• CCHR អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី សុំទោស​ជា​សាធារណៈ​នឹង​ពាក្យសម្តី​រើសអើង​ពូជសាសន៍ និង​ស្ត្រី

    • ថ្ងៃចេញផ្សាយ ១២-ធ្នូ-២០១៣

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រិះគន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ទៅលើ​ការប្រើប្រាស់​ពាក្យពេចន៍​បែប​រើសអើង​ប្រឆាំងនឹង​ស្ត្រី និង​ប្រជាពលរដ្ឋ​វៀតណាម និង​អំពាវនាវ​ឲ្យ​មានការ​សុំទោស​ជា​សាធារណៈ​។​​ការរិះគន់​នេះ ធ្វើឡើង​ក្នុង​លិខិត​ចំហ​មួយ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយ​ពាក្យ​ថា​«​អន់​ជាង​ស្ត្រី​» និង​ពាក្យ​«​យួន​» កាលពី​ថ្ងៃទី​១០​ខែធ្នូ ពេលធ្វើ​បាតុកម្ម​នៅ​ខេត្តសៀមរាប​។​​លិខិត​ឲ្យ​ដឹងថា CCHR សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​សុន្ទរកថា​ធ្វើ​ដោយ​លោក សម រង្ស៊ី ដែលជា​ពាក្យសម្តី​បង្អាប់បង្អោន និង​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី និង​ប្រជាពលរដ្ឋ​វៀតណាម ដែលជា​ជន​អន្តោ​ប្រ​វែ​សន៍​នៅ​កម្ពុជា​។​CCHR បង្ហាញថា​លោក​សម រង្ស៊ី លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន «​អន់​ជាង​ស្ត្រី​» ប្រៀបធៀប​ទៅនឹង​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​បានរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​។​CCHR​ចាត់ទុក​ការលើកឡើង​នេះ​ថា ស្ត្រី មាន​សមត្ថភាព​ចាញ់​បុរស ដែល​នេះ​ជាការ​ពុំ​អាច​ទទួលយកបាន និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​យេនឌ័រ​ប្រកបដោយ​សមភាព​នៅ​កម្ពុជា​។​CCHR អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី គួរ​ណាស់​តែ​សុំទោស​ជា​សាធារណៈ​ចំពោះ​ការដែល​បាន​ពោល​ពាក្យសម្តី ដែលមាន​ចរិល​ក្ខ​ណៈ​រើសអើង​។​​លោក សម រង្ស៊ី និង​អ្នកនាំពាក្យ​គណបក្ស លោក យឹម សុវណ្ណ មិនទាន់​អាចទាក់ទង​បាន ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣៕