• សាលា​រាជធានី​ភ្នំពេញ​៖ ការសម្តែង​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​តាម​នីតិវិធី​

    • ថ្ងៃចេញផ្សាយ ១៨-ធ្នូ-២០១៣

    សាលា​រាជធានី​ភ្នំពេញ ចាត់ទុកថា សកម្មភាព​ដង្ហែ​ក្បួន​ធ្វើបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ស្នាក់នៅ​របស់​បាតុករ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ មិន​គោរព​តាមច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដោយសារ​ការគ្រប់គ្រង​ក​ម្លាំ​ង​បាតុករ នៅ​ពុំទាន់​បាន​ហ្មត់ចត់ និង​មានការ​បណ្តែតបណ្តោយ​ឲ្យ​បាតុករ​មួយចំនួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តវ៉ា​នៅតាម​ដងផ្លូវ​មួយចំនួន​កាលពី​ថ្ងៃ​អង្គារ​។​​លិខិត​ចុះហត្ថលេខា​ថ្ងៃទី​១៧ ខែធ្នូ ដោយ​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក សេង រតនៈ ផ្ញើជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឲ្យ​ដឹងថា សាលា​រាជធានី សោក​ស្តោ​យ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ជូនដំណឹង​មក​សាលា​រាជធានី មុន​រយៈពេល​៥​ថ្ងៃ​តាមច្បាប់​កំណត់ ដូចជា​ព្រះសង្ឃ និង​សកម្មជន​មួយចំនួន បានចេញ​យក​ញត្តិ​តវ៉ា​ទៅ​សាលសន្និសីទ​ចតុមុខ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។​​លិខិត​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ណែនាំ​ឲ្យ​អ្នកចូលរួម ជួយ​ថែរក្សា​សណ្តាប់ធ្នាប់ បរិស្ថាន​អនាម័យ ដោយ​ចត​យានយន្ត បោះ​សំរាម​ចោល​ពាសកាល នៅ​ទីលាន​ប្រជាធិបតេយ្យ និង​រមណីយដ្ឋាន​វត្ត​ភ្នំ​។ លិខិត​ឲ្យ​ដឹង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​ពិធី​សាសនា ធ្វើ​រូប​ទីងមោង រៀប​រថយន្ត​ក្បួន​ដង្ហែ និង​ប្រើ​ពាក្យសម្តី​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​យ៉ាងធ្ងន់ធ្ងរ ដែលជា​ការប្រមាថ ប្រាសចាក​ពី​ព្រំដែន​នៃ​សិទ្ធិ​សម្តែង​មតិ​ដែល​មានចែង​ក្នុង​ច្បាប់​។​​សាលា​រាជធានី​ភ្នំពេញ សង្ឃឹម​យ៉ាង​មុតមាំ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចាត់ចែង​ឲ្យ​ស្របតាម​គោលការណ៍​ច្បាប់​ជា​ធរមាន ពិសេស​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​​ឆ្លើយ​តាម​ការលើក​ទ្បើង​របស់​សាលា​រាជធានី អ្នកដឹកនាំ​បាតុកម្ម និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា បាតុកម្ម​នេះ ធ្វើ​ទ្បើង​ដោយ​គោរព​ទៅតាម​ច្បាប់ ហើយ​គណបក្ស​គ្រប់គ្រង​បាតុករ​បានល្អ​។ លោក បន្តថា សកម្មភាព​របស់​ពល​រដ្ឋ​មួយចំនួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ជាការ​ប្រើ​សិទ្ធិ​ផ្ទាល់ខ្លួន​ខ្លះ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​។ លោក ថា ក្នុង​ស្ថានការណ៍​ចាំបាច់ ការជូនដំណឹង​អាចធ្វើ​ទ្បើង មុន​មួយថ្ងៃ មិនចាំបាច់​ជូនដំណឹង​មុន​៥​ថ្ងៃ​ទេ​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣៕