-
មន្ត្រីសិទ្ធិមនុស្ស៖ ព្រះសង្ឃ៥អង្គ ត្រូវបានអាជ្ញាធរចាប់ផ្សឹក ដើម្បីចោទប្រកាន់ បន្ទាប់ពីផ្ទុះហិង្សានៅមុខរោងចក្រយ៉ាកជីង
- ថ្ងៃចេញផ្សាយ ២-មករា-២០១៤
ព្រះសង្ឃ៥អង្គ ដែលអាជ្ញាធរឃាត់ព្រះកាយ ក្នុងហេតុការណ៍ប៉ះទង្គិចរវាងទ័ពឆ័ត្រយោង៩១១ និងកម្មករនៅមុខរោងចក្រយ៉ាកជីង ត្រូវបានផ្សឹកក្នុងបន្ទាយទ័ពឆ័ត្រយោងនោះ នៅរសៀលថ្ងៃ២ខែមករា ដើម្បីនាំខ្លួនទៅស្នងការរាជធានីភ្នំពេញ។លោក អំ សំអាត មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា នៅម៉ោងជាង ៣រសៀលនេះ មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានព្យាយាមសម្របសម្រួលជាមួយមេបញ្ជាការទ័ពឆ័ត្រយោង ៩១១ សុំឲ្យមានការដោះលែងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីសហជីព ព្រះសង្ឃ និងសកម្មជនដីធ្លីប្រមាណជាង១០នាក់នោះ។លោក អំ សំអាត បានបង្ហើបឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវអាជ្ញាធរចាប់ខ្លួននោះ មានព្រះសង្ឃចំនួន ៥អង្គ ហើយពេលនេះត្រូវបានចាប់ផ្សឹក ដើម្បីត្រៀមបញ្ជូនខ្លួនទៅកាន់ស្នងការរាជធានីភ្នំពេញ។បើតាមព័ត៌មានបឋមពីគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគម ការពារសិទ្ធិមនុស្សកម្ពុជា មនុស្សប្រមាណជាង ១០នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានដូចជា លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រួមទាំងភរិយា) លោក ថេង សាវឿន អ្នកសំរបសំរួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ពុទ្ធិស័ក្កិ សហគមន៍បឹងកក់ ព្រះសង្ឃ ៥អង្គ និងសហជីពមួយចំនួនទៀត។នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់នេះ មានហិង្សាមួយបានកើតឡើងរវាងកម្លាំងទ័ពឆ័ត្រយោង៩១១ ជាមួយនឹងកម្មកររោងចក្រមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យសកម្មជនសហជីព ព្រះសង្ឃ និងកម្មករ រងរបួសធ្ងន់ និងស្រាល ហើយមួយចំនួនទៀតត្រូវបានឃាត់ខ្លួន ក្រោមការចោទថាញុះញង់កម្មករតវ៉ាដោយហិង្សាទៅលើរោងចក្រយ៉ាកជីង។នៅព្រឹកមិញនេះដែរ តំណាងកម្មករបីនាក់ ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនផងដែរ នៅពេលដែលពួកគេដឹកនាំកម្មករធ្វើកូដកម្ម ចេញពីរោងចក្រ តវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤