• ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​គ្រោង​ធ្វើបាតុកម្ម​នៅ​ក្រុង​សេ​អ៊ូ​ល​

    • ថ្ងៃចេញផ្សាយ ១៣-មករា-២០១៤

    ក្រុម​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង គ្រោង​នឹង​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ប្រឆាំងនឹង​ការបង្ក្រាប​ផ្តាច់ផ្តិល​ជីវិត​លើ​កម្មករ​រោងចក្រ​ក្នុងប្រទេស​កម្ពុជា​ពី​សំណាក់​ក្រុម​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា​។ក្រុម​ពលករ​ទាំងនោះ​នឹងដាក់​ញ​តិ្ត​ទៅកាន់​រដ្ឋាភិបាល​និង​អង្គការ​អន្តរជាតិ​នានា​ដើម្បី​បញ្ចប់​អំពើហិង្សា​នោះ​ផងដែរ​។​​ពលករ​ខ្មែរ​ប្រមាណ​១.០០០​នាក់​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការបង្ក្រាប​កម្មករ​រោងចក្រ​ក្នុងប្រទេស​កម្ពុជា ដោយ​ថែមទាំង​អំពាវនាវ​ឲ្យ​មានការ​ទទួលខុសត្រូវ និង​ស៊ើប អង្កេត​ចំពោះ​អំពើហិង្សា​នោះ​ផងដែរ​។នេះ​ជាការ​អះអាង​របស់លោក​យឹម ស៊ី​ណន អ្នករៀបចំ​បាតុកម្ម​ម្នាក់ និង​ជា​តំណាង​កម្មករ​ម្នាក់​ក្នុងប្រទេស​កូរ៉េ​ខាងត្បូង​ដែល​បាន​ថ្លែងប្រាប់​វី​អូ​អេ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​«​សម្រាប់​ការធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ ក្នុង​ក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នេះ​គឺ​គោលបំណង​របស់​កម្មក​រ​នៅក្នុង​ប្រទេស​កូរ៉េ​ទាំងអស់​គឺ​គាត់​មានបំណង​ចង់​ធ្វើ​បាតុកម្មអហិង្សា​មួយ​ដើម្បី​ទាមទារ​ឲ្យ​អ្នកដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើការ​ស៊ើបអង្កេត​និង​ទទួលខុសត្រូវ​ទៅលើ​បញ្ហា​ដែល​បានកើត​ឡើង​នូវ​ការបាញ់​បង្ក្រាប​ដោយ​កងកម្លាំង​មាន​សមត្ថកិច្ច​របស់រ​ដ្ឋា​ភិ​បាល​ទៅលើ​កម្មករ​ដែល​គ្រាន់តែ​ទាមទារ​ប្រាក់ខែ​១៦០​ដុល្លារ​នោះ​»​។​​ក្រៅពី​ដាក់​ញត្តិ​ជូន​ដល់​រដ្ឋាភិបាល ក្រុម​ពលករ​នឹងដាក់​ញ​តិ្ត​ទៅ​អង្គការ​ពលកម្ម អន្តរជាតិ​ដើម្បី​ឲ្យ​ដឹងថា មាន​អំពើ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ក្នុងប្រទេស​កម្ពុជា និង​ដាក់​ញ​តិ្ត​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​អំពើពុករលួយ​ក្នុង​ស្ថានទូត​ខ្មែរ​ក្នុង ប្រទេស​កូរ៉េខាងត្បូង​។​​គ្មាន​ការចាប់ខ្លួន​អ្នកបាញ់​សម្លាប់​កម្មករ​ទាំង​នោះទេ តែ​ក្រុម​មេដឹកនាំ​គណបក្ស ជំទាស់​ត្រូវ​តុលាការ​ចោទប្រកាន់​ដោយ​សង្ស័យថា ជា​អ្នក​ញុះញង់​ឲ្យ​មាន​អំពើ ហិង្សា​។គណបក្សជំទាស់​បដិសេធ​ការចោទប្រកាន់​នោះ ហើយ​ប្តេ​ជា្ញ​ថា នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៤​មករា​។​​កម្មករ​រោងចក្រ​យ៉ាងតិច​ប្រាំ​នាក់​ត្រូវ​ក្រុម​អាជ្ញាធរ​បាញ់សម្លាប់ ៤០​នាក់​រងរបួស និង​យ៉ាងតិច​១៦​នាក់​ត្រូវ​ចាប់ឃុំខ្លួន ក្នុងពេលដែល​កង​យោធា និង​អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅពេល​ពួកគេ​កំពុង​ទាមទារ​ដោយ​អហិង្សា​សុំ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​ពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ​ស​.​រ​.​អា​.​។​​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​ពលករ​ខ្មែរ​ក្នុងប្រទេស​កូរ៉េ ដែល​វី​អូ​អេ​ទទួលបាន បាន​បញ្ជាក់ថា ពួកគេ​មិនអាច​បិទ​ភ្នែក​មើល​ការរំលោភ​សិទ្ធិ​កម្មករ​និង​សិទ្ធិមនុស្ស​បានទេ​។សេចក្តីប្រកាស​ព័ត៌មាន​នោះបាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ក្នុងប្រទេស​កូរ៉េ​ចូលរួម​បាតុកម្ម​ឲ្យ​បាន​ច្រើន​។ ក្រុម​អ្នករៀបចំ​បាតុកម្ម​បាន​និយាយថា បាតុកម្ម​របស់​ពលក​រ​ខ្មែរ​នេះ​ក៏​នឹងត្រូវ​ចូលរួម​ដោយ​សហព័ន្ធ​សហជីព​កូរ៉េ​ដែល​មិន​ពេញ​ចិត្តនឹង​ការបង្ក្រាប​របស់​អាជ្ញាធ​រ​កម្ពុជា​លើក​ម្មករ​ខ្មែរ​ផងដែរ​។​​ក្រុម​ពលរដ្ឋ​ខ្មែរ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​ស៊ៀ​អាថ​ល រដ្ឋ​វ៉ាស៊ីនតោន ក៏បាន​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ដើម្បី​ប្រឆាំងនឹង​ការបង្ក្រាប​ដោយ ហិង្សា​លើក​ម្មករ​ខ្មែរ​នោះ​៕​ដកស្រង់​ចេញពី​វិទ្យុ​សម្លេងសហរដ្ឋអាមេរិក (VOA)ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤​។