• លោក អ៊ូ វីរៈ ៖ ការ​រិត​បន្តឹង​សិទ្ធិសេរីភាព​បញ្ចេញមតិ នឹងធ្វើ​ឲ្យ​សង្គមជាតិ​បែកបាក់​

    • ថ្ងៃចេញផ្សាយ ៦-ធ្នូ-២០១៣

    ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ព្រមាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា បើ​រដ្ឋាភិបាល​កម្ពុជា បន្ត​រិត​បន្តឹង​សិទ្ធិសេរីភាព​បញ្ចេញមតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ហ្វេ​ស​ប៊ុ​ក ការ​ដង្ហែរ​ក្បួន​បាតុកម្ម និង​តាម​រូបភាព​ផ្សេងទៀត​ជាដើម​នោះ នឹងធ្វើ​ឲ្យ​សង្គមជាតិ​ជួប​បញ្ហា​ប្រឈម ឬ​ឈានទៅរក​ការបែកបាក់​។​​ក្នុង​សិក្ខាសាលា បូកសរុប “​ស្ថានភាព​សេរីភាព​បញ្ចេញមតិ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣” ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​សិទ្ធិមនុស្ស លោក អ៊ូ វីរៈ ថ្លែងថា បើទោះជា​បច្ចុប្បន្ននេះ ស្ថានភាព​បញ្ចេញមតិ​នៅ កម្ពុ​ជាមាន​ភាពល្អប្រសើ​រ​ជាង​មុន​មែន តែ​លោ​កថា បើ​រដ្ឋាភិបាល មិន​បើក​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​បាន​បញ្ចេញមតិ​ឲ្យ​បាន​ទូលំទូលាយ​ទេ នោះ​កម្ពុជា​ឈានទៅរក​ការបែកបាក់​។​តាម​របាយការណ៍​សង្ខេប​តុមូល របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កម្រាស់​១៩ ទំព័រ សរសេរថា កន្លងមក ការបញ្ចេញមតិ​តាមរយៈ អ្នកសរសេរ​ប្លុក ធ្វី​ត​ទ័​រ ហ្វេ​ស​ប៊ុ​ក ការ​បាតុកម្ម និង​ការបញ្ចេញមតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ជាពិសេស​មេធាវី​របស់​សង្គម​ស៊ីវិល ដែល​ការពារ​ក្តី​ឲ្យ​អ្នកមាន​ជម្លោះដីធ្លី ពាក់ព័ន្ធ​និង​នយោបាយ ភាគច្រើន ត្រូវបាន​អ្នកមានអំណាច​គំរាមកំហែង ធ្វើ​ឲ្យ​ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខ្លាច​អ្នកមានអំណាច​ដៅ​មុខសញ្ញា និង​គំរាមកំហែង ពីបទ​បរិហាកេរ្តិ៍​ផងដែរ​។​​ក្រុមនិស្សិត​ដែល​ចូលរួម​សិក្ខាសាលា​នោះ ថ្លែងថា ពួកគាត់​នៅតែ​ព្រួយបារម្ភ​ពី​សិទ្ធិសេរីភាព​បញ្ចេញមតិ ដោយ​តែ កន្លងមក​អ្នក​បញ្ចេញមតិ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក និង​តាម​រូបភាព​ផ្សេងៗ​ទៀត ត្រូវ​អ្នកមានអំណាច​គំរាមកំហែង​គ្រប់​រូបភាព​។​របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​កម្ពុជា​សិទ្ធិមនុស្ស បានផ្តល់​ជា​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល គួរតែបញ្ឈប់​ការតាមដាន និង​រឹតបន្តឹង​លើ​សកម្មភាព​របស់​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស និង​អង្គការក្រៅរដ្ឋាភិបាល​ប​ឈ្ឈ​ប់​ប្រើប្រាស់​ប្រព័ន្ធតុលាការ គំរាមកំហែង​សកម្មជន​សិទ្ធិមនុស្ស ហើយ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ត្រូវគោរព​ច្បាប់ និង​ឈប់​រារាំង​សកម្មជន​ដីធ្លី សហគមន៍ និង​ធានាថា សេរីភាព​ទទួលបាន​ព័ត៌មាន ត្រូវបាន​ព្រាង ដោយ​អនុលោម​តាម​គោលការណ៍​បើកចំហ​ជា​អតិបរិមា តុលាការ​ត្រូវ​ឯករាជ្យ និង​ធានា​បកស្រាយ​ច្បាប់ ឲ្យ​ត្រូវ​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣៕