• មេដឹកនាំ​សហជីព​ព្រមាន​ថា​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ទូទាំងប្រទេស​ខណៈ​ពួកគេ​ច្រានចោល​ប្រាក់​ឈ្នួល​ការងារ​៩៥​ដុល្លារ​

    • ថ្ងៃចេញផ្សាយ ២៤-ធ្នូ-២០១៣

    មេដឹកនាំ​សហជីព​មួយចំនួន ព្រមាន​ថា នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម ចាប់ពី​ថ្ងៃ​ពុធ ទី​២៥​នេះ តទៅ​ដើម្បី​ជា​ប្រតិកម្ម​ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល​ការងារ ៩៥​ដុល្លារ​ ដែល​ធ្វើឡើង​ដោយ​ក្រសួង​កា​ងារ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដោយ​ចាត់ទុកថា​មិនអាច​ទ្រទ្រង់​ជីវភាព​បានឡើយ​។​​តាម​សេចក្តីសម្រេច​របស់​ក្រសួង​ការងារ​និង ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ជួបប្រជុំ​ជាមួយ​សហជីព នៅ​ព្រឹក​ថ្ងៃ​អង្គារ បានសម្រេច ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​១​ឆ្នាំៗ ចាប់ពី​១៥​ដុល្លា ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេចក្ដីសម្រេច​នេះ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ នៅ​ឆ្នាំ​២០១៤​នេះ ដែល​ធ្វើ​ឲ្យ​កម្មករ​អាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូតដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​១៦០​ដុល្លា​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បានធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយចំនួន សម្ដែង​ការខកចិត្ត ហើយ​ព្រមាន​ធ្វើការ​តវ៉ា ។​​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់ VOD ថា​លោក​មានការ​ខកចិត្ត​យ៉ាង ខ្លាំង ចំពោះ​សេចក្តីសម្រេច​របស់​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ខាង​រោងចក្រ​ដែល​ផ្តល់ ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ត្រឹម​៩៥​ដុល្លារ​នោះ​។ លោក​បន្តថា ករណីនេះ​កម្មករ​នឹងមិន​អាច ទទួលយក​បានឡើយ​។ លោក​ព្រមាន​ថា ចាប់ពី​ថ្ងៃស្អែក​ទៅ​លោក​នឹង​ចុះ​តាម​រោងចក្រ​ដើម្បី ដឹកនាំ​ធ្វើ​កូដកម្ម និង​បាតុកម្ម ធ្វើ​រហូតដល់​មាន​ដំណោះស្រាយ​។​​ប្រធាន​សហភាព​សហជីព​កម្ពុជា​រូបនេះ ឲ្យ​ដឹងថា ការធ្វើ​បាតុកម្ម​ឬ​កូដកម្ម​នោះ គឺ​ដើម្បី​ឲ្យ​ភាគី​រោងចក្រ និង​ក្រសួង​ការងារ​ផ្តល់ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ឡើងទៅ គឺ​ចាប់ពី​ខែ​១ មករា ២០១៤​នេះ​តទៅ ។​​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ខា​ឌូ​ដែលមាន​កម្មករ​ជា​សមាជិក ជិត​20​ម៉ឺន​នាក់​គឺ​លោក អាត់ ធន់ មានប្រសាសន៍ថា លោក​នឹងធ្វើ​សំណើរ​មួយ​ទៅកាន់​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្តទៀត ដើម្បី​ជំរុញ​ឲ្យ​មាន​ការគិត​គួរ​ផ្តល់ប្រាក់​ឈ្នួល​ដល់ក​ម្មករ ឲ្យ​បាន​តាម​ការទាមទារ​រ​បស់​សហជីព​គឺ​១៦០​ដុល្លារ ។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ប្រសិនបើ​មិនមាន​ការឆ្លើយតប​ភា្ល​ម​ទេនោះ លោក​នឹង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម ។​​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿ​ន តុលា មានប្រសាសន៍ថា ប្រសិនបើ​កម្មករ​ផ្ទុះ​កូដកម្ម និង​បាតុកម្ម​មែន​នោះ គឺ​វា​នឹងធ្វើ​ឲ្យ​បាត់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ គឺ​មិន​ត្រឹមតែ​កម្មករ​ទេ រួមទាំង​ខាង​រោងចក្រ និង​រដ្ឋាភិបាល​ផងដែរ ។ លោក​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ឆាប់ៗ​នេះ ។​​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក អ៊ិត សំហេង ថ្លែង​ក្រោយពេល​ប្រជុំ​ថា ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ​គឺជា​ដំណើរការ​មួយ​ឈានទៅរក​ការជួយ ជីវភាព​កម្មករ​ឲ្យ​ល្អប្រសើរ គឺ​ដំឡើង​ប្រាក់ខែ​គោល​ទៅតាម​លទ្ធភាព​។​​ភ្លាមៗ​បន្ទាប់ពី​មាន​សេចក្តីសម្រេច​ថា កម្មករ​ត្រូវបាន​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​៩៥​ដុល្លារ​មាន​សេចក្តីរាយការណ៍ ឲ្យ​ដឹងថា កម្មករ​នៅតាម​រោងចក្រ​មួយចំនួន​បាន ឈួ​រ​ឆរ​ក្នុង​ចិត្ត​របស់ខ្លួន​ហើយ​អារម្មណ៍​មិនអាច​ធ្វើការ​បាន ជាពិសេស​កម្មករ​នៅ​តំបន់​ពិសេស​ក្រុង​បាវិត​ខេត្តស្វាយរៀង​មាន​ចំនួន​ជិត ៣០ ០០០​នាក់ ដែល​ធ្វើ​កូដកម្ម មិន​ចូលធ្វើការ​ជាច្រើន​ថ្ងៃ​មកនេះ បាន​សម្តែង​កំហឹង​ព្រមៗ​គ្នា ដោយ​ពួកគេ​ប្រកាសថា នឹងធ្វើ​ការតវ៉ា​ច្រើន​ថ្ងៃ​ទៀត ។​​សូម​ជំរាប​ថា ប្រាក់​ឈ្នួល​កម្មករ នៅតាម​រោងចក្រ នៅ​កម្ពុជា មាន​80​ដុល្លារ គឺធ្វើឡើង​តាម​សេចក្ដីសម្រេច​មួយ​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គឺ​មុន​ការបោះឆ្នោត ថ្ងៃ​28​កក្កដា​ចូលមក​ដល់​ដែល​កាលពីមុន​មាន​ជាង​60​ដុល្លារ ប៉ុន្តែ​ប្រាក់​ឈ្នួល​បន្ថែម​ចុងក្រោយ​នេះ គឺ​95​ដុល្លារ ត្រូវបាន​សហជីព​ធំៗ​ប្រកាសថា មាន​កម្រិត​តិចជាង​ប្រទេសជិតខាង​កម្ពុជា​យ៉ាងខ្លាំង​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣៕