-
មតិអ្នកសង្កេតការណ៍ចំពោះមហាបាតុកម្មអហិង្សារបស់បក្សសង្គ្រោះជាតិ
- ថ្ងៃចេញផ្សាយ ៩-កញ្ញា-២០១៣
អ្នកសង្កេតការណ៍ជាតិចំនួន ២០០នាក់ មកពីអង្គការក្នុងស្រុកចំនួន ៤០អង្គការ ត្រូវបានគេដាក់ពង្រាយលាយឡំហ្វូងបាតុកររាប់ម៉ឺននាក់។ អ្នកសង្កេតការណ៍មួយរូបមកពីអង្គការសមធម៌ លោក ប៊ុន មករា ដែលកំពុងឈរជ្រកម្លប់ ក្បែរទីលានប្រជាធិបតេយ្យ សង្កេតឃើញថា ក្រុមបាតុករមានសណ្ដាប់ធ្នាប់ល្អ។ ចំណែកអ្នកសង្កេតការណ៍ កញ្ញា កោល សិលា មកពីអង្គការសមធម៌ដែរនោះ ក៏យល់ឃើញប្រហាក់ប្រហែលគ្នាដែរ។ មន្ត្រីបក្សសង្គ្រោះជាតិ អះអាងថា មានអ្នកចូលរួមប្រហែល ៣ម៉ឺននាក់ ខណៈកាសែតបរទេសខ្លះដាក់ថា ក្រុមបាតុករមានចំនួនរាប់ពាន់នាក់។ អ្នកសង្កេតការណ៍មកពីអង្គការសិទ្ធិលំនៅឋាន កញ្ញា ឡុង គឹមហ៊ាង ចាប់អារម្មណ៍ចំណុចបីសំខាន់ គឺក្រុមបាតុករហាក់ចេះប្រុងប្រយ័ត្នការពារសន្តិសុខខ្លួនឯងបានយ៉ាងប្រុងប្រយ័ត្ន ថែមទាំងចេះរក្សាអនាម័យទៀតផង។ តែអ្វីដែលកញ្ញាចាប់អារម្មណ៍នោះ គឺក្រុមគិញសម្ងាត់រដ្ឋាភិបាលស្លៀកពាក់ស៊ីវិល ដើរស៊ើបការណ៍ក្នុងហ្វូងបាតុករ។បាតុករភ្ញាក់ផ្អើលមើលមនុស្សហែកដំបូលក្បឿងអគារក្បែរទីលានប្រជាធិបតេយ្យថតរូប លោក សម រង្សី កំពុងថ្លែងសារនយោបាយ នៅថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៣។ ចុងបញ្ចប់ ប្រធានក្រុមអ្នកសង្កេតការណ៍ លោក សួន ប៊ុនស័ក្ដិ អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃថា បាតុកម្មនៅទីលានប្រជាធិបតេយ្យបានដំណើរការល្អ។ តែលោកអាក់អន់ចិត្តចំពោះអាជ្ញាធរតាមខេត្ត ដែលរំខានប្រជាពលរដ្ឋមិនឲ្យឡើងមកចូលរួមបាតុកម្មនៅភ្នំពេញបាន៕ អត្តបទដកស្រង់ពីវិទ្យុអាស៊ីសេរីចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣។