• ក្រសួងមហាផ្ទៃ​ហាម​បក្ស​សង្គ្រោះ​ជាតិ​និង​សង្គម​ស៊ីវិល​ជួបជុំ​នៅមុខ​សភា​

    • ថ្ងៃចេញផ្សាយ ៨-ធ្នូ-២០១៣

    ក្រសួងមហាផ្ទៃ ហាម​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ សមាគម និង​សង្គម​ស៊ីវិល​ទាំងអស់ ប្រមូល​ផ្ដុំគ្នា​នៅមុខ​រដ្ឋសភា នៅ​ថ្ងៃទី​១០ ធ្នូ ខាងមុខនេះ ដែលជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។​​ក្នុង​លិខិត ២​ច្បាប់ ជម្រាប​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៨ ធ្នូ បានសរសេរថា ក្រសួងមហាផ្ទៃ អនុញ្ញាត​ឱ្យមាន​ការជួប​ជុំគ្នា​បាន ទាក់ទង​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី​១០ ធ្នូ តែ​ពុំមាន​ការហែក្បួន​ទេ​។​​ព្រឹត្តិការណ៍​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ទី​៦៥ នៅ​ថ្ងៃទី​១០ ធ្នូ ខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ នឹងមាន​ការជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ចំនួន ៣​ក្រុម គឺ​ទី​១ រៀបចំ​ដោយ​សម្ព័ន្ធ​អង្គការសិទ្ធិមនុស្ស​សង្គម​ស៊ីវិល ឬ​ហៅថា គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម ទី​២ រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៣ រៀបចំ​ដោយ​តំណាង​សហគមន៍ សមាគម និង​បណ្ដាញ​សហព័ន្ធ​សហជីព​។​​ទាក់ទង​នឹង​ការជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​របស់​សម្ព័ន្ធ​អង្គការសិទ្ធិមនុស្ស​សង្គម​ស៊ីវិល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ​ជួបជុំគ្នា​នៅ​រមណីយដ្ឋាន​វត្តភ្នំ ត្រង់​រោង​អា​យ៉ៃ ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ២​រសៀល ដែលមាន​អ្នកចូលរួម​ប្រមាណ ៥​ពាន់​នាក់ ដោយ​ពុំមាន​ហែ​ក្បួន និង​ចែក​ខិត្តប័ណ្ណ​ឡើយ​។​​រីឯ​ការជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មុនដំបូង​បម្រុង​ជួបជុំគ្នា​នៅ​បរិវេណ​មុខ​រដ្ឋសភា​នោះ ក្រសួងមហាផ្ទៃ សម្រេច​អនុញ្ញាតឱ្យ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជំនួស​វិញ ចាប់​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃត្រង់ ដែលមាន​អ្នកចូលរួម​មិន​លើសពី ១​ម៉ឺន​នាក់ និង​ពុំមាន​ការហែក្បួន​ដែរ​។ ក៏ប៉ុន្តែ​លិខិត​នេះ​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ចាត់តាំង​តំណាង ១០​រូប ដើម្បី​យក​ញត្តិ​ទៅ​ប្រគល់ជូន​រដ្ឋសភា​។​​ដោយឡែក​ការជួបជុំ​របស់​តំណាង​សហគមន៍ សមាគម និង​បណ្ដាញ​សហព័ន្ធ​សហជីព ត្រូវបាន​ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ​ជួបជុំគ្នា​នៅ​សួនច្បារ​ទល់មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃត្រង់ និង​មិនមាន​ហែ​ក្បួន​ដូចគ្នា​។ ក្រុម​នេះ ក៏​អាច​ចាត់តាំង​តំណាង ១០​រូប ដើម្បី​យក​ញត្តិ​ទៅ​ប្រគល់ជូន​រដ្ឋសភា​ដែរ​។​​ការចេញ​សេចក្ដីសម្រេច​របស់​ក្រសួងមហាផ្ទៃ គឺ​ទន្ទឹមគ្នា​នឹង​ក្បួន​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា​ពី​ខេត្ត​នានា បានមក​ដល់​ជាយ​រាជធានី​ភ្នំពេញ ខ្លះ​ហើយ ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខាងមុខនេះ​។​​អ្នកធ្វើ​ធម្ម​យាត្រា​ក្នុង​ខ្សែ​ផ្លូវជាតិ​៣ មួយរូប គឺ​លោក មួង សូ​នី ឱ្យដឹងថា ក្បួន​ធម្ម​យាត្រា​មួយ​នេះ បានមក​ដល់​វត្ត​ស្លែង​ខាងលិច រាជធានី​ភ្នំពេញ​ហើយ ហើយ​បាន​បិទផ្លូវ​ជាតិ​លេខ ៣ ត្រង់​តំបន់​នោះ​ជាង ២០​នាទី ដោយសារតែ​វត្ត​នេះ​មិន​អនុញ្ញាតឱ្យ​ពួកគាត់​ចូល​ស្នាក់​បណ្ដោះអាសន្ន​។​​អ្នកធ្វើ​ធម្ម​យាត្រា​មួយរូប​ទៀត នៅ​ខ្សែ​ផ្លូវជាតិ​៤ បាន​បិទផ្លូវ​នៅ​ចំណុច​វត្ត​ជម្ពូ​វ័​ន្ត ដោយសារតែ​បញ្ហា​ដូចគ្នា​។​​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​នៅ​ថ្ងៃទី​៨ ធ្នូ ថា ដើម្បី​ធានា​ឱ្យ​ព្រឹត្តិការណ៍ ១០ ធ្នូ ប្រព្រឹត្ត​ទៅដោយ​រលូន​ដោយ​សន្តិវិធី មាន​សណ្ដាប់ធ្នាប់​ល្អ ការជួបជុំ​ជា​សាធារណៈ ការធ្វើ​ធម្ម​យាត្រា ការហែក្បួន ត្រូវ​ជូនដំណឹង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្របច្បាប់ ហើយ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​លើកកម្ពស់​ការគោរពវិន័យ សីលធម៌​វិជ្ជាជីវៈ បង្កើន​កិច្ចសហការ​សម្របសម្រួល ដើម្បី​ផ្ដល់​ការការពារ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ​ដល់​អ្នកចូលរួម​ព្រឹត្តិការណ៍​នេះ​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី (RFA) ចុះផ្សាយ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣៕