បានដែរ​ឬទេ​?​គេ​ត្រូវ​ចែក​រឿងនេះ​ជា​ពីរ​។ តើ​គេ​ប្តឹង​ពីបទ​បំផ្លិចបំផ្លាញ​ដីធ្លី ឬ​បទ​បំផ្លិចបំផ្លាញ​ដំណាំ​?​។ បើ​ចោទ​ពី​រឿង​ដីធ្លី នេះ​ជាការ​ចោទ​ខុស ព្រោះ​ដីធ្លី​នៅ​ដដែល គ្មាន​ខូចខាត​អ្វី​ទេ​។ បើ​ចោទ​ពី​រឿង​បំផ្លាញ​ដំណាំ នោះ​វា​នឹង​មានរឿង​វែងឆ្ងាយ​ត្រូវ​ពិនិត្យ​និង​វិភាគ​តទៅទៀត​។​​បើជា​រឿង​បំផ្លាញ​ដំណាំ តើ​គេ​ត្រូវ​វិភាគ​ដូចម្តេច​?​ក្នុងករណី​ដូច្នេះ មាន​បញ្ហា​ជា​ចំណោទ​ពីរ​ដែល​ត្រូវ​ពិចារណា​។ ​ចំណោទ​ទីមួយ​ដែល​ត្រូវ​ដោះស្រាយ គឺ តើ​ដី​ក្នុង​ជម្លោះ​នោះ តាមពិតទៅ ជា​របស់​អ្នកណា​?​។ បើជា​ដី​របស់​ដើមបណ្តឹង នោះគេ​ត្រូវ​ចាត់ការ​បណ្តឹង​ព្រហ្មទណ្ឌ​នៃ​ការបំផ្លិចបំផ្លាញ​ដំណាំ ព្រោះ​ដំណាំ​នោះ​ជា​របស់​ដើមបណ្តឹង​ដែរ​។ គេ​ត្រូវ​ចាត់ការ ដូចជា តើ​ការខូចខាត​នោះ​ស្រាល​ឬ​ធ្ងន់​។ បើ​ស្រាល​ត្រូវ​ដោះស្រាយ​ជាប​ឬ​លហុ​។ បើ​ធ្ងន់​ត្រូវ​ដោះស្រាយ​ជា​បទមជ្ឈិម​។ បើ​ដី​នោះ​ជា​ដី​របស់​ជនជាប់ចោទ​នោះគេ​ត្រូវ​ឆ្លងទៅ​ចំណោទ​ទី​ពីរ​ខាងក្រោម​។​​ចំណោទ​ទី​ពីរ​គឺថា ដី​ជា​របស់​ជនជាប់ចោទ តែ​ដំណាំ​ជា​របស់​ដើមបណ្តឹង​។ នេះ​ជា​ចំណោទ​មួយ​ស្មុ​គ្រ​ស្មាញ​។ ជនជាប់ចោទ​អាច​ភោគី​នៃ​ដី ហើយ​ដើមបណ្តឹង​អាចជា​អ្នកថ្មី​មក​ទន្ទ្រាន​យក​ដី​គេ​ដោយ​កម្លាំង ឬ​ជា​អ្នកទិញ​ពី​អ្នក​ដែល​លួច​លក់​ដី​គេ​លក់ ឬ​បាន​ពី​មធ្យោបាយ​ផ្សេងទៀត​ដែល​មិនត្រូវ​ច្បាប់​។ បើ​គាត់​ចូលមក​ដាំ​លើដី​របស់គេ នោះ​គាត់​ជា​អ្នករំលោភ​លើ​កម្មសិទ្ធិ​អ្នកដទៃ (​កម្មសិទ្ធិ​នៅទីនេះ​រាប់បញ្ចូល​ភោគៈ​ស្របច្បាប់​ផងដែរ​)​។ បើ​គាត់​ជា​អ្នករំលោភ​ដី​គេ​យកទៅ​ដាំ​ដំណាំ នោះ​ដើមបណ្តឹង​នេះ​អាច​ក្លាយទៅជា​ជន​ជាប់​ទៅវិញ តាម​បទបញ្ញត្តិ​នៃ​ច្បាប់​ភូមិបាល​ក្នុង​មាត្រា​ណាមួយ ឬ​មាត្រា​ទាំង​អស់ពី ២៥១ រហូតដល់ ២៥៣​។​​រវាង​ភាគី​ទាំងពីរ​ដែល​បាន​និយាយ​មក​ខាងលើ ដើម្បី​ដឹងថា​ដី​នោះ​ជា​ដី​អ្នកណា​តើ​គេ​ត្រូវ​ពិចារណា​លើក​ត្តា​អ្វីខ្លះ​?​ដូច​បាន​និយាយ​ខាងលើ កត្តា​ដែល​ត្រូវ​ពិចារណា​គឺ រវាង​អ្នក​ទាំងពីរ តើ​អ្នកណា​កាន់កាប់​ដី​នោះ​មុនគេ​។ កាលណា​មាន​ជម្លោះ​ដូច្នេះ ប័ណ្ណកម្មសិទ្ធិ​គ្រាន់តែ​ជា​ឯកសារ​ដំបូង​ប៉ុណ្ណោះ មិនមែនជា​ភស្តុតាង​មិនអាច​បដិសេធ​បាន​នោះទេ (​សូម​មើល​មាត្រា ៤០ នៃ​ច្បាប់​ភូមិបាល​)​។ ភោគៈ​ត្រឹមត្រូវ ត្រូវមាន​ឧត្តមភាព​លើ​ឯកសារ​កម្មសិទ្ធិ កាលណា​មានទំនាស់​រវាង​អ្នកកាន់កាប់​ជាក់ស្តែង និង អ្នកមាន​ប័ណ្ណកម្មសិទ្ធិ (​សូម​មើល​មាត្រា ៣០ នៃ​ច្បាប់​ភូមិបាល​)​។​​ចុះបើ​ដើមបណ្តឹង​ជា​សម្បទា​និក​ដី​សម្បទាន​សេដ្ឋកិច្ច តើ​សិទ្ធិ​របស់​ភោគី​ជាក់ស្តែង​មាន​ឧត្តមភាព​លើ សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​ដែរឬទេ​?​កាលណា​មានទំនាស់​រវាង​អ្នកកាន់កាប់​ដី​ជាក់ស្តែង និង​ដី​សម្បទាន​សេដ្ឋកិច្ច គេ​ត្រូវ​មើល​កត្តា​ពីរ គឺ តើ​អ្នក​ដែល​អះ​អាត​ថា​ខ្លួន​ជា​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ពិតជា​អ្នក​ដែល​បាន​សម្បទាន​ស្របច្បាប់​ឬទេ​។ អ្នក​ដែលមាន​សម្បទាន​ស្របច្បាប់​ត្រូវមាន​កិច្ចសន្យា​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច​របស់រ​ដ្ឋា​ភិ​បាល ហើយ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​សុរិយោដី​។ បើ​គ្មាន​ឯកសារ​ទាំងពីរ​នេះ​ទេ គាត់​មិនទាន់​ក្លាយជា​ម្ចាស់​សម្បទាន​នៅឡើយ​ទេ​។ បើ​គាត់​ពិតជា​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​មែន មិនមាន​សេចក្តី​ថា គាត់​អាចជា​ម្ចាស់​សម្បទាន​ដី​ទាំងអស់ ដោយ​ក្តោប​ទាំង​ដី​របស់​អ្នក​ដែល​រស់នៅ​លើដី​នោះ​យូរលង់​មកហើយ​ទេ លើកលែងតែ​អ្នក​ដែល​រស់នៅ​លើដី​នោះបាន​ព្រមព្រៀង​ដោយ​ត្រឹមត្រូវ​ប្រគល់​ដី​នោះ​ឲ្យ​ទៅ​សម្បទា​និក​។ ​ឥឡូវ​ត្រឡប់មក​រឿង​បទល្មើស​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​វិញ​។ តើ​ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ សុទ្ធតែ​ត្រូវ​ជាប់ទោស​ពីបទ​មជ្ឈិម​ទាំងអស់​ឬ​?​នេះ​អាស្រ័យ​លើ​ចេតនា​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​ខូចខាត​។ នឹង​អាចដាក់​ទោស​បាន​គេ​ត្រូវ​កំណត់​សភាព​ផ្លូវ​គំនិត​របស់​អ្នកប្រព្រឹត្ត គឺថា អ្នក​បំផ្លិចបំផ្លាញ​ត្រូវមាន​គំនិត​៖១.​ ​ដឹងថា​ទ្រព្យ​នោះ​ជា​របស់​អ្នកដទៃ​៖ ដឹងថា​ជា​របស់គេ តែ​ចង់​បំផ្លាញ​វត្ថុ​នោះ​។ បើ​គាត់​ច្រឡំ​ថា​ជា​របស់គាត់​ហើយ បំផ្លាញ​របស់​នោះ នោះ​គាត់​គ្មាន​ចេតនា​បំផ្លាញ​ទ្រព្យ​អ្នកដទៃ​ទេ គឺ​គាត់​មាន​ចេតនា​បំផ្លាញ​របស់គាត់​។​២.​ ​ដឹងថា​អំពើ​របស់ខ្លួន​ជា​អំពើ​បំផ្លាញ​។ ជួនកាល​គាត់​មិនដឹងថា​អំពើ​របស់គាត់​នឹងមាន​អានុភាព​អាច​បំផ្លាញ​របស់​សំខាន់​មួយ​បាន ឧទាហរណ៍ មនុស្ស​ម្នាក់​ទម្លាក់​ឈើ​លើ​ឡាំង​មួយ​ដែល​មិនដឹងថា​មាន​អំពូល​ថ្នាំពេទ្យ​ពេញ ធ្វើ​ឲ្យ​បែកខ្ទេច​។​​ចុះបើ​មនុស្ស​ម្នាក់​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​របស់​អ្នកដទៃ​ទេ តែ​គាត់​ធ្វេសប្រហែស តើ​គាត់​មានទោស​ដែរឬទេ​?​នេះ​អាស្រ័យ​លើ​មធ្យោបាយ​ដែល​គាត់​ប្រើប្រាស់​ដែល​នាំ​ឲ្យ​មានការ​ខូចខាត​។ ច្បាប់​គិតពី​សុវត្ថិភាព​នៃ​ការប្រើ​របស់​ផ្សេងៗ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ ដូចជា​ការប្រើ​វត្ថុ​ដែលមាន​ចំហេះ ការប្រើ​គ្រឿងផ្ទុះ​ជាដើម​។ ច្បាប់​តម្រូវ​ឲ្យ​មនុស្ស​ប្រើប្រាស់​របស់​ទាំងនេះ ដោយ​ការយកចិត្តទុកដាក់​បំ​ផុត ព្រោះ​វា​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទ្រព្យសម្បត្តិ​ផង ដល់​មនុស្ស​ផង​។ ដូច្នេះ ជន​ណា​ធ្វេសប្រហែស​ជន​នោះ​ត្រូវ​ទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ ឧទាហរណ៍ ការធ្វេសប្រហែស​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​អ្នកដទៃ ដោយ​ប្រើ​ភ្លើង ឬ គ្រឿងផ្ទុះ​ត្រូវ​មានទោស​ពី ១ ខែ ទៅ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ សែន​ទៅ ២ លាន​រៀល​។​​តើ​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ អាច​រាប់បញ្ចូល​ជា​ទ្រព្យ​អ្នកដទៃ​បានដែរ​ឬទេ​?​គ្មាន​ចម្លើយ​ជាក់លាក់​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ទេ​។ ពាក្យ​អ្នកដទៃ​គួរតែ​មានន័យថា​បុគ្គល​ឯកជន​។ ក្នុង​ក្រមព្រហ្មទណ្ឌ​មានការ​និយាយ​ពិសេស​ពី​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ គឺ​ការបំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ ធ្វើ​ឲ្យ​ខូចខាត​បណ្ណ​ប្រកាស​ឬ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​របស់​រដ្ឋបាល (​មាត្រា ៤២០)​។ ក្រៅពីនេះ​មិនឃើញ​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ទេ (vandalism)​។​

  • 1
  • 2(current)