• ព្រះសង្ឃ៧អង្គ គង់នៅវត្តស្ទឹងមានជ័យ គ្រោងប្តឹងមេប៉ូលិសនិងមេប៉េអឹមរាជធានីភ្នំពេញ ករណីហិង្សានៅស្ពានស្ទឹងមានជ័យ

    • ថ្ងៃចេញផ្សាយ ១៥-វិច្ឆិកា-២០១៣

    ព្រះសង្ឃ​ចំនួន​៧​អង្គ និង​និស្សិត ដែល​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ គ្រោង​ដាក់ពាក្យ​បណ្តឹង​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពីបទ​រំលោភ​សិទ្ធិមនុស្ស​។​​ការគ្រោង​ដាក់ពាក្យ​បណ្តឹង​នេះ បន្ទាប់ពី​ព្រះអង្គ​ទាំង​៧​អង្គ ត្រូវ​ដោះលែង​កាលពី​ថ្ងៃ​អង្គារ ដោយ​រកឃើញថា មិនមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅក្បែរ​ស្ពាន​ស្ទឹងមានជ័យ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ពិត និង​របួស​ជាច្រើន​នាក់​ទៀត​។​​ព្រះ​តេជគុណ​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ ព្រះនាម យិន រតនៈ​សុធា​រី ប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុមនិស្សិត និង​ព្រះសង្ឃ កំពុង​រៀបចំ​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អង្គការ​មួយចំនួន​។ ព្រះ​តេជគុណ​បន្តថា អ្នករងគ្រោះ នឹង​ប្តឹង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ និង​មេបញ្ជាការ​កង​រាជ​អា​វុ​ជ​ហត្ថ លោក រ័ត្ន ស្រ៊ាង ដែល​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច បាញ់​កម្មករ និង​ពលរដ្ឋ​ស្លូតត្រង់ ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ និង​យុវជន​រងរបួស​ជាច្រើន​នាក់ នៅមុខ​វត្ត​ស្ទឹងមានជ័យ​។ ព្រះ​តេជគុណ មាន​សង្ឃដីកា​ថា ព្រះអង្គ មាន​ភ័ស្តុតាង​ជា​ខ្សែ​វីដេអូ និង​រូបថត ដើម្បី​បង្ហាញ​តុលាការ​ពី​ករណីនេះ​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ យុវជន​ម្នាក់​មកពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ លោក នាង សុ​ឃុន បានដាក់​ពាក្យបណ្តឹង​ទៅ​ព្រះរាជ​ធា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង លោក ជួន សុវណ្ណ និង លោក រ័ត្ន ស្រ៊ាង ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​រាជការ​សាធារណៈ ករណី​ប៉ះទង្គិច​នៅ​ស្ពាន​ស្ទឹងមានជ័យ​។​VOD មិនទាន់​អាចទាក់ទង​លោក ជួន សុវណ្ណ ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​ការដាក់​ពាក្យបណ្តឹង​នេះ បាន​នៅឡើយ​ទេ​។ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង ប្រាប់​VOD​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការដាក់​ពាក្យបណ្តឹង​នេះ គឺជា​សិទ្ធិ​របស់​បុគ្គល ដោយ​លោក​មិន​ចាប់អារម្មណ៍​នោះទេ ៖ "​ខ្ញុំ​អត់​មានអី​ផង នេះ​ជា​សិទ្ធិសេរីភាព​របស់​អ្នកប្តឹង ចុះបើ​មាន​ភ័ស្តុតាង​អី​ដាក់​ទៅ មាន​ទៅ​ថា​អី​"​។​​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ហែ​កឋិន​ចូល​កាលពីពេល​ថ្មីៗ​នេះ​។ នៅក្បែរ​វត្ត​ស្ទឹងមានជ័យ​ក៏មាន​ករណី​ដុត​រថយន្ត​នគរបាល កាលពី​ថ្ងៃ​បោះឆ្នោត ដោយសារ​អ្នកបោះឆ្នោត​រកឃើញថា មាន​ភាពមិនប្រក្រតី​។ ប៉ុន្តែ​សមត្ថកិច្ច​ពុំបាន​វាយ​បង្ក្រាប ឬ​ចាប់ខ្លួន​នរណា​ឡើយ​។​​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា ករណីនេះ តុលាការ​គប្បី​ចាត់វិធានការ​តាម​នីតិវិធី ដោយសារ​មាន​ភ័ស្តុតាង​ជា​ខ្សែ​វីដេអូ​ខ្លី​ជាច្រើន បានបង្ហាញ​ពី​មន្ត្រី​ទាំងពីរ​រូបនេះ ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ហិង្សា​នេះ ៖ "​ប្រសិន​តុលាការ មិន​ចាត់វិធានការ​តាម​នីតិវិធី​ទេ មានន័យថា តុលាការ​ផ្សំគំនិត​គ្នា​ជាមួយ​បទ​ល្មើ​ល​នេះហើយ គឺ​បិទបាំង​បទល្មើស​នេះ មិន​ធ្វើការ​ដាក់ទោស ទៅលើ​អ្នកប្រព្រឹត្ត​បទល្មើស នេះហើយ​គេ​ហៅថា អំពើ​និ​ទណ្ឌ​ភាព នេះហើយ​ដែល​មតិ​ជាតិ និង​អន្តរជាតិ កន្លងមក​តែងតែ​ទិតៀន​ថា តុលា​ការមិន​ឯករាជ្យ តុលាការ​ខ្លាច​អំនាចនីតិប្រតិបត្តិ​"។ អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣។