• លោក ខៀវ កាញារីទ្ធ៖ រាជរដ្ឋាភិបាលកម្ពុជា គោរពវិជ្ជាជីវៈ និងការពារសុវត្ថិភាពអ្នក សារព័ត៌មាន

    • ថ្ងៃចេញផ្សាយ ២២-វិច្ឆិកា-២០១៣

    មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ​នេះ ច្រានចោល​ការចោទប្រកាន់​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​លើកឡើង​ពី​និ​ទណ្ឌ​ភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ដោយ​ចាត់ទុកថា​នេះ​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ​៤ គឺ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) បានរៀបចំ​ពិធី​ជួបជុំ​មួយ ដើម្បី​ទាមទារ​យុត្តិធម៌​ដល់​អ្នកសារព័ត៌មាន​១១​រូប​ដែល​ត្រូវបាន​សម្លាប់ កាលពី​២០​ឆ្នាំមុន​។ អង្គការ​ទាំង​៤ លើកឡើងថា និ​ទណ្ឌ​ភាព​នៅ​កម្ពុជា​នៅតែ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុងការ​ពង្រឹង​នីតិរដ្ឋ និង​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទទួលបាន​យុត្តិធម៌​។ អង្គការ​ទាំង​៤ ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ស្វែងរក​យុត្តិធម៌​ដល់​អ្នកសារព័ត៌មាន លោក ឃឹម សំបូរ ដែល​ត្រូវបាន​សម្លាប់ កាលពី​ឆ្នាំ​២០០៨ និង​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​។​​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា វា​ជា​រឿង​សោកស្តាយ​មួយ ដែល​អង្គការ​មួយចំនួន យក​បញ្ហា​និ​ទណ្ឌ​ភាព​មក​ទម្លាក់​ជា​កំហុស​លើ​រាជរដ្ឋាភិបាល ដោយសារ​នេះ​ជា​កិច្ចការ​របស់​នគរបាល ហើយ​សុំ​ណុំ​រឿង​លើ​ឃាតកម្ម​អ្នកកាសែត មិនដែល​ត្រូវបាន​បិទ​ទេ តែ​អ្វី​ជា​បញ្ហា គឺ​មិនមាន​សាក្សី​ណា ចេញមុខ​បកស្រាយ​។ លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែ​គោរព​លើ​វិជ្ជាជីវៈ​សារព័ត៌មាន បើទោះបី​អ្នកសារព័ត៌មាន រិះគន់​លើ​រដ្ឋាភិបាល​ក៏ដោយ​។ លោក​ចាត់ទុក​ការលើកឡើង​របស់​សង្គម​ស៊ីវិល គ្រាន់តែ​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ។​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ច្រានចោល​ការចោទប្រកាន់ថា ការលើកឡើង​ពី​និ​ទណ្ឌ​ភាព​អ្នកសារព័ត៌មាន​របស់​សង្គម​ស៊ីវិល​ថា ជាការ​កេងចំណេញ​នយោបាយ​។ លោក​បញ្ជាក់ថា អ្នកសារព័ត៌មាន ដែល​ត្រូវបាន​សម្លាប់​មកដល់ពេលនេះ មិន​ត្រូវបាន​វែកមុខ​រក​ឃាតក​ពិត​ឃើញ​ទេ។​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿ​ន ឈាន​ណា​រិ​ទ្ធ មានប្រសាសន៍ថា តាម​ការស៊ើបអង្កេតរ​បស់​អង្គការសិទ្ធិមនុស្ស ភាគច្រើន​នៃ​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​តាំងពី​ឆ្នាំ​១៩៩៤​មក គឺពាក់ព័ន្ធ​នឹង​នយោបាយ ដែល​តុលាការ មិនអាច​វែកមុខ​ឃាតក​បានទេ ៖ “ តុលា​ការមិន​ឯករាជ្យ គាត់​ទទួល​ឥទ្ធិពល​នយោបាយ គាត់​មិន​ហ៊ាន​ធ្វើការ​ស៊ើបអង្កេត​ទេ ខ្លាច​ទីមួយ​អាច​ត្រូវគេ​ដក​ចេញពី​តំណែង ព្រោះ​អី​រដ្ឋាភិបាល​កាលណា​គេ​មាន​ឥទ្ធិពល ទៅលើ​តុលាការ​គេ​មានអំណាច ដក​មន្ត្រី​តុលាការ​ណា​ម្នាក់​ចេញពី​តំណែង​”​។​​អ្នកសារព័ត៌មាន​ចុងក្រោយ​ដែល​ត្រូវបាន​សម្លាប់ កាលពី​ខែកញ្ញា ឆ្នាំ​២០១២ គឺ​លោក ហង្ស សេរី​ឧ​ត្ត​ម ជា​ភ្នាក់ងារ​សារព័ត៌មាន “​វីរជន​ខ្មែរ​” នៅ​ខេត្តរតនគិរី​។ សាកសព​លោក​ត្រូវបាន​ញាត់​ចូលទៅក្នុង​គូទ​រថយន្ត​របស់គាត់ ក្នុង​ចម្ការ​ស្វាយចន្ទី​មួយ នៅក្នុង​ខេត្តរតនគិរី​។ ជនសង្ស័យ​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ​ត្រូវបាន​ចាប់ខ្លួន​។ ប៉ុន្តែ តុលាការខេត្ត​បាន​ទម្លាក់​ការចោទប្រកាន់​អ្នក​ទាំងពីរ​។ ក្រោយ​ការដោះលែង សមត្ថកិច្ច​នៅតែ​មិនទាន់​បើក​ការស៊ើបអង្កេត​រក​ឃាត​កពិត​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជា​ធិបតេយ្យ (VOD)ចុះ​ផ្សាយ​ថ្ងៃ​ទី​២២ ខែ​វិច្ឋិកា ឆ្នាំ២០១៣៕