• GMAC ដាក់បន្ទុក​ឲ្យ​សហជីព​ចំនួន​៦ ទទួលខុសត្រូវ​រាល់​ការខាតបង់​ដោយសារ​កម្មករ​តវ៉ា​

    • ថ្ងៃចេញផ្សាយ ៣០-ធ្នូ-២០១៣

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) នៅ​ថ្ងៃអាទិត្យ​នេះ ប្រកាស​ក្នុង​លិខិត​ចំហ​មួយ ឲ្យ​សហជីព​ចំនួន​៦ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ប្រាក់​ឈ្នួល ការបាត់បង់​ការងារ និង​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្មករ​រោងចក្រ ចេញមុខ​តវ៉ា​រឿង​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ​ក្នុង​មួយខែ​។​​សហជីព​ទាំង​៦​នោះ រួមមាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ ទី​២ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​របស់លោក ជា មុន្នី ទី​៣ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ទី​៤ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ទី​៥ សហព័ន្ធ​សហជីព​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​របស់លោក​ស្រី ម៉ម ញឹម និង​ទី​៦ សហព័ន្ធ​សហជីព​កម្ពុជា របស់លោក​ស្រី យ៉ាង សោ​ភ័​ណ្ឌ​។​​លិខិត​ចំហ​របស់​GMAC ឲ្យ​ដឹងថា សមាគម​ចង់​ឲ្យ​សហជីព​ការងារ​ទាំង​៦ និង​ក្រសួង​ការ ធានា​សុវត្ថិភាព​កម្មករ ដែល​ចង់​ធ្វើការ ដើម្បី​ធានា និង​ការពារ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​។ លិខិត​បន្តថា នៅពេលដែល​លក្ខខណ្ឌ​នេះ ត្រូវបាន​បំពេញ GMAC នឹង​រីករាយ​ក្នុង​ការទទួល​លិខិតអញ្ជើញ​សម្រាប់​សមាជិក​បន្តការងា​រ​ផលិតកម្ម ហើយ​បន្ទាប់មក​យើង​នឹង​អាច​បន្ត​ចូលរួម​ការពិភាក្សា​ទៅលើ​បញ្ហា​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្ត​។​GMAC បន្តថា ដោយសារ​ការឈប់​ធ្វើការ​របស់​កម្មករ និង​ការបិទ​រោងចក្រ​ចាប់តាំងពី​ថ្ងៃទី​២៥​ខែធ្នូ សមាជិក​GMAC ទង​អស់ មិនអាច​បំពេញតម្រូវកា​រ​ផលិត​តាម​កាលកំណត់ ដូច្នេះ​ក្រុមហ៊ុន​ជាច្រើន នឹងត្រូវ ពិន័យ និង​រង​ការពិន័យ​ជា​ប្រាក់​ពី​អ្នកទិញ​។ GMAC បន្តថា អ្វីដែល​សំខាន់​គឺ រោងចក្រ នឹងមិន​ទទួលបាន​លុយ​ពី​អ្នកទិញ​ដោយសារ​ការមិន​បញ្ជូន​ផលិតផល​ទៅ​។ ជា​លទ្ធផល​រោងចក្រ​ភាគច្រើន ប្រហែលជា​មិនមាន​លទ្ធភាព​ក្នុងការ​ចំណាយ​ប្រាក់​ឈ្នួល​ដល់​កម្មករ​ប្រចាំថ្ងៃ​។​​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ មានប្រសាសន៍ថា នេះ​ជាការ​ចោទប្រកាន់​របស់​GMAC ដោយសារ​កម្មករ​ចេញ​មុខ​តវ៉ា​ដោយ​ខ្លួនឯង​។ លោក​បន្តថា GMAC តែងតែ​រុញ​ស្ថានការណ៍​បែបនេះ ហើយ​មិនដែល​ចេញមុខ​ដោះ ស្រាយ​ដោយស្មោះ​ត្រង់​ទេ​។​​ក្រសួង​ការងារ​នៅ​ថ្ងៃ​ចន្ទ នឹង​បើក​កិច្ចពិភាក្សា​ជាមួយ​សហជីព​ទាំង​៦ ដោយមាន​ការចូលរួម​ពី​ដៃគូរ​ពាក់ព័ន្ធ​នានា តាម​ការគ្រោងទុក​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែធ្នូ​នេះ បើទោះបីជា​មិនមាន​ភាគី​និយោជក និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​ចូលរួម​ក្តី​។​​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​២៩ ខែធ្នូ​នេះ ឲ្យ​ដឹងថា ក្រសួង សោកស្តាយ​ចំពោះ​ការ ប្រកាស​មិន​ចូលរួម​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ កម្ពុជា ក្នុង​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​កម្មករ ការខូចខាត រួម​នឹង​ផលប៉ះពាល់​ដែល​បង្ក ឡើង​ដោយ​ការធ្វើ​បាតុកម្ម ហិង្សា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​​យ៉ាងណាក៏ដោយ លិខិត​ក្រសួង​ការងារ សង្ឃឹមថា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​ពិចារណា​ឡើងវិញ ចូលរួម​កិច្ច​ភា​ក្សា​នៅ​ថ្ងៃ ស្អែក​នេះ ដើម្បី​បញ្ចប់​បាតុកម្ម​តវ៉ា ស្ថាន​សភាពការណ៍​វិល​មករក​ភាពប្រក្រតី​វិញ ដើម្បី​ធានា​ដំណើរការ​អាជីវកម្មរ​បស់​អ្នកវិនិយោគ និង​រក្សា​ផលប្រយោជន៍​របស់​កម្ម​ករ​។​​ក្រសួង​ការងារ នឹង​បន្ត​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ អង្គការ​សហជីព អង្គការ​និយោជក និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ទប់ស្កាត់​រាល់​សកម្មភាព​ញុះញង់​បង្ក​អស្ថិរភាព​នៅតាម​តំបន់​រោងចក្រ​សហគ្រាស​នានា​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​(VOD) ចុះផ្សាយ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣៕