-
IDEAជំរុញឲ្យអ្នកលក់ដូរតាមដងផ្លូវចងក្រងជាក្រុម ដើម្បីការពារសិទ្ធនិងអត្ថប្រយោជន៍
- ថ្ងៃចេញផ្សាយ ២-ធ្នូ-២០១៣
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) នៅថ្ងៃចន្ទនេះ ជំរុញឲ្យអ្នកលក់ដូរតាមដងផ្លូវនៅទូទាំងប្រទេស ចងក្រងជាក្រុម ដើម្បីការពារសិទ្ធិ និងទាមទារអត្ថប្រយោជន៍ផ្សេងៗ។មន្ត្រីIDEAជំរុញបែបនេះក្នុងការធ្វើក្នុងបទបង្ហាញ ស្តីពីបទពិសោធន៍នៃការចងក្រងអ្នកលក់ដូរតាមផ្លូវ ក្នុងសិក្ខាសាលាកសាងបណ្តាញដើម្បីទាមទារសិទ្ធិនៅភោជនីយដ្ឋានទន្លេបាសាក់។អ្នកសម្របសម្រួលផ្នែកចងក្រងរបស់IDEA កញ្ញា កែវ ចាន់រិទ្ធិ មានប្រសាសន៍ថា ជាទូទៅលក្ខខណ្ឌកាងារ សុខភាព និងសុវត្ថិភាពរបស់អ្នកលក់ដូរតាមផ្លូវ មិនល្អប្រសើរនោះទេ។ កញ្ញាឲ្យដឹងទៀតថា អ្នកលក់ទាំងនោះមិនត្រូវបានគេទទួលស្គាល់ មិនបានចុះបញ្ជីការ និងមិនមានការការពារ។ កញ្ញាជំរុញឲ្យក្រុមអ្នកលក់ទាំងអស់ ចងក្រងជាក្រុម ដើម្បីទាមទារសិទ្ធិដូចអ្នកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ៖ “កាលណាយើងចងក្រងវាបានច្រើន យើងមានសំឡេងច្រើន ណាមួយប្រទេសយើងជាប្រទេស កាន់លទ្ធិប្រជាធិបតេយ្យទៀត អញ្ជឹងបើយើងមានសំឡេងច្រើន យើងអាចធ្វើការតវ៉ាជាមួយអាជ្ញាធរ យើងចង់បានអ្វី គោលនយោបាយសម្រាប់អ្នកលក់ដូរតាមដងផ្លូវអាចប្រកបរបររកស៊ីបានត្រឹមត្រូវ អ៊ីចឹងអ្វីដែលសំខាន់សម្រាប់យើង គឺយើងត្រូវធ្វើការចងក្រងដើម្បីឲ្យយើងមានសំឡេងច្រើនក្នុងការចរចា ឬទាមទារអ្វីមួយ”។អ្នកលក់សម្លៀកបំពាក់នៅខេត្តបាត់ដំបង អ្នកស្រី សុខ លី ប្រាប់VODថា គាត់លក់សម្លៀកបំពាក់នៅមុខផ្ទះរបស់គាត់ ដែលជាប់ផ្លូវ។ គាត់ព្រួយបារម្ភនឹងការលក់ដូរ ដោយសារតែប្រឈមមួយចំនួន ដូចជា ការរុះរើតូបរបស់គាត់ពីសំណាក់អាជ្ញាធរ ការទារលុយច្រើនដែលគាត់មិនមានលទ្ធភាពបង់ឲ្យអាជ្ញាធរជាដើម ៖“និយាយរួមវាមិនមែនថាលក់ដូរបានរាល់ថ្ងៃនោះទេ ជួនកាលវាបានតែសម្រាប់ជីវភាព ជួនកាលអត់ ដល់ពេលគេមកទាររាល់ថ្ងៃអញ្ជឹងជួនកាលវាខ្វះថ្លៃជីវភាពយើងដែរ តែប្រសិនបើយើងនៅតែឧបមាថាយើងមិនឲ្យថវិកាអញ្ជឹងទៅ ប្រហែលជាអាចឈានទៅដល់គេបណ្តេញយើង”។អ្នកលក់ចំណីនៅមុខរោងចក្រមួយក្នុងខណ្ឌសែនសុខ អ្នកស្រី ណុប សាវី អាយុ៦២ឆ្នាំ ប្រាប់VODថា មុននឹងចងក្រងជាក្រុម ការលក់ដូររបស់គាត់ជួបបញ្ហាជាច្រើនដូចជាការយកលុយច្រើនពីអាជ្ញាធរខណ្ឌសែនសុខ ហើយការរឹបអូសយកឥវ៉ាន់ដែលគាត់លក់ដូរពីសំណាក់អាជ្ញាធរ ក៏កើតមាន។ អ្នកស្រីឲ្យដឹងថា នៅពេលនេះពួកគាត់ជាអ្នកលក់ជាង១០នាក់ បានចងក្រងជាក្រុម ហើយការលក់របស់គាត់បានប្រសើរឡើងព្រោះថា ក្រុមរបស់គាត់ជួយគ្នាទៅវិញទៅមកពេលមានបញ្ហា ៖ “មួយរយៈកន្លងមកដែលខ្ញុំធ្លាប់ជួបប្រទះនេះ គាត់យកលុយហើយជួនកាលថ្នាក់លើបញ្ជាមក គាត់ដេញ គាត់ចាប់ មានម្តងណានោះកូននៅសម្រាកមន្ទីរពេទ្យ ខ្ញុំមកលក់យកលុយមកដោះស្រាយកូនផ្ទះ ដោះស្រាយកូននៅមន្ទីរពេទ្យផង ហើយស្រាប់មកដល់គាត់ទារលុយទៀត ខ្ញុំថាអត់មានលុយទេ ណាមួយកូនខ្ញុំនៅដេកពេទ្យ ហើយគាត់ដេញ គាត់ឲ្យរើទៅ ខ្ញុំរើលក់ក្រាលនៅនឹងដី”។អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ជាគោលការណ៍សាលារាជធានីភ្នំពេញមិនបានតម្រូវឲ្យយកលុយពីអាជីវករ ដែលលក់ដូរតាមផ្លូវនោះទេ ប៉ុន្តែត្រូវគោរពតាមអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំសណ្តាប់ធ្នាប់ ៖ "បើការលក់ដូររបស់គាត់ គាត់គោរពទៅតាមភ្នាក់ងារសណ្ដាប់ធ្នាប់ របស់អាជ្ញាធរនៅទីនោះបានន័យថា ជាសណ្ដាប់ធ្នាប់ខណ្ឌ អនុញ្ញាតឲ្យលក់ត្រង់នេះ ត្រង់នោះ ដើម្បីជាការដោះស្រាយជីវភាពនោះ នោះខ្ញុំគិតថា នោះជាការយោគយល់របស់អាជ្ញាធរ យើងមិនអាចទៅហាមឃាតគាត់ទាំងអស់បានទេ ដើម្បីជាការដោះស្រាយជីវភាព "។ការលក់ដូរតាមដងផ្លូវ ត្រូវបានគេចាត់ទុកថាជាការងារដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមជាមួយក្រុមអ្នករកស៊ីមួយចំនួនទៀតដូចជា អ្នករត់ម៉ូតូឌុប អ្នករត់រម៉កជាដើម។ របាយការណ៍របស់IDEA ឲ្យដឹងថា គិតត្រឹមឆ្នាំ២០១១ អ្នកដែលធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណ២លាន៧សែននាក់។ រហូតមកដល់ពេលនេះ មិនមានរបាយការណ៍ណាបង្ហាញថា អ្នកដែលធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះមានចំនួនប៉ុន្មាននោះទេ។ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣៕