• អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ថ្កោលទោស​កម្ពុជា​ថា​រំលោភ​សិទ្ធិមនុស្ស​

    • ថ្ងៃចេញផ្សាយ ២៧-មករា-២០១៤

    ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​និង​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ មករា ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន ២​នាក់ និង​របួស​ជាង ១០​នាក់ ត្រូវបាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ថ្កោលទោស​រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិមនុស្ស​។​​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី ឬ​អង្គការ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ មានប្រតិកម្ម​នឹង​ការប្រើ​ហិង្សា​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ប្រឆាំង​អ្នក​តវ៉ា នៅ​ព្រឹក​ថ្ងៃទី​២៦ មករា ថា ជាការ​រំលោភច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។​​តំណាង​អង្គការ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ដែលមាន​ការិយាល័យ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ គឺ​លោក ហ្វីល រ៉ូ​ប៊ើ​ត​សុន (Phil Robertson) ថ្កោលទោស​អាជ្ញាធរ​រដ្ឋា​ភិ​បាល​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ពីរ​យ៉ាង គឺ​ទីមួយ រំលោភ​ដោយ​ការហាម​មិនឱ្យ​ពលរដ្ឋ​ជួបជុំគ្នា ហើយ​មិនឱ្យ​ចូលទៅក្នុង​ទីលាន​ប្រជាធិបតេយ្យ និង​ទី​ពីរ ការប្រើ​កម្លាំង​ហួស​ពី​ការចាំបាច់ និង​ហិង្សា​ប្រឆាំង​បាតុករ​។​​លោក​បញ្ជាក់ទៀតថា ការប្រើ​កម្លាំង​ហួស​ពី​ការចាំបាច់​នេះ គឺ​រំលោភ​លើ​បទដ្ឋាន​អង្គការសហប្រជាជាតិ​ស្ដីពី​ការប្រើប្រាស់​កម្លាំង​និង​អាវុធ ដោយ​មន្ត្រី​ប្រតិបត្តិ​ច្បាប់​៖ «​ការប្រើ​កម្លាំង​ហួស​ពី​ការចាំបាច់​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​។ ប៉ុន្តែ​ចេតនា​ប្រើ​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គឺ​ចង់​បំភ័យ​ពលរដ្ឋ​កុំឱ្យ​តវ៉ា​តទៅទៀត​។ទាំងនេះ គឺ​ធ្វើ​ដើម្បី​បំបិទមាត់​ពលរដ្ឋ​ក្នុងស្ថានភាព​មួយ ដែល​រដ្ឋាភិបាល​សងសឹក​វិញ និង​ប្រើ​កម្លាំង​នេះ ក៏​ដើម្បី​បិទមាត់​ពលរដ្ឋ កុំឱ្យ​សួរដេញដោល​ពី​រឿង​បំបែក​ការតវ៉ា និង​រឿង​ចាប់ខ្លួន​តំណាង​អ្នក​តវ៉ា​របស់គេ​»​។​​លោក ហ្វីល រ៉ូ​ប៊ើ​ត​សុន ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​អនុវត្តន៍​តាម​កាតព្វកិច្ច​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ខ្លួន​បានផ្ដល់​សច្ចាប័ន​។ វា​ជា​កាតព្វកិច្ច​មិនមែនជា​ជម្រើស​ដែល​រដ្ឋាភិបាល​ចង់​ធ្វើ​ក៏បាន ឬ​មិន​ចង់​ធ្វើ​ក៏បាន​នោះទេ​៖ «​អនុសាសន៍​របស់​យើង គឺ​មិនមែន​សំដៅ​តែ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ទេ គឺ​យើង​សំដៅទៅ​ភ្នាក់ងារ​អន្តរជាតិ​ជាច្រើន​ទៀត​ដែរ ដែល​ផ្ដល់ជំនួយ​ថវិកា​ជាង ៥០% ដល់​រដ្ឋាភិបាល​កម្ពុជា ដូចជា អង្គការសហប្រជាជាតិ ម្ចាស់ជំនួយ​ទ្វេភាគី ត្រូវតែ​និយាយ​ឡើង ពេល​ឃើញ​មានការ​រំលោភ​សិទ្ធិមនុស្ស​ទាំងនេះ ដែលជា​ការគំរាមកំហែង​អភិបាលកិច្ច​ល្អ និង​សកម្មភាព​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ​របស់ខ្លួន​»​។​​លោក​មានប្រសាសន៍​បន្ត​ថា សហគមន៍​អន្តរជាតិ គឺ​រដ្ឋាភិបាល​នានា ដូចជា ទូត​នៅ​ភ្នំពេញ ត្រូវតែ​លើក​ការព្រួយបារម្ភ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​គោរព​សិទ្ធិមនុស្ស ដើម្បី​ធ្វើឱ្យ​សិទ្ធិ​ជួបជុំ និង​បញ្ចេញមតិ​សន្តិវិធី​មាន​ឡើងវិញ​។​​ចំណែក​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាង ហៀ​លី (Wang Hea-Lee) ថ្លែង​នៅ​ល្ងាច​ថ្ងៃទី​២៦ មករា​ថា ការកើតមាន​ហិង្សា​នៅក្នុងពេល​ធ្វើបាតុកម្ម​នោះ ជា​ការដើរថយក្រោយ​៖ «​ខ្ញុំ​សោកស្ដាយ​ចំពោះ​ការដើរថយក្រោយ ដែល​បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃនេះ​។ ខ្ញុំ​សង្ឃឹមថា សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នេះ នឹងត្រូវ​ធ្វើ​ឲ្យ​មាន​វិញ​យ៉ាង​ឆាប់​ដែល​អាចធ្វើ​ទៅបាន​។ ខ្ញុំ​សូមបញ្ជាក់ថា សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នេះ ត្រូវបាន​ធានា ទាំង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​ច្បាប់​អន្តរជាតិ​។ ខ្ញុំ​សោកស្ដាយ​ដែរ ដែលមាន​អ្នករបួស​មួយចំនួន ហើយ​សង្ឃឹមថា អ្នក​ទាំងនោះ​នឹង​បានជា​សះស្បើយ​វិញ​ឆាប់ៗ​។ចំពោះ​អ្នក​ដែល​នគរបាល​ចាប់​យកទៅ​សាកសួរ​នោះ អ្នកស្រី​សង្ឃឹមថា នគរបាល​នឹង​អនុវត្តន៍​តាម​នីតិវិធី​ត្រឹមត្រូវ​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ទាំង​អាជ្ញាធរ និង​បាតុករ ធានា​ឱ្យបាន​នូវ​សន្តិភាព​»​។​​វិទ្យុ​អាស៊ីសេរី​មិនបាន​ទទួល​ការឆ្លើយតប​របស់​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ចំពោះ​ការ​ថ្លែង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ទេ នៅ​ល្ងាច​ថ្ងៃទី​២៦ មករា​។ ក៏ប៉ុន្តែ កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍​មុន មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ថ្លែង​ពាក់ព័ន្ធ​នឹង​អង្គការសិទ្ធិមនុស្ស យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ថា លោក​មិន​ចម្លែក ឬ​ភ្ញាក់ផ្អើល​នឹង​ពាក្យសម្ដី​របស់​អង្គការ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ទេ ហើយ​ថា អង្គការ​នេះ​មាន​ទិសដៅ​ផ្ទុយ​ពី​រដ្ឋាភិបាល​ដែល​កំពុង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ដោះស្រាយ​តាមច្បាប់ និង​នីតិរដ្ឋ​ដែលមាន​ដើម្បីឱ្យ​ស្ថិរភាព សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ វិល​មក​ធម្មតា​វិញ​។​​ទោះជា​យ៉ាងនេះ​ក្ដី ទាំង​អ្នកស្រី វ៉ាង ហៀ​លី តំណាង​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​លោក ហ្វីល រ៉ូ​ប៊ើ​ត​សុន តំណាង​អង្គការ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាតឱ្យ​ការសម្ដែង​មតិ និង​ជួបជុំគ្នា​ដោយ​សន្តិវិធី ដែល​កម្ពុជា​ធ្លាប់មាន​ពេល​បោះឆ្នោត មាន​ជា​បន្តទៀត​ឱ្យបាន​ឆាប់​៕ដកស្រង់ចេញពីវិទ្យុសម្លេងអាស៊ីសេរី (RFA) ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។