• កម្មករ ៤​នាក់​ស្លាប់ និង​១១​នាក់​ចាប់ខ្លួន ក្នុងការ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង​

    • ថ្ងៃចេញផ្សាយ ៣-មករា-២០១៤

    យ៉ាងហោចណាស់ កម្មករ​៤​នាក់​ត្រូវបាន​រាយការន៍​ម​កថាស្លាប់ ៣០​នាក់​រងរបួស និង​១១​នាក់​ទៀត​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ខណៈ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ទៅលើ​ក្រុមកម្មករ ដែល​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​​តាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ​មកពី​រោងចក្រ​នានា នៅ​រាជធានី​ភ្នំពេញ បានកើត​ចាប់តាំងពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​បាន​ឈានទៅដល់​ការបាញ់រះ​មកលើ​កម្មករ បណ្តាល​ឲ្យ​កម្មករ​៤​នាក់​ស្លាប់ និង​៣០​នាក់​រងរបួស​ធ្ងន់​និង​ស្រាល និង​១១​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​កាន់​ប​ញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ជាមួយគ្នា​នោះដែរ អ្នកសារព័ត៌មាន ត្រូវបាន​ហាម​មិន​ឲ្យ​ថតរូប ហើយ​សូម្បី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ ក៏​រង​ការបាញ់​បណ្តេញ​ចេញពី​ទីនោះ​ផងដែរ​។​​រហូតមកដល់​ម៉ោងជាង​៣​រសៀល​នេះ ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​បន្តិច ដោយ​កម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​តំបន់​នោះ ហើយ​ក្រុមកម្មករ​បាន​បំបែក​គ្នា​ជា​បណ្តើរៗ ចេញពី​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤