• ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤

    • ថ្ងៃចេញផ្សាយ ៦-វិច្ឆិកា-២០១៣

    រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃអាទិត្យ ទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ លើក​ទី​២​។​​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ចុះ​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ ឲ្យ​ដឹងថា ក្រុមប្រឹក្សា​មាន​អាណត្តិ​៥​ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់ នៅពេល​ក្រុមប្រឹក្សា​ថ្មី​ចូលកាន់​តំណែង​។ ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០០៩​។​​លទ្ធផល​បោះឆ្នោតក្រុមប្រឹក្សា​លើក​ទី​១ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ចំនួន​៣០២ គណបក្ស​សម រង្ស៊ី ចំនួន​៦១​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៦​អាសនៈ គណបក្ស​នរោត្តម រណ​ឬ​ទិ្ធ ៥​អាសនៈ​។ ចំណែក​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​២២៤៩​អាសនៈ គណបក្ស​សមរង្ស៊ី ៥១៨​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៥៥​អាសនៈ គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ ៣៩​អាសនៈ​។​​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ ដែល​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋសភា កាលពី​ខែមេសា ឆ្នាំ​២០០៨ ចែងថា សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​មុខតំណែង គឺជា​អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​អសកល និង​សម្ងាត់ ជ្រើស​ក្រុមប្រឹក្សា​។​​ច្បាប់​នេះ ចែង​ដែរ​ថា ការបែងចែក​អាសនៈ​ត្រូវ​អនុវត្តតាម​ប្រព័ន្ធ​សមាមាត្រ ដោយ​ត្រូវ​បែងចែក​អាសនៈ​តាម​រូបមន្ត​មធ្យមភាគ​ខ្ពស់បំផុត ដែល​ផ្អែក​តាម​ចំនួន​អាសនៈ និង​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​មណ្ឌល​។ អាសនៈ​នៃ​ក្រុមប្រឹក្សា​មាន​ចាប់ពី​៧ ដល់​២១​អាសនៈ (​ចំនួន​ជាក់ស្តែង​នៃ​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ កំណត់ដោយ​អនុក្រឹត្យ​ដែល​នឹង​ផ្សព្វផ្សាយ​យ៉ាងតិច​១២០​ថ្ងៃ មុនពេល​ផុត​អាណត្តិ​របស់​ក្រុមប្រឹក្សា​)​។ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កំណត់​មិន​លើសពី​២១​រូប​។ ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន​ពី​៩​រូប ដល់ ២១​រូប​។ ក្រុមប្រឹក្សា​ក្រុង មាន​ចំនួន​៧​រូប ទៅ​១៥​រូប​។ ចំណែក ក្រុមប្រឹក្សា​ស្រុក និង​ខណ្ឌ មាន​ចំនួន​៧​ទៅ ១៩​រូប​។ អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​(VOD) ចុះ​ផ្យា​យ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣៕