• រដ្ឋាភិបាល​កម្ពុជា ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​ជាតិ​តាមរយៈ​ធ្វើបាតុកម្ម​

    • ថ្ងៃចេញផ្សាយ ២០-ធ្នូ-២០១៣

    រាជរដ្ឋាភិបាល លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រក្រតីភាព​គ្រប់ផ្នែក​នៃ​ជីវភាព​សង្គម និង​ជះឥទ្ធិពល​មិនល្អ​ដល់​កិត្យានុភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​យើង​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការតវ៉ា​និង​បាតុកម្ម​ជា​បន្តបន្ទាប់​។​​សេចក្តីអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៩​ខែធ្នូ បាន​លើកឡើងថា បន្ទាប់ពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ​កំពុងដំណើរការ បាន​ធានា​ដល់​និរន្ត​ភាព​របស់​រដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​។សេចក្តីថ្លែងការណ៍​បន្ត​ថា​ការតវ៉ា​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​កំពុង​ត្រូវបាន​គណបក្សប្រឆាំង​ប្រើប្រាស់​ជា​លេស​ដើម្បី​រារាំង​ដល់​ដំណើរការ​ប្រព្រឹត្ត​ទៅដោយ​រលូន​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​រដ្ឋ​។​​សេចក្តីថ្លែងការណ៍ លើកឡើង​ទៀតថា ការតវ៉ា ការសម្តែង​មតិ​នានា តាមរយៈ​បាតុកម្ម ការជួបប្រជុំ​ជា​សាធារណៈ​និង​ការ​ដង្ហែ​ក្បួន​នានា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ក្នុង​រយៈពេល​កន្លងមក ជាទូទៅ ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី ប៉ុន្តែ​ចុងក្រោយ​នេះ ភាព​ច្រំ​ដែល​ញឹកញាប់​នៃ​ការតវ៉ា​ក៏ដូចជា​ប្លែកៗ​នៃ​ការតវ៉ា ដែលជា​រឿយៗ​មិន​ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​​ឆ្លើយតប​នឹង​ការលើកឡើង​នេះ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា យល់ថា មហា​បាតុកម្ម​កន្លងមកនេះ ស្តែង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ គឺជា​រឿង​ស្របច្បាប់ ហើយ​ទង្វើ​នេះ បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ននេះ ៖ “​កាលណា​ធ្វើបាតុកម្ម គឺ​គេ​ត្រូវធ្វើ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ងាក​មករក​ដំណោះស្រាយ ហើយ​បើសិន​រដ្ឋាភិបាល​ហ្នឹង​ងាក​មក​ដោះស្រាយ​ទាល់តែ​រដ្ឋាភិបាល​ហ្នឹង​ឃើញ​បាតុកម្ម​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វីមួយ​ទៅ​គាត់ របស់​រដ្ឋាភិបាល​ហ្នឹង មិនល្អ​បាន​គាត់​មក​ដោះស្រាយ ហើយ​បើ​គេ​ធ្វើ​ស្រួល​រដ្ឋាភិបាល​ហ្នឹង​អត់​ខ្ចី​ដោះស្រាយ អាហ្នឹង​មិន​ហៅថា បាតុកម្ម​ទេ ព្រោះ​បាតុកម្ម​គេ​ធ្វើ​ស្រួលៗ​រដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ គេ​បោះ​មួយ​ជំហាន​ទៀត​គេ​ធ្វើ​ឲ្យ​ពិបាក​ជាង​ហ្នឹង​” ។​​អ្នកស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា មានប្រសាសន៍ថា បាតុកម្ម​នេះ​ពិតជា​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​កម្ពុជា​មែន​។​ប៉ុន្តែ​ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​នេះ ដោយសារតែ​រដ្ឋាភិបាល​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែរ ៖ “​កាលណា​មាន​បាតុក​មុ្ម កូដកម្ម​ហ្នឹង​គឹ​វា​ប៉ះពាល់​ចឹ​ង​នោះ​ណាស់​ប៉ុន្ដែ​ដែល​ប៉ះពាល់​ធំជាងគេ គឺ​ដើមចម​នៃ​បញ្ហា ប៉ះពាល់​ដែល​ធ្វើ​ឲ្យ​ខូច​កិ​ត្ដិ​យស​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាជាតិ គឺ​ការបោះឆ្នោត​មួយ​មាន​ប្រក្រតី​ច្រើន​លើសលុប អាហ្នឹង​រឿង​ទីមួយ រឿង​ទី​ពីរ ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ជាតិ គឺ​ការរៀបចំ​រដ្ឋសភា ការរៀបចំ​រដ្ឋាភិបាល ដោយ​មិន​មានការ​ឯ​ភាព​គ្នា ដោយ​មិនបាន​គោរព​តាម​រដ្ឋធម្មនុញ្ញ​ទៅវិញ​ទេ ” ។​​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា បាតុកម្ម​លើក​ទី​៥​នេះ នឹង​បន្តធ្វើ​រយៈពេល​៣​ខែ រហូត​ទាល់តែ​មានការ​បោះឆ្នោត​ឡើងវិញ ហើយ​លោក ហ៊ុន សែន ចុះ​ពី​តំណែង​។ ទោះជា​យ៉ាងណា សេចក្តីថ្លែងការណ៍​រប​ស់រាជ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​អ្នកដឹកនាំ​បាតុកម្ម អនុវត្ត​និង​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូ​សិទ្ធិសេរីភាព និង​ករណីយកិច្ច​រប​ស់​ពលរដ្ឋ​ខ្មែរ ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៣១​។រាជរដ្ឋាភិបាល ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​តួនាទី និង​កាតព្វកិច្ច​របស់ខ្លួន​ក្នុងឋានៈ​ជាម​ន្ត្រី​ពង្រឹង​ច្បាប់ ខិតខំ​បង្កើន​កិច្ចសហការ​សម្របសម្រួល​ដើម្បី​ផ្តល់​ការការពារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​ដល់​ការធ្វើ​បាតុកម្ម ដើម្បី​ប​ញ្ជ្រៀ​ស​ដាច់ខាត​កុំ​ឲ្យ​កើតមាន​អំពើហិង្សា​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣៕