• CPP មិន​គាំទ្រ​ឲ្យ​មាន​អ្នកសារព័ត៌មាន និង​ភាគី​កណ្តាល​ចូលរួម កិច្ចចរចា​ខាងមុខ​នេះឡើយ​

    • ថ្ងៃចេញផ្សាយ ១-វិច្ឆិកា-២០១៣

    មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា គណបក្សកាន់អំណាច​នេះ មិន​គាំទ្រ​ឲ្យ​មាន​អ្នកសារព័ត៌មាន និង​ភាគី​កណ្តាល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ រវាង​គណបក្ស​ទាំងពីរ ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ឡើយ​។​​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការមិនគាំទ្រ​នេះ ដោយ​យល់ឃើញថា កិច្ចចរចា​ផ្នែក​នយោបាយ ដើម្បី​ទម្លុះ​ភាពជាប់គាំង​នយោបាយ រវាង​គណបក្ស​ទាំងពីរ គឺមាន​ការពិភាក្សា​កិច្ចការ​ផ្ទៃក្នុង​មួយចំនួន ដែល​ត្រូវ​លាក់បាំង ដូចជា បញ្ហា​សន្តិសុខ​ជាតិ​ជាដើម​។ លោក​បន្តថា គ្រាន់តែ​ចាត់តាំង​តំណាង​របស់​គណបក្ស ធ្វើ​សន្និសីទ​សារព័ត៌មាន ពី​លទ្ធផល​នៃ​ការចរចា​នេះ គឺ​គ្រប់គ្រាន់​ទៅហើយ សម្រាប់​អ្នកសារព័ត៌មាន។​កាលពី​ម្សិលមិញ​នេះ លោក សម រង្ស៊ី បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​មាន​អ្នកសារព័ត៌មាន និង​ភាគី​កណ្តាល​ចូលរួម ក្នុង​គោលបំណង​កុំ​ឲ្យ​គណបក្ស​ទាំងពីរ បកស្រាយ​ខុសគ្នា​ពីអ្វី​ដែល​បាន​ព្រមព្រៀង​នាំ​ឲ្យ​ការផ្សាយ​ព័ត៌មាន​ខុសពី​គំនិត​ដើម​របស់​ភាគី ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការចរចា​អាច​ទទួលបាន​ផ្លែផ្កា និង​មានសង្ឃឹម​ច្រើន​។​​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា យល់ថា ការបដិសេធ​បើកចំហរ​កិច្ចចរចា​នេះ គឺជា​លេស​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គេចវេស​ការចរចា ដែល​ប្រកបដោយ​តម្លាភាព និង​ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ លោក​ឲ្យ​ដឹង​ដែរ​ថា រហូតមកទល់​ពេល គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិនអាច​ទាក់ទង លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិភាក្សា​ពី​កិច្ចចរចា​ជាថ្មី​នេះ​បានឡើយ។​សម្រាប់​អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការបើកចំហរ​ទាំងស្រុង ចំពោះ​ការ​ចា​លើក​ទី​៣ គឺអាច​មាន​ផលវិបាក​សម្រាប់​គណបក្ស​ទាំងពីរ ក្នុង​ជជែក​វែកញែក ចំណុចរសើប ដែល​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​រៀងៗ​ខ្លួន និង​ពិបាក​ឈានទៅរក​ដំណោះស្រាយ​។ តែ​លោ​កថា ព័ត៌មាន​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ គឺ​គប្បី​បើកចំហរ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​អ្នកនយោបាយ ដោះស្រាយ​វិបត្តិ​នយោបាយ ។​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣១ ខែតុលា គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លក្ខខណ្ឌ​៣​ចំណុច​ក្នុង​ការចរចា គឺ​ទី​១ ស៊ើបអង្កេត​រក​ការពិត​នៃ​ការបោះឆ្នោត ទី​២ ទាមទារ​ឲ្យ​អ្នកដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លាលែង​ពី​តំណែង និង​ទី​៣ ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អង្គការ​NDI និង​អង្គការ​ខុមហ្វ្រែល ជុំវិញ​ដំណើរការ​បោះឆ្នោត​៕ អត្ថបទដកស្រង់​ពីវិទ្យុ​សម្លង​ប្រជាធិបតេយ្យ​ (VOD) ចុះផ្សាយ​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២១០៣៕