• អាជ្ញាធរខេត្ត​ព្រៃវែង​បើក​ឲ្យ​មាន​វេទិកាសាធារណៈ​លើកដំបូង​

    • ថ្ងៃចេញផ្សាយ ២៩-តុលា-២០១៣

    មន្ត្រី​ក្រុមប្រឹក្សា​ស្រុក និង​មន្ត្រី​ក្រុមប្រឹក្សាឃុំ នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៨ តុលា បានរៀបចំ​ចាត់​ឲ្យ​មាន​វេទិកាសាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ​យោបល់​បញ្ហា​ផ្សេងៗ ដែល​កើតមាន​ក្នុង​មូលដ្ឋាន​។ អាជ្ញាធរ ឲ្យ​ដឹងថា វេទិកា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។​​វេទិកាសាធារណៈ​នេះ រៀបចំឡើង​នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ហើយ​បញ្ហា​ដែល​លើកឡើង​ជាសំខាន់ គឺ​បញ្ហា​កសិកម្ម និង​សុខាភិបាល​។​​មន្ត្រី​ក្រុមប្រឹក្សាឃុំ បាន​ឲ្យ​ដឹងថា វេទិកា​នេះ​បានរៀបចំ​ចាត់​ឲ្យ​មានការ​សួរ​ឆ្លើយ​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដោយមាន​មន្ត្រី​ក្រុមប្រឹក្សាឃុំ​ជា​អ្នកសម្របសម្រួល​កម្មវិធី ក្នុង​រយៈពេល​ប្រមាណ​ជិត ២​ម៉ោង​។​​ជំទប់​ទី​១ ឃុំ​ជៃ​កំពត លោក អ៊ុំ ឡា​ច មានប្រសាសន៍​នៅ​ថ្ងៃទី​២៨ តុលា ថា អាជ្ញាធរ​ដែល​ចូលរួម​សម្រាប់​ឆ្លើយ​សំណួរ​ប្រជាពលរដ្ឋ រួមមាន មេឃុំ មន្ត្រីប៉ូលិស មន្ត្រី​ពេទ្យ​មណ្ឌល​សុខភាព និង​នាយក​សាលា​ក្នុង​ឃុំ​។ លោក​ថា បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ក្នុង​វេទិកា​ភាគច្រើន ជា​បញ្ហា​ទុក្ខលំបាក​ជាក់ស្ដែង​របស់​អ្នកភូមិ​៖ «​បញ្ហា​ទី​១ ជួបប្រទះ​ផ្នែក​ខាង​កសិកម្ម ទឹកជំនន់​អីហ្នឹង​។ បញ្ហា​ទី​២ ទុក្ខ​កង្វល់​របស់​ពួកគាត់ បញ្ហា​ទំនាស់​ផ្សេងៗ ដូចជា​រឿង​ប្លង់ដី​មិនទាន់​ធ្លាក់​។ បញ្ហា​ទី​៣ បញ្ហា​ដែល​ការងារ​សុខាភិបាល​។ បញ្ហា​ទី​៤ ផ្នែក​ខាង​ទំនាស់​ដីធ្លី​។ បញ្ហា​ទី​៥ រឿង​អំពើហិង្សា​។ បញ្ហា​ទី​៦ រឿង​បញ្ហា​ដាំ​ដើមឈើ​តាម​មូលដ្ឋាន​តាម​ដី​នីមួយៗ​បញ្ហា​អស់ហ្នឹង​»​។​​លោក អ៊ុំ ឡា​ច បន្តថា បន្ទាប់ពី​ទទួលបាន​បញ្ហា​ហើយ តម្រូវ​ឲ្យ​អាជ្ញាធរ​ដែលមាន​ការពា​ក់​ព័ន្ធ​ឡើង​ឆ្លើយ​សំណួរ ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ភ្លាមៗ​។ លោក​ថា ចំពោះ​បញ្ហា​ណា​ដែល​អាជ្ញាធរ​ដោះស្រាយ​មិន​ចេញ នឹង​នាំ​បញ្ហា​ទាំងនោះ​បញ្ជូនទៅ​ឲ្យ​ថ្នាក់លើ​ជួយ​ដោះស្រាយ​បន្ត​។​​កម្មវិធី​វេទិកាសាធារណៈ​នេះ រៀបចំឡើង​លើក​ទី​១ នៅ​ភូមិ​ជៃ​កំពត ឃុំ​ជៃ​កំពត ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ដែលមាន​ប្រជាពលរដ្ឋ​ចំនួន ២​ភូមិ ក្នុង​ឃុំ​ជៃ​កំពត ចូលរួម​ប្រមាណ​ជាង ១០០​នាក់ ក្នុងនោះ​រួមមាន ប្រជាពលរដ្ឋ​មកពី​ភូមិ​ជៃ​កំពត និង​ភូមិ​ប្រថ្ម​។​​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា លោក ឃឹម សានី រស់នៅ​ភូមិ​ជៃ​កំពត ឃុំ​ជៃ​កំពត ឲ្យ​ដឹងថា ទុក្ខលំបាក​របស់​អ្នកភូមិ​ដែល​បានដាក់​សួរ​ទៅ​អាជ្ញាធរ​ភាគច្រើន​ទៅលើ​បញ្ហា​កសិកម្ម និង​ផ្នែក​សុខាភិបាល​។ លោក​ថា អាជ្ញាធរ​ឆ្លើយ​សំណួរ​របស់​ប្រជាពលរដ្ឋ​មិនបាន​គ្រប់​ជ្រុងជ្រោយ​ខ្លឹមសារ​សំណួរ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​នោះឡើយ​៖ «​ខ្ញុំ​គ្មាន​អី​ក្រៅ​អំពី​ផ្នែក​កសិកម្ម​ហ្នឹង​ទេ​។ កាលណា​ផលិត​ដាំ​ដុះ​បាន​ផលិតផល​ហ្នឹង​ទៅ​លក់​ទៅ វា​ថោក ហើយ​ប្រេង​គេ​វា​ឡើងថ្លៃ ហ្នឹង​ចាប់អារម្មណ៍​របស់ខ្ញុំ​ជា​ចម្បង​ហើយ​ហ្នឹង​។ ហើយ​ឥឡូវ​ហ្នឹង​ថា​ឲ្យ​ផ្នែក​រដ្ឋាភិបាល​មកជួយ​ដោះស្រាយ​អា​រឿង​បញ្ហា​ហ្នឹង ព្រោះ​ខាង​ខ្ញុំ​ធ្វើ​ស្រូវ​ហ្នឹង​វា​ពឹង​ផ្អែកទៅលើ​ជី​ប្រេង​ហ្នឹង​។ ដល់​តែ​ស្រូវ​ថោក គ្រូ​អើយ​ខាត ហើយ​បើ​មិន​ធ្វើ​វា​អត់​មាន​លុយ​ដោះ​គេ​»​។​​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​កម្មវិធី​របៀបនេះ ឲ្យ​បាន​ញឹកញាប់ និង​ស្នើ​ឲ្យ​យក​សំណួរ​របស់​ប្រជាពលរដ្ឋ​ទៅ​ដោះស្រាយ​ឲ្យ​ត្រូវ​តាម​អ្វីដែល​ប្រជាពលរដ្ឋ​ចង់បាន ព្រោះ​មតិយោបល់​ដែល​អ្នកភូមិ​លើកឡើង សុទ្ធសឹងតែ​ជា​ទុក្ខលំបាក​ជាក់ស្ដែង​ដែល​អាជ្ញាធរ​មានការ​ពាក់ព័ន្ធ គួរ​នាំយកទៅ​ដោះស្រាយ​ដើម្បី​កាត់បន្ថយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី (RFA) ចុះផ្សាយ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣៕