• ព្រះសង្ឃ៥អង្គ រិះគន់សកម្មភាពអាជ្ញាធរខេត្ត​ប៉ៃលិន ហាមឃាត់ការចុះចែកអំណោយដល់ ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

    • ថ្ងៃចេញផ្សាយ ២២-វិច្ឆិកា-២០១៣

    ព្រះសង្ឃ​ចំនួន​៥​ព្រះអង្គ មាន​សង្ឃដីកា​ថា អាជ្ញាធរខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ពុធ បាន​ចុះទៅ​ហាមឃាត់​សកម្មភាព​របស់​ព្រះអង្គ ដែល​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ នៅ​ឃុំ​ស្ទឹងត្រង់ និង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​​ព្រះ​តេជគុណ ឃឹម សំអឿន ព្រះជន្ម ៣៣​ព្រះវស្សា គង់នៅ​វត្តភ្នំ​ខ្ពស់ ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ថេរ​ដីកា​ថា ខណៈពេលដែល​ព្រះសង្ឃ​៥​អង្គ កំពុង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នៅ​ម៉ោង​ប្រមាណ​ជា ៥​ល្ងាច រហូតដល់​ម៉ោង​១០​យប់ អា​ជ្ងា​ធរ បាន​ចុះមក​ហាមឃាត់​ដោយ​សួររក​សំបុត្រ​បញ្ជាក់​ពី​វត្ត និង​ម្ចាស់​អំណោយ ដោយ​សង្ស័យថា ជា​ព្រះសង្ឃ​ក្លែងក្លាយ ឬក៏​មកពី​គណបក្សនយោបាយ​ណាមួយ​។ ព្រះអង្គ​មាន សង្ឃដីកា​ថា ទង្វើ​របស់​អា​ជ្ងា​ធរ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​បញ្ចេញមតិ សិទ្ធិ និង​ប្រមូលផ្ដុំ ៖ "​គេ​ចុះមក​ដើម្បី​ឆែកឆេរ​ក​សង្ឃដីកា​រហើយ​នឹង សំបុត្រ​បញ្ជាក់ ហើយ​ម្ចាស់​អំណោយ ហើយនឹង​ភាព​ពិត​ច្បាស់លាស់ ថា​តើ​អាត្មា​ហ្នឹង​គឺជា​ព្រះសង្ឃ ឫ​ជា​អ្នកបួស​ក្លែងក្លាយ ហើយ​មក​តាម​គណបក្ស​ណា គេ​មក​ឆែក​ឆែ គេ​មក​សួរ​ចឹ​ង បំណង​គេ​ហ្នឹង​គេច​ង់​ឃាត​ខ្លួន​" ។​​ព្រះ​តេជគុណ​មួយអង្គ​ទៀត ព្រះនាម ប៊ុត ប៊ុន​តេង មាន​ថេរ​ដីកា​ថា អំណោយ​ដែល​ព្រះអង្គ​បានមក​ចែក​ដល់​ប្រជាជន​រងគ្រោះ​ទឹកជំនន់ បានមកពី​ការ​រៃអង្គាស​ពី​សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ទឹកប្រាក់​ដែល​ប្រមូលបាន មាន​ចំនួន​៣២០០​ដុល្លារ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​២១០​គ្រួសារ​។ ក្រៅពី​ទឹកប្រាក់ ព្រះសង្ឃ​ក៏បាន​ចែកជូន​ប្រជាពលរដ្ឋ​នូវ​អង្ករ​ចំនួន​៥០​គីឡូក្រាម សម្រាប់​មួយ​គ្រួសារ មី​មួយ​កេស និង​គ្រឿង​បរិភោគ​ផ្សេងៗ​ទៀត​។ ព្រះអង្គ​បញ្ជាក់ថា អាជ្ញាធរ​បាន​ចុះមក​និយាយ​ពាក្យ​មិន​សមរម្យ​ទៅលើ​ព្រះសង្ឃ គំរាម​វាយ​ព្រះសង្ឃ និង​ប្រាប់​ព្រះសង្ឃ​មិនគួរ​យក​អំណោយ​មក​ចែក​នៅ​ពេលយប់​ដូច្នេះ​ទេ ៖ “​ប៉ះពាល់​គេ​ហៅ​សិទ្ធិ​បុគ្គល យើង​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ៗ គឺមាន​តួនាទី​និង​កាតព្វកិច្ច​ទទួលខុសត្រូវ​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ ធ្វើអំពើ​ក្នុង​សម្រាប់​ជាតិ​របស់ខ្លួន សិទ្ធិ​ក្នុង​ការធ្វើការងារ សិទ្ធិ​ក្នុងការ​ដើរហើរ អាត្មា​មានការ​ងារ​អាច​ដើរហើរ​បាន ព្រោះ​ក្នុង​អធិបតេយ្យភាព​របស់​ខ្មែរ អាត្មា​ជា​ជនជាតិខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ ហេតុអ្វី​អាត្មា​មិន​អាចធ្វើ​សកម្មភាព នៅ​ស្រុក​ខ្មែរ​បាន ម៉េច​ក៏​យួន​មក​បង្កើត​សមាគម​២៤​ខេត្ត​ក្រុង​លើ​ស្រុក​ខ្មែរ​កើត​”​។​​អភិបាលរង​ស្រុក​សាលា​ក្រៅ លោក សំ សារ៉េត ប្រាប់​VOD​ថា លោក មិនបាន​ហាមឃាត់​ក្រុម​ព្រះសង្ឃ ដែល​បាន​ចុះ​ចែក​អំណោយ​ទេ ដោយ​លោក​គ្រាន់តែ​ចង់ដឹងថា តើ​ការចុះ​ចែក​អំណោយ​នោះ មានការ​ជូនដំណឹង​ដល់​អា​ជ្ងា​ធរ​ដែរឬទេ​។ លោក បាន​បដិសេធ​នឹង​ការចោទប្រកាន់ថា អាជ្ញាធរ បាន​ប្រើពាក្យ​មិន​សមរម្យ​ទៅលើ​ព្រះសង្ឃ​។ លោក​បញ្ជាក់ថា ៖ "​ខ្ញុំ​និយាយ​ជាមួយ​ព្រះសង្ឃ​សុទ្ធតែជា​ពាក្យសមរម្យ​ទាំងអស់ មិនបាន​និយាយ​ដូច​ការចោទប្រកាន់​ទេ​។ លោក​បន្ដថា លោក​មាន​អារម្មណ៍​ត្រេកអរ​ណាស់​ដែលមាន​សប្បុ​រស​ជន​មក​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្ញុំ ព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​សាលា​ក្រៅ​សុទ្ធ​តែមាន​ជីវភាព​មិនសូវ​ធូរធា​រ និង​ខ្ញុំ​សង្ឃឹមថា បើ​អ្នក​ចែក​អំណោយ​លើក​ក្រោយ​ទៀត​សូម​ផ្ដល់ដំណឹង​ដល់​អា​ជ្ងា​ធរ​ផង​"​។​​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ភ្នំ​ក្រិ​ញ ឃុំ​ស្ទឹងត្រង់ អ្នកស្រី អោម សំអុល បាន​មានប្រសាសន៍ថា អ្នកស្រី និង​ភូមិ​ផ្សេងទៀត ជា​ទទួល​អំណោយ​ពី​ព្រះសង្ឃ​។ អ្នកស្រី​ចាត់ទុក​ទង្វើ​របស់​អាជ្ញា​ធរ អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​។​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣៕