• សង្គម​ស៊ីវិល និង​អ្នកវិភាគ​ថា​ការប្រើ​យោធា​បង្ក្រាប​បាតុកម្ម​ផ្ទុយ​នឹង​គោលការណ៍​គ្រប់គ្រង​រដ្ឋ​

    • ថ្ងៃចេញផ្សាយ ៣-មករា-២០១៤

    សង្គម​ស៊ីវិល និង​អ្នកវិភាគ យល់ឃើញថា ការបង្ក្រាប ដោយ​កម្លាំង​ទ័ព​ឆ័​ត្រ​យោង ទៅលើ​ការតវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គឺ​ផ្ទុយទៅនឹង​គោលការណ៍​គ្រប់គ្រង​រដ្ឋ​។​​ការបន្ត​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ ត្រូវបាន​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង ៩១១ ដែល​ដាក់​ការពារ នៅមុខ​រោងចក្រ​យ៉ាក​ជី​ង បាន​វាយ​បង្ក្រាប​បែកក្បាល​លោក វន់ ពៅ និង​ចាប់ខ្លួន កម្មករ សកម្មជន​ដីធ្លី មន្ត្រី​សហជីព ព្រះសង្ឃ​៥​អង្គ​ទៀត ។​​លេខា​ប្រតិបត្តិ​នៃ នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​កម្ពុជា (CHARC) លោក សួន ប៊ុន​ស័ក្តិ មានប្រសាសន៍ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ទៅ លើ​ក្រុមបាតុករ​នៅពេលនេះ គឺ​កំពុង​ដើរ​ផ្ទុយ ទៅនឹង​គោលការណ៍​គ្រប់គ្រង​រដ្ឋ​។លោក​ថា ការប្រើប្រាស់​កំលាំង​ទ័ព លុះត្រា​តែមាន​ខ្មាំងសត្រូវ​ចូល​ឈ្លានពាន​ទឹកដី គឺ​មិនមែន​យកមក​បង្ក្រាប​លើ​ក្រុមបាតុករ​ទាមទារ​ប្រាក់​ឈ្នួល​ដោយ​សន្តិវិធី​នោះទេ ៖​អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត សុខ ទូច បញ្ជាក់ថា ការប្រើ​កម្លាំង​ទ័ព​បង្ក្រាប​ជា​ជម្រើស​ចុងក្រោយ​របស់​អ្នកនយោបាយ តែ​ករណី​បាតុកម្ម​កាលពី​ម្សិលមិញ មិនមែនជា​ដំណាក់កាល​ចុងក្រោយ​នោះទេ​។លោក​ថា រដ្ឋាភិបាល​គួរប្រើ​កម្លាំង​របស់​ក្រសួងមហាផ្ទៃ និង​កម្លាំង​ប៉េអឹម ព្រោះ​ពួកគេ​ទទួលបាន​ការអប់រំ​ពី​របៀប​បង្ក្រាប​បាតុកម្ម​កូដកម្ម និង​មាន​ភារៈកិច្ច​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ៖​ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ​(LICADHO) លោកស្រី ពង់ ឈី​វ​កេក បាន​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចុះសន្ធិសញ្ញា​លើ​ច្បាប់​អន្តរជាតិ​មួយចំនួន ស្តីពី​ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញមតិ តែ​រដ្ឋាភិបាល​កម្ពុជា​នេះ​ហាក់​មិនទាន់​អនុវត្តន៍​ឲ្យ​បាន​ប្រសើរ​ទេ​។លោកស្រី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង មនុស្ស​ដែល​បាន​ចាប់ខ្លួន​ទាំងនោះ​មកវិញ ដោយ​គ្មាន​លក្ខខណ្ឌ​។​​អតីត​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ញឹក ប៊ុនឆៃ បាន​បកស្រាយ​ថា តួនាទី​របស់​កងទ័ព គឺ​ត្រូវ​ការពារជាតិ ការពារ​បូរណៈភាព​ទឹកដី និង​ផ្តល់ជំនួយ​ពេល​ជាតិ​ត្រូវការ​ជំនួយ​មនុស្សធម៌ គឺ​មិនមែន​សម្រាប់​បង្ក្រាប​បាតុកម្ម​នោះទេ​។ លោក​ថា កងកំលាំង​ទាំងនោះ គឺ​បាន​រៀន​ពី​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម ដោយមាន​ប​ញ្ជូ​លពី​ច្បាប់​សិទ្ធិមនុស្ស គឺ​មិន​ជំនាញ​បង្ក្រាប​បាតុកម្ម​ទេ ៖ ​លោក ញឹក ប៊ុនឆៃ បន្ថែមថា រដ្ឋាភិបាល​អាច​ប្រើ​កងកម្លាំង​ទាហាន​បាន លុះត្រាតែ មាន​ហិង្សា​ខ្លាំង ឈានដល់​ការដុត​បំផ្លាញ ឬក៏​ហិង្សា​ណាមួយ​ដែល​កម្លាំង​ប៉េអឹម និង​នគរបាល​មិនអាច​ទប់ទល់​បាន ឬ​កម្លាំង​ទាំងនោះ​នៅ​ឆ្ងាយ ហើយ​កងទ័ព​នៅ​ជិត​កន្លែងកើតហេតុ​ជាង​។​​ក្រុម​សង្គម​ស៊ីវិល និង​អ្នកច្បាប់​មួយចំនួន បាន​ទម្លាក់​ការទទួលខុសត្រូវ​នៃ​វាយ​បង្ក្រាប​នេះ ទៅលើ​រដ្ឋាភិបាល ហើយ​បញ្ជាក់ថា អ្នកដឹកនាំ​ការបង្ក្រាប​នេះ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​ជាតិ និង​អន្តរជាតិ​នៅពេល​ខាងមុខ​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤