• កម្ពុជា​នឹងដាក់​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​ទៅ​អ​.​ស​.​ប​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៣

    • ថ្ងៃចេញផ្សាយ ២៧-តុលា-២០១៣

    រដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​បាន​សន្យាថា នឹងដាក់​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​ទៅ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នៅ​ដើម​សប្ដាហ៍​ខាងមុខនេះ​។ ទន្ទឹមនឹងនេះ បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវ​រង​ការស្ដីបន្ទោស​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ថា រដ្ឋាភិបាល​បាន​រំលោភសិទ្ធិ​មនុស្ស​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ ដែល​គួរ​មានការ​កែទម្រង់​ឲ្យ​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន​។​​របាយការណ៍​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​ចេញ​ដោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ សរសេរថា រាជរដ្ឋាភិបាល​កម្ពុជា នឹងដាក់​របាយការណ៍​របស់ខ្លួន​ជា​លើក​ទី​ពីរ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៨ តុលា ខាងមុខនេះ​។​​បើទោះជា​បែបណា អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ចាត់ទុកថា រដ្ឋាភិបាល​នៅតែមាន​ភាព​ព្រងើយកន្តើយ​ក្នុងការ​ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស ដូច​ការសន្យា​របស់ខ្លួន​នៅឡើយ​។​​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ គិតថា រដ្ឋាភិបាល​ហាក់​អនុវត្តបាន​តិចតួច​អំពី​ការប្រយុទ្ធប្រឆាំង​ការរំលោភ​សិទ្ធិមនុស្ស​នេះ​។ លោក​បន្តថា ការខកខាន​ក្នុងការ​អនុវត្ត​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ដូច​ការសន្យា នឹងធ្វើ​ឲ្យ​កម្ពុជា ប៉ះពាល់​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ ដែល​រដ្ឋាភិបាល​បាន​ធានា និង​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នេះ​៖ «​សិទ្ធិ​មួយទៀត​ដែល​យើង​មិនបាន​គោរព​ហើយ គឺជា​សិទ្ធិ​ដាច់ខាត​ដែរ ហើយ​ខ្វះខាត​ទាំងស្រុង​តែម្ដង គឺ​សិទ្ធិ​កាត់ទោស​ដោយ​តុលាការ​ឯករាជ្យ ឥត​លម្អៀង និង​មាន​សមត្ថភាព និង​បង្កើត​ដោយ​ច្បាប់​។ យើង​ឥត​ទាន់​មាន​បង្កើត​អី​បាន​ស្រួលបួល​ហ្នឹង​ទេ​»​។​​លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល បដិសេធ​ក្នុង​ការផ្ដល់​សេចក្ដីលម្អិត​អំពី​របាយការណ៍​នេះ ដោយ​លោក​អះអាងថា នឹងមិន​ទម្លាយ​ព័ត៌មាន​ណាមួយ​តាម​ទូរស័ព្ទ អំពី​សេចក្ដីព្រាង​នៃ​របាយការណ៍​នេះឡើយ​៖ «​សុំទោស​ខ្ញុំ​មិន​ផ្ដល់​សម្ភាស​តាម​ទូរស័ព្ទ​ទេ​បាទ​»​។​​ទន្ទឹមនឹងនេះ មន្ត្រី​រដ្ឋាភិបាល ក៏​ពុំ​អាច​ស្នើសុំ​ការអត្ថាធិប្បាយ​បាន​ភ្លាមៗ​ដែរ នៅ​ថ្ងៃទី​២៦ ខែតុលា​។​​នៅ​រៀងរាល់​បួន​ឆ្នាំកន្លះ​ម្ដង រដ្ឋ​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ទាំង ១៩៣​ប្រទេស ក្នុងនោះ​មាន​ប្រទេស​កម្ពុជា ផង ត្រូវធ្វើ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដើម្បី​ត្រួតពិនិត្យ ហើយ​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សាមី​ឡើង​ការពារ​របាយការណ៍រ​បស់​ខ្លួន​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​របាយការណ៍​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​​កាលពី​ខែសីហា ឆ្នាំ​២០០៩ កន្លងទៅ កម្ពុជា ក៏​ធ្លាប់​បានធ្វើ​សេចក្ដីព្រាង​នៃ​របាយការណ៍​អំពី​សិទ្ធិមនុស្ស​នេះ​ម្ដង​ដែរ​។​​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា រដ្ឋាភិបាល​កម្ពុជា បាន​ខកខាន​ម្ដង​ជា​ពីរដង អំពី​ការសន្យា​របស់ខ្លួន​ក្នុង​ការធ្វើ​របាយការណ៍​នេះ ដាក់ជូន​អង្គការសហប្រជាជាតិ​។ បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល​មាន​ភាព​ព្រងើយកន្តើយ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរំលោភ​សិទ្ធិមនុស្ស​ថែមទៀត​៕អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA)ចុះផ្សាយ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៣៕