-
កម្លាំងសមត្ថិកិច្ចឆែកឆេរពលរដ្ឋធ្វើដំណើរចូលភ្នំពេញ
- ថ្ងៃចេញផ្សាយ ៥-កញ្ញា-២០១៣
តាំងពីព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ មានសមត្ថកិច្ចនគរបាលកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ត្រូវចាត់តាំងឲ្យទៅប្រចាំការតាមចំណុចមួយចំនួនតាមដងផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់ពីតាមខេត្តនានា ចូលមករាជធានីភ្នំពេញ។ មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថឲ្យដឹងថា កម្លាំងចម្រុះទាំងនោះមានភារៈឆែកឆេររកអាវុធដើម្បីការពារ សុវត្ថិភាព នៅគ្រាដែលថ្ងៃធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងខិតជិតមកដល់នៅថ្ងៃទី៧ ខែកញ្ញា។ កម្លាំងសមត្ថកិច្ចចម្រុះឆែកឆេររថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ ដែលផ្ទុកមនុស្សច្រើនចូលមករាជធានីភ្នំពេញ។ ការឆែកឆេរនេះធ្វើឡើងចំពេលដែលមានមន្ទិលសង្ស័យថា អាចជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលដើម្បីរារាំងមិនឲ្យពលរដ្ឋនៅ តាមបណ្ដាខេត្តផ្សេងៗ ចូលរួមធ្វើមហាបាតុកម្មអហិង្សាដែលរៀបចំឡើងដោយគណបក្សប្រឆាំង។ ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលឃើញហេតុការណ៍នេះ ឲ្យដឹងថា កម្លាំងនគរបាល និងកងរាជអាវុធហត្ថប្រមាណ ២០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ឈរឃ្លាំមើលរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវ ជាតិលេខ៣ ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចផ្លូវកែងក្បែរវត្តស្លែង៕ អត្តបទដកស្រង់ពីវិទ្យុអាស៊ីសេរីចុះផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣។