• ព្រឹទ្ធសភា​បក្សប្រឆាំង​នៅ​កម្ពុជា ចាត់ទុក​ការបើក​សម័យប្រជុំ​សភា​ដំបូង​គឺជា​អំពើ​ខុសច្បាប់​

    • ថ្ងៃចេញផ្សាយ ២០-វិច្ឆិកា-២០១៣

    សមាជិក​ព្រឹទ្ធសភា​ទាំង​១១​រូប មកពី​គណបក្ស​សមរង្ស៊ី បាន​ហៅ​ការបើក​សម័យប្រជុំ​សភា​ដំបូង ដែល​ធ្វើឡើង​ដោយ​ឯក​បក្ស​កាលពី​ថ្ងៃ​១២ ខែវិច្ឆិកា ថា​ជាការ​រំលោភ​ទាំងស្រុង​លើ​រដ្ឋធម្មនុញ្ញ ខណៈដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំងនេះ ព្រមាន​មិន​ចូលរួម​ប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា នេះ​។​​នៅក្នុង​សេចក្ដី​ថែ្ល​ង​ការណ៍ របស់​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សមរង្ស៊ី ដែល​ក្នុងនោះ​មាន លោក គង់ គាំ ជា​ប្រធាន​គណបក្ស​សមរង្ស៊ី មាន​ចុះហត្ថលេខា​ជាមួយ​ព្រឹទ្ធសភា ១០​រូប​ទៀត បាន​រៀបរាប់ថា ការបោះឆ្នោត ថ្ងៃទី​២៨​ខែកក្កដា គឺជា​ការកត់ត្រា​ប្រវត្តិសាស្ត្រ​នូវ​ជ័យជំនះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បោះ​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មួយ​នៅ​កម្ពុជា​។​​សេចក្ដី​ថែ្ល​ង​ការណ៍ បន្តថា កាលដែល​គណបក្ស​មួយ​ប្រជុំ​សភា​ដើម្បី​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៤ ដោយមាន​សំឡេង​តែមួយ មកពី​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ហើយ​គ្មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម គឺ​ការប្រជុំ​មួយ​ដែល​មិន​សមស្រប​ឆន្ទៈ​ប្រជាជន​កម្ពុជា និង​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ខណៈ​សហគមន៍​អន្តរជាតិ​មួយចំនួន នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ឆ្នាំ​១៩៩១ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​ថ្មី​ទៀត គឺ​ការប្រជុំ​មិនមាន​កិត្យានុភាព​ឡើយ​។​​ក្នុងន័យនេះ ព្រឹទ្ធសភា គណបក្ស​សមរង្ស៊ី បាន​អះអាងថា ការប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ដើម្បី​អនុម័ត​ច្បាប់​ថវិកា ឆ្នាំ​២០១៤ គឺ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំង​១១​រូប​នឹង មិន​ចូលរួម​ប្រជុំ​ជាដាច់ខាត​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្ល​រង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣៕