• ព្រះសង្ឃបិណ្ឌបាតពីលោក ហ៊ុន សែន ដើម្បីឲ្យអាជ្ញាធរបញ្ឈប់គំរាមកំហែងតាមវត្ត

    • ថ្ងៃចេញផ្សាយ ១៥-តុលា-២០១៣

    បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម បិណ្ឌបាត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បញ្ជា​ទៅ​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការគំរាមកំហែង​ព្រះសង្ឃ​នៅតាម​វត្ត បន្ទាប់ពី​ព្រះសង្ឃ​ចូលរួម​សកម្មភាព​សង្គម​។​​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា​នេះ ព្រះអង្គ ប៊ុត ប៊ុន​តេង មាន​ថេរ​ដីកា​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​ដាក់​ប៉ូលិស ឃ្លាំមើល​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម​ទូទាំង​រាជធានី​-​ខេត្ត គំរាម​ព្រះសង្ឃ​មិន​ឲ្យ​ចូលរួម​ក្នុងការ​សម្តែង​មតិ​ផ្សេងៗ​ទាក់ទង​នឹង​រឿង​អយុត្តិធម៌​សង្គម​នោះ ធ្វើ​ឲ្យ​កម្ពុជា​ទទួលរង​ការ​អាប់ឱន និង​ជាប់​គាំ​នយោបាយ​បន្តទៀត ៖ "​អ​ត្មា​សុំ​បិណ្ឌបាត​ឲ្យ​ចម្រើនពរ​ជា​អនុសាសន៍ គួរតែបញ្ឈប់​ការគំរាមកំហែង​មកដល់​ព្រះសង្ឃ ពីព្រោះ​ការជាប់គាំង​នយោបាយ​នេះហើយ ដែល​ធ្វើ​ឲ្យ​មានការ​គំរាមកំហែង​ដល់​ព្រះសង្ឃ បើសិន​ជាមាន​ការជាប់​គាំង​នយោបាយ​ហើយ​មានការ​គំរាមកំហែង​ព្រះសង្ឃ និង​ធ្វើ​ឲ្យ​មាន​លទ្ធផល​អាក្រក់​បីយ៉ាង លទ្ធផល​អាក្រក់​ទីមួយ រដ្ឋាភិបាល​បាល​នឹង​សំអុយ​ជាតិ​ខ្លួនឯង​ចោល លទ្ធផល​ទី​ពីរ រដ្ឋាភិបាល​នឹងធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ប្រទេស​របស់ខ្លួន លទ្ធផល​ទី​បី រដ្ឋាភិបាល​ធ្វើ​ឲ្យ​ប្រជាជនមាន​ជម្លោះ​ពាក្យសម្តី​រវាង​បក្ស​មួយ​ទៅ​បក្ស​មួយ​"​។​​ព្រះអង្គ ប៊ុត ប៊ុន​តេង ឲ្យ​ដឹងថា បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម បង្កើតឡើង​នៅ​ខែកញ្ញា ឆ្នាំ​២០១៣ ដើម្បី​ការពារ និង​ស្វែងរក​យុត្តិធម៌​ជូន​ព្រះសង្ឃ​ដែល​ត្រូវបាន​គេ​គំរាមកំហែង ដោយសារ​ការចូលរួម​បញ្ចេញមតិ​ស្របច្បាប់​ជាដើម​។ បច្ចុប្បន្ននេះ មាន​សមាជិក ជា​ព្រះសង្ឃ ៣​ពាន់​អង្គ មកពី​បណ្តា​ខេត្ត​ចំនួន​៤ គឺ​ខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង សៀមរាប និង​រាជធានី​ភ្នំពេញ​។​​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ព្រះសង្ឃ​មាន​សិទ្ធិ​ដូច​និង​ប្រជាពលរដ្ឋ​ធម្មតា​ដែរ ក្នុងការ​សម្តែង​មតិ តែ​ត្រូវ​ស្ថិតនៅក្រោម​ក្របខណ្ឌ​ច្បាប់​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល ដាក់​ប៉ូលិស​ឃ្លាំមើល​ព្រះសង្ឃ​ចូលរួម​សម្តែង​មតិ​ផ្សេងៗ ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​សង្គម ៖ "​ព្រះសង្ឃ​ក៏​ជា​ពលរដ្ឋ​ដែរ ហើយ​អញ្ចឹង​លោក​មាន​សិទ្ធិ ប៉ុន្តែ​គ្រាន់តែ​ថា​រាជរដ្ឋាភិបាល លោក​ធ្វើ​ទៅតាម​បទបញ្ជា ទៅតាម​តួនាទី​និង​ភារកិច្ច​របស់លោក ដែល​ច្បាប់​បានប្រគល់​ឲ្យ ហើយ​និង​ធ្វើយ៉ាងណា​ដើម្បី​ថែរក្សា និង​ការពារ នូវ​សុវត្ថិភាព សន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ អាហ្នឹង​ខ្ញុំ​គ្រាន់តែ​ជម្រាប់​ប៉ុណ្ណឹង​ទេ រាជរដ្ឋាភិបាល​លោក​បានរៀបចំ​ទៅតាម​អ្វីដែល​មានចែង​ក្នុង​ច្បាប់​ដែល​បានប្រគល់​ឲ្យ​លោក​"​។​​ការ​បិណ្ឌបាត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច បាន​ចុះទៅ​ឡោមព័ទ្ធ​កុដិ​មួយចំនួន​នៅ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៩ ខែតុលា​នេះ ដោយ​មិន​ប្រាប់​ពី​មូលហេតុ ធ្វើ​ឲ្យ​ព្រះសង្ឃ​មានការ​ភ័យខ្លាច​។ សមត្ថកិច្ច​បាន​រក​ព្រះសង្ឃ​មួយអង្គ ព្រះនាម ងី​ម សៅរ៍​សំខាន់ ដែល​ធ្លាប់​ចូលរួម​ធ្វើ​មហា​បាតុកម្ម គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​ទាមទារ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​មួយ​កន្លងមក​។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដាក់​ប៉ូលិស​ឃ្លាំមើល​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម និង​ការគំរាមកំហែង​ព្រះសង្ឃ​មិន​ឲ្យ​ចូលរួម​សម្តែង​មតិ ដើម្បី​សន្តិភាព​សង្គម គឺជា​ការ​បំបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​ដែល​ធានា​ដោយ​ច្បាប់​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣៕