• ក្រុមបាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​រឹតបន្តឹង​ច្រើន​ចំពោះ​អ្នកសារព័ត៌មាន​

    • ថ្ងៃចេញផ្សាយ ១៦-ធ្នូ-២០១៣

    ក្រុមបាតុករ​ចូលរួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ចាប់ផ្តើម​រឹតបន្តឹង​ច្រើន​ចំពោះ​អ្នកសារព័ត៌មាន ដែលមាន​បំណង​ចង់ទៅ​រាយការណ៍​ពី​បាតុកម្ម ដែល​ករណីនេះ​អ្នកយកព័ត៌មាន​ត្អូញត្អែរថា ខ្លួន​មានការ​លំបាក នៅពេល​ចុះ​បំពេញបេសកកម្ម​។​​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អ្នកកាសែត​មួយចំនួន​ក្នុងនោះ​មាន​អ្នកយកព័ត៌មាន​របស់​VOD បាន​ត្អូញត្អែរថា ពេល​ចូល​យក​ព័ត៌មាន បាតុករ មិនមែនជា​សកម្មជន​របស់​គណបក្ស បាន​សួរដេញដោល​ច្រើន​ថា​តើ​អ្នកសារព័ត៌មាន​ទាំងនោះ ឯករាជ្យ ឬ​មិន​ឯករាជ្យ ឬ​មកពី​គណបក្សកាន់អំណាច​។ បាតុករ លើកឡើងថា ប្រសិនបើ​សារព័ត៌មាន​មិន​ឯករាជ្យ ពួកគេ​នឹងមិន​អនុញ្ញាត​ឲ្យ​ចូលរួម​នោះទេ​។ បាតុករ ក៏​បារម្ភ​ពី​ការបន្លំ​ខ្លួន​របស់​ក្រុម​ណាមួយ​ក្នុងការ​ចូលរួម​យក​ព័ត៌មាន​។​​អនុប្រធាន​គណកម្មាកា​រវិ​ន័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា​ការដែល​ក្រុមបាតុករ​ទាំងនោះ​សាកសួរ​ដោយសារ​ពួកគាត់​ប្រុងប្រយ័ត្ន​ខ្លាច​មាន​អ្នក​បន្លំ ។ លោក​បន្តថា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​រើសអើង​អ្នកសារព័ត៌មាន​ទេ ដោយ​គោរព​សិទ្ធិ និង​ស្វាគមន៍​ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់​។​​កាលពី​ថ្ងៃទី​១០ ខែធ្នូ អ្នកព័ត៌មាន​ថតរូប​ឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​ម្នាក់ លោក សេង ចាន់ ត្រូវ​បាតុករ​នាំគ្នា​រុញច្រាន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ខណៈ​លោក​កំពុង​ថត​ផ្តិត​យក​រូបភាព​នៃ​ការប្រមូលផ្តុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ បាតុករ បាន​ចោទថា ទូរទស្សន៍​ទ​.ទ.ក ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​យក​រូបភាព និង​ខ្លឹមសារ​ទៅ​ផ្សាយ​មិន​ពិត​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣៕