• សង្គម​ស៊ីវិល​ទទូច​ជាថ្មី​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​លើ​សំណើសុំ​រៀបចំ​ប្រារព្ធ​ពិធី​សិទ្ធិមនុស្ស​អន្តរជាតិ​

    • ថ្ងៃចេញផ្សាយ ១-ធ្នូ-២០១៣

    សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ទទូច​ជាថ្មី​ឲ្យ​សាលា​រាជធានី​ភ្នំពេញ សម្រេច​អនុញ្ញាត​ឲ្យ​បាន​ឆាប់​លើ​សំណើ​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ព្រោះ​សំណើ​នោះ​ដាក់​ជាង​២០​ថ្ងៃ​ហើយ តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។​​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បានដាក់​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា សុំ​អនុញ្ញាត​រៀបចំ​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​។ ក្នុង​កម្មវិធី​របស់​ស​ម្ព័​ន្ធ​អង្គការ​សង្គម​ស៊ីវិល ក៏​ស្នើសុំ​តំណាង​ពី​ព្រះបរមរាជវាំង គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ថ្លែង​សុន្ទរកថា​ផងដែរ​។ តែ​សំណើ​នោះ រហូតដល់​ថ្ងៃទី​១​ខែ ធ្នូ​នេះ នៅ​មិនទាន់មាន​ការឆ្លើយតប​ពី​សាលា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។​​ជា​រៀងរាល់ឆ្នាំ សាលា​រាជធាន​ភ្នំពេញ តែង​ផ្តល់​ចម្លើយ​លើ​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល សុំ​រៀបចំ​វេទិកា​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ តែមួយ​ថ្ងៃ​ឬ ពីរ​ថ្ងៃមុន​ថ្ងៃ​១០​ធ្នូ តែប៉ុណ្ណោះ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​រៀបចំ​កម្មវិធី​ត្អួ​ញ​ត្អែ​រថា ការឆ្លើយតប​តែមួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃមុន​នោះ នាំ​ឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការរៀបចំ​កម្មវិធី​ដែលមាន​អ្នកចូលរួម​រាប់ពាន់នាក់​។​​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ក្នុងការ​ដឹកនាំ​នោះ​។​​ក្នុង​សំណើ​រៀបចំ​កម្មវិធី​អង្គការ​សង្គម​ស៊ីវិល ក៏បាន​បញ្ជាក់ដែរថា មុនពេល​ពេល​ចាប់ផ្តើម​កម្មវិធី​មានការ​ជួបជុំគ្នា នៅ​ស្តា​ត​អូឡាំពិក​ដែលមាន​អ្នក​ចូល រួម​ប្រមាណ ៣០០០​នាក់ រួច​ហែ​ក្បួន​តាមផ្លូវ​ព្រះ​មុនី​រ៉េត ឆ្ពោះទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​។​​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៣ ជា​ខួប​លើក​ទី​៦៥ នៃ​ទិវា​អបអរ​សិទ្ធិមនុស្ស​អន្តរជាតិ​។ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ឲ្យ​ដឹងថា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ឆ្នាំនេះ​ក្រោម​ប្រធានបទ យើងទាំងអស់គ្នា ត្រូវ​លើកស្ទួយ និង​ការពារ​យុត្តិធម៌​សង្គម​។ នៅ​ឆ្នាំនេះ ក៏មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រជាជ​ពលរដ្ឋ និង​ព្រះសង្ឃ​ហែ​ក្បួន​រយៈពេល​១០​ថ្ងៃ​ពី​ខេត្ត​ចំនួន​៥ មកកាន់​រាជធានី​ភ្នំពេញ​ផងដែរ គឺ​រួមមាន ខេត្តស្វាយរៀង ហែ​តាម​ផ្លូវជាតិ​លេខ​១ ខេត្តកំពត​ហែ​តាមផ្លូវ​ជាតិ​៣ ខេត្តកំពង់ស្ពឺ ហែ​តាម​ផ្លូវជាតិ​៤ ខេត្តពោធិ៍សាត់​ហែ​តាមផ្លូវ​ជាតិ​៥ និង​ខេត្តកំពង់ធំ​ហែ​តាម​ផ្លូវជាតិ​៦​។ ​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD)​ចុះផ្សាយ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២១០៣៕