• សាលា​រាជធានី​ភ្នំពេញ ព្រមាន​ទប់ស្កាត់ បើ​មានការ​ហែរ​ក្បួន​នៅ​ថ្ងៃ​ប្រារព្ធ​ខួប​សព​លោក​ជា វិជ្ជា​

    • ថ្ងៃចេញផ្សាយ ២០-មករា-២០១៤

    សាលា​រាជធានី​ភ្នំពេញ ព្រមាន​ថា នឹង​ចាត់វិធានការ​ទប់ស្កាត់ ប្រសិនបើ​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​ប្រកាន់​គោលជំហរ​ហែ​ក្បួន ដើម្បី​គម្រប់​ខួប ១០​ឆ្នាំ នៃ​ការស្លាប់​របស់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២​ខែមករា ខាងមុខនេះ​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ លោក ជា មុនី ប្រារព្ធ​ខួប​១០​ឆ្នាំ​សព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅមុខ​វត្ត​លង្ការ ប៉ុន្ដែ​ហាម​មិន​ឲ្យ​មាន​ការហែក្បួន​ឡើយ ដោយ​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ឬ​បញ្ហា​ណាមួយ​កើតឡើង​ជាយថាហេតុ​។ លោក​ថា ប្រសិនបើ​សហជីព​សេរី​កម្មករ នៅតែ​ប្រកាន់​ជំហ​ហែ​ក្បួន នោះ​សាលា​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ​ទប់ស្កាត់ <<​ខ្ញុំ​មិនដឹងថា វិធានការ​អី​ទេ ប៉ុន្តែ​ការដែល​គាត់​ធ្វើ បានន័យថា គាត់​ប្រឈម​នឹង​ការ​ល្មើសច្បាប់ ល្មើស​នឹង​បទ​ប​ញ្ញ​តិ្ត​របស់​យើង អញ្ចឹង​គាត់​នឹង​ទទួល​កាត​លឿង​មួយ និយាយ​អញ្ចឹង​តែម្តងទៅ​>>​។​​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី នៅតែ​ប្រកាន់​ជំហរ​ហែ​ក្បួន​ដដែល បើទោះបីជា​សាលា​រាជធានី​ភ្នំពេញ ហាមឃាត់​មិន​ឲ្យ​ហែ​ក្បួន​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជា វិជ្ជា ក៏ដោយ <<​យើង​ទៅ​ដាក់ យើង​ដាក់​ទៅ មានអី បើ​គេ​ថា​មិន​ឲ្យ គេ​ថា​ទៅ ជា​រឿង​របស់គេ​ទេ យើង​ដាក់​ទៅ យើង​បង់ពន្ធ​ជូន​រដ្ឋ​ទេតើ ផ្លូវ​ហ្នឹង​>>​។​​បើតាម លោក​ជា មុនី កម្មវិធី​នេះ ចាប់ផ្ដើម​នៅ​ម៉ោង​៨​ព្រឹក ដោយមាន​អ្នកចូលរួម​ប្រមាណ​១៥០​នាក់ ហែ​ក្បួន​ពី​ទីស្នាក់ការ​កណ្តាល​របស់​សហជីព ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ឆ្ពោះទៅកាន់​រូបសំណាក់​លោក ជា វិជ្ជា ស្ថិតនៅ​ច្រមុះជ្រូក​ខាងលិច​វិមានឯករាជ្យ និង​ខាងត្បូង​វត្ត​លង្ការ ហើយ​មានការ​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ដោយ និមន្ដ​ព្រះសង្ឃ​សូត្រមន្ដ និង​បំពាក់​កម្រងផ្កា​លើ​រូបសំណាក់​លោក ជា វិជ្ជា​។ លោក​ជា មុនី បានដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣​ខែមករា ស្នើសុំ​រៀបចំ​ប្រារព្ធ​ខួប​១០​ឆ្នាំ​សព​លោក​ជា វិជ្ជា​។​​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ខ្មាន់កាំភ្លើង មិន​ស្គាល់មុខ បាញ់​ចំនួន​បី​គ្រាប់ បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈពេលដែល​លោក​កំពុង​ឤ​ន​សារព័ត៌មាន នៅមុខ​តូប​លក់​កាសែត​មួយ ជាប់​នឹង​របង​វត្ត​លង្កា ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០០៤​។លោក ជា មុនី ដែលជា​ប្អូនប្រុស​របស់លោក ជា វិជ្ជា ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​ចាប់​ឃាតករ​ពិត ដែល​បាញ់សម្លាប់​បងប្រុស​របស់លោក យកទៅ​ផ្តន្ទាទោស​នៅឡើយ​ទេ​។កន្លងមក សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស ២​នាក់ គឺ​លោក សុខ សំអឿន និង​លោក ប៊​ន សំណាង បញ្ចូនទៅ​កាន់​តុលាការ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ​។មន្ត្រី​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​គ្រួសារ​ជនរងគ្រោះ បានចាត់ទុក​បុរស​ទាំងពីរ​នាក់​នេះ​ថា​ជា​ឃាតក​សិប្បនិម្មិត​។​​តែ​ទោះជា​យ៉ាងណា លោក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់មាន​ប្រសាសន៍ថា សំណុំរឿង​ឃាតកម្ម​សព​លោក ជា វិជ្ជា សមត្ថកិច្ច​នៅតែ​បន្ត​ស៊ើបអង្កេត និង​មិនទាន់​បិទ​សំណុំ​រឿងនេះ​នៅឡើយ​ទេ​៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។