• សម្ព័ន្ធ​សង្គម​ស៊ីវិល​គ្រោង​ដង្ហែ​ក្បួន​នៅ​ភ្នំពេញ ដើម្បី​ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​

    • ថ្ងៃចេញផ្សាយ ១៣-វិច្ឆិកា-២០១៣

    សម្ព័ន្ធ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​ច្បាប់ គ្រោង​ដង្ហែ​ក្បួន នៅ​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៥ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ “​យើងទាំងអស់គ្នា​លើកស្ទួយ និង​ការពារ​យុត្តិធម៌​សង្គម​”​។​​លិខិត​ស្នើសុំ​ការអនុញ្ញាត​ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា របស់​ក្រុម​សម្ព័ន្ធ​សង្គម​ស៊ីវិល​ចំនួន​១៩ ផ្ញើជូន​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ឲ្យ​ដឹងថា ក្រុមការងារ​សង្គម​ស៊ីវិល​ចំនួន​៣០០០​នាក់​គ្រោង​ជួបជុំគ្នា​នៅមុខ​ពហុ​កី​ទ្បា​ដ្ឋា​ន​អូ​ទ្បាំ​ពិ​ក រួច​ហែ​ក្បួន​ដោយ​សន្តិវិធី កាត់​វិថី និង​មហាវិថី​មួយចំនួន ឆ្ពោះទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​។​​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រព្រឹត្ត​កម្ម (CHRAC) លោក សួន ប៊ុន​ស័ក្តិ ដែល​ចុះហត្ថលេខា​លើ​លិខិត​ស្នើសុំ​ការអនុញ្ញាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា អង្គការសិទ្ធិមនុស្ស នៅតែ​រកឃើញ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា​សិទ្ធិ​បញ្ចេញមតិ របស់​ប្រជាពលរដ្ឋ​មិនទាន់បាន​បើកទូលាយ​។ លោក​ថា អាជ្ញាធរ​នៅតែ​ប្រើ​ហិង្សា​ទៅលើ​អ្នក​បញ្ចេញមតិ ទាមទារ​រក​យុតិធម៌​ជាដើម​។ លោក​បន្តថា ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​ដោយ​សន្តិវិធី ចំណែក​អាជ្ញា​ធរមាន​តួនាទី​ការពារ​សុវត្ថិភាព​អ្នក​តវ៉ា និង​យក​បញ្ហា​របស់​ពួកគេ​ទៅ​ដោះស្រាយ គឺ​មិនមែន​បង្ក្រាប ឬ​បាញ់ប្រហារ​ទៅលើ​អ្នក​តវ៉ា ដូច​ករណី​កម្មករ​រោងចក្រ​SL​នោះទេ ៖ “​កន្លងមក​គឺ​រដ្ឋាភិបាល គាត់​មានការ​បំពេញ​កាតព្វកិច្ច សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ​បាន​ច្រើន ក៏ប៉ុន្តែ​យើង​ឃើញ​ភាគច្រើន​ប្រចាំឆ្នាំ ការបំពេញ​កាតព្វកិច្ច​សម្រួល​ឲ្យ​បាន​បញ្ចេញមតិ ឲ្យ​ស្រួល​នោះ ដូចជា​តិច ក៏ប៉ុន្តែ​ការដែល​ដាក់​វិធាន​ការតានតឹង រឹត​ត្បឹ​ត ទប់​សេរីភាព​ក្នុងការ​បញ្ចេញមតិ​នោះ​ដូចជា​ច្រើនជាង​ទៅវិញ​”​។​​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ប្រាប់​VOD​ថា មកដល់ពេលនេះ លោក​មិនទាន់​ទទួលបាន​លិខិត របស់​សម្ព័ន្ធ​សង្គម​ស៊ីវិល​នៅឡើយ​ទេ​។ ប៉ុន្តែ លោក​ថា សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បួន​ទេ ៖ “​ខ្ញុំ​គិតថា ករណី​ហែ​ក្បួន​ទាំងឡាយ មិនត្រូវ​បានអនុញ្ញាត អ​ញ្ជឹ​ង​ទេ បើ​មាន​ករណី​ដូចនេះ​មែន សាលា​រាជធានី​ភ្នំពេញ នឹងត្រូវ​អញ្ជើញ​ភាគី​សំណើរ មកជួប​ធ្វើការ​គ្នា​ឲ្យ​បាន​ហ្មត់ចត់​”​។​​លោក​បន្តថា សាលា​រាជធានី​ភ្នំពេញ​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ ដោយ​គ្រោង​អញ្ជើញ​អង្គការ​សង្គម​ស៊ីវិល​ចូលរួម ដើម្បី​ពិភាក្សា​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​លំនៅឋាន​។ លោក​ថា លោក​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ប្រារព្ធ​ទិវា​នេះ​រួមគ្នា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។ លោក​នឹង​ប្រជុំ​ពិភាក្សាគ្នា ពី​បញ្ហា​នេះ​នៅ​សប្តាហ៍​ក្រោយ​។​​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣៕