• សង្គម​ស៊ីវិល​ជំរុញ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​UN​ស្តីពី​សិទ្ធិមនុស្ស និង​ប្រព័ន្ធតុលាការ​

    • ថ្ងៃចេញផ្សាយ ២៥-វិច្ឆិកា-២០១៣

    សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​អភិបាលកិច្ច​ល្អ នៅ​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ជាថ្មីទៀត​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដីធ្លី និង​កែទម្រង់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​។​​ការជំរុញ​នេះ​ធ្វើ​ទ្បើង​ក្នុង​សន្និសីទ​មួយ​ស្តីពី “​ការដាក់​របាយការណ៍​នៅក្នុង​ដំណើរការ​នៃ​ការ​ពិនិត្យមើល​ជា​សកល​តាម​កាលកំណត់​(UPR) វគ្គ​ទី​២ សម្រាប់​កម្ពុជា​” នៅ​រាជធានី​ភ្នំពេញ​។ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រព្រឹត្ត​កម្ម ដែលមាន​២១​អង្គការ និង​សមាគម លោក សួន ប៊ុន​ស័ក្តិ រំលឹកថា អង្គការសហប្រជាជាតិ​ធ្លាប់​ដាក់​របាយការណ៍​ចំនួន​៩១​ចំណុច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត ក្នុងនោះ​រួមមាន កំណែទម្រង់​ប្រព័ន្ធតុលាការ ការរំលោភ​ដីធ្លី និង​សិទ្ធិមនុស្ស ជាដើម​។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កម្ពុជា អនុវត្ត​អនុសាសន៍​ទាំង​នោះបាន​តិចតួច​នៅឡើយ ៖ “​យើង​មាន​អនុសាសន៍​ទាក់ទង​នឹង​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​និង​តុលាការ​ជាច្រើន​ដែល​គេ​ប្រាប់​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ធ្វើ អង្គការសហប្រជាជាតិ​ប្រាប់​ឲ្យ​កម្ពុជា​ឲ្យ​ធ្វើកំណែទម្រង់​ទាក់ទង​នឹង​កំណែទម្រង់​ប្រព័ន្ធ​យុត្ដិធម៌​និង​តុលាការ យើង​មើលឃើញថា អនុសាសន៍​ទាំងអស់​ហ្នឹង បើ​ខ្ញុំ​មើលទៅ​ដូចជា​មិនបាន​ដល់​៣០​ភាគរយ​នៃ​អនុសាសន៍​ផង​ដែល​ត្រូវបាន​អនុវត្ដ​” ។​​នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​ស្តីពី​កម្ពុជា​(NGO Forum) លោក ឈិ​ត សំអាត យល់ថា របាយការណ៍​ស្តីពី​កំណែទម្រង់​ការរំលោភ​សិទ្ធិ​មនុស្ស ការបញ្ឈប់​ផ្តល់​ដី​សម្បទាន ជាដើម ដែល​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​ដាក់​ទៅ​អង្គការសហប្រជាជាតិ​។ លោក​បញ្ជាក់ថា សង្គម​ស៊ីវិល​នឹង​បន្ត​តាមដាន​លើ​បញ្ហា​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព ៖ “​ហើយ​យើង​ក៏បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ប្រទេស​ដែលជា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​និង​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​តាមដាន នៃ​ការ​អនុវត្ដ​នៃ​អនុសាសន៍​ដែល​បាន​ឯកភាព​និង​លើកឡើង​ដោយ​អង្គការសហប្រជាជាតិ ចឹ​ង​៩១​ដែល​អង្គការសហប្រជាជាតិ​បានប្រគល់​លើក​មុន​ហ្នឹង ដែល​រដ្ឋាភិបាល​បាន​ឯកភាព​ហ្នឹង តើ​អាហ្នឹង​គាត់​បានធ្វើ​ប៉ុន្មាន​ហើយ​នៅសល់​ប៉ុន្មាន​ទៀត​ចឹ​ង​យើង​មើល​អាហ្នឹង​ទៀត​នែ ៩១​បានធ្វើ​ប៉ុន្មាន​ហើយ នៅសល់​ប៉ុន្មាន​ទៀត​ត្រូវធ្វើ​ម៉េច ឫ​ក៏​៩១​ហ្នឹង​អត់​ទាន់​បានធ្វើ​ទាំងអស់ អញ្ចឹង​មាន​ធ្វើ​ខ្លះ មិនទាន់​ធ្វើ​ខ្លះ យើង​នឹងធ្វើ​ការវិភាគ​ទៅលើ​បញ្ហា អនុសាសន៍​ហ្នឹង​” ។​​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​មិន​ស្ថិតនៅក្រោម​គំនាប​សង្គម​ស៊ីវិល​ណាមួយ​ទេ​។ លោក​អះអាងថា រដ្ឋាភិបាល​មិនបាន​ច្រានចោល​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​នោះទេ​។ លោក​ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ ហើយ​កម្ពុជា​ធ្វើ​អ្វី​ដែលជា​ចំណុច​ល្អ ទៅតាម​លទ្ធភាព​របស់​ខ្លួន ៖ “​យើង​ធ្វើតាម​អ្វីដែល​យើង​អាចធ្វើ​បាន ក៏ប៉ុន្ដែ​មិនមែន​ច្រានចោល​នៃ​ការផ្ដល់​យោល​របស់គេ​ទេ យើង​ទទួល​ក៏ប៉ុន្ដែ​យើង​មាន​តួនាទី​ជា​ប្រជាជាតិ​អធិបតេយ្យ​ជ្រើសរើស​យកតែ​ចំណុច​ណាមួយ​ដែល​យើង​មានលទ្ធភាព​អាច​ធ្វើបាន​ឆ្លើយតប​ទៅនឹង​ផលប្រយោជន៍​មហាជន​របស់​យើង​បាទ​” ។​​កន្លងមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​អាណត្តិ​ទី​៥​ធ្វើកំណែទម្រង់​ស៊ីជម្រៅ លើ​ស្ថាប័ន​ជាតិ​ធំៗ ដូចជា​បញ្ហាដីធ្លី អំពើពុករលួយ អយុត្តិធម៌​សង្គម ប្រព័ន្ធតុលាការ ដើម្បី​បង្ហាញ​តម្លាភាព​របស់​ស្ថាប័ន​ជាតិ ដែល​អង្គការ​ស​ង្គ​ស៊ីវិល​ទាមទារ​យូរ​ឆ្នាំ​មកហើយ​។​​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣៕