-
តុលាការឲ្យពលរដ្ឋ៤នាក់ ក្នុងចំណោម៦នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចនៅស្ពានក្បាលថ្នល់ នៅក្រៅឃុំបណ្តោះអាសន្ន
- ថ្ងៃចេញផ្សាយ ១០-តុលា-២០១៣
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅរសៀលនេះថា ពលរដ្ឋ ៤នាក់ ដែលត្រូវបានឃុំឃាំង នៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប៉ះទង្គិចដោយហិង្សា កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅស្ពានអាកាសក្បាលថ្នល់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំប៉ុណ្ណោះអាសន្ន ចំណែក២នាក់ទៀត នឹងត្រូវដោះលែងនៅពេលឆាប់នេះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ លោក ហូរ វ៉ាន់ ឲ្យដឹងថា សេចក្តីសម្រេចរបស់ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ មិនត្រូវបានបញ្ជាក់ឲ្យដឹងពីមូលហេតុនោះទេ។ លោកចាត់ទុកថា នេះជាភាពមិនប្រក្រតីមួយ ៖ \"ប៉ុន្តែការដោះលែងនេះ រៀងតក់ក្រហល់ ដោយថាអត់មានបានជូនដំណឹងមកមេធាវី អត់បានឲ្យមេធាវីដឹង ហើយយកមកតុលាការ ស្រាប់ដោះលែងនៅតុលាការតែម្តង បើមើលទៅវាដូចមិនប្រក្រតី ការដោះលែងហ្នឹងដូចថាអត់មាននីតិវិធី ហាក់ដូចជាចង់វៀងមិនឲ្យមហាជនដឹង មិនឲ្យគណបក្សប្រឆាំងដឹង\""។ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ លោក សួស សំអាត បដិសេធប្រាប់ពីមូលហេតុនៃសេចក្តីសម្រេចរបស់លោក។ពលរដ្ឋ ៤នាក់ ដែលត្រូវបានដោះលែងនៅក្រៅឃុំនោះមាន លោក សុង និស្ស័យ អាយុ២១ឆ្នាំ លោក តាំង ដុនស៊ាង អាយុ១៨ឆ្នាំ លោក ឡាញ់ សាមឿន អាយុ៣៣ឆ្នាំ និងលោក វ៉ា ណុន អាយុ៤០ឆ្នាំ។ ចំណែក យុវជន ពីរនាក់ ដែលកំពុងរៀបចំឯកសារ មានឈ្មោះ លោក ង្វៀង ធីឌឹក អាយុ២០ឆ្នាំ លោក ឯក ចាន់នូ អាយុ១៧ឆ្នាំ។អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត សាទរចំពោះការដោះលែងនេះ តែលោកជំរុញឲ្យសមត្ថកិច្ចស៊ើបអង្កេតបន្ថែម ចំពោះករណីនេះ ដោយលោកជឿជាក់ថា ពលរដ្ឋទាំងនោះ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ៖ \""ប៉ុន្តែអ្វីដែលសំខាន់ អ្នកទាំង៦នាក់ហ្នឹង បើតាមការស្រាវជ្រាវរបស់យើង គឺថា គាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ហ្នឹងទេ ពីព្រោះអ្នកទាំង៦នាក់ហ្នឹង គ្រាន់តែជាអ្នកដែលធ្វើដំណើរឆ្លងកាត់ ហើយជួបនឹងហេតុការណ៍នៃអំពើហិង្សាដែលកើតឡើង ហើយត្រូវបានកងកម្លាំងហាមឃាត់ និងចាប់ខ្លួន\""។នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ លោក ហូរ វ៉ាន់ បានសរសេរលិខិតផ្ញើជូនលោក សួស សំអាត ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ សុំអនុញ្ញាតចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៦នាក់នោះ ដែលកំពុងជាប់ពន្ធនាគារព្រៃស នៅម៉ោង៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ប៉ុន្តែគម្រោងនេះត្រូវបានលុបចោល បន្ទាប់ពីជនជាប់មួយចំនួន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅស្ពានអាកាសក្បាលថ្នល់ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលជាថ្ងៃគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មលើកទី២ ទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ពលរដ្ឋទាំង៦នាក់ ដែលអះអាងថា ជាអ្នកដំណើរធម្មតា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ចោទពីបទប្រើហិង្សាដោយចេតនាទៅលើសមត្ថកិច្ច និងបំផ្លាញទ្រពសម្បត្តិរដ្ឋដោយចេតនា។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១០ខែតុលា ឆ្នាំ២០១៣៕"