-
អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបក្រុមបាតុករនៅមុខក្រសួងព័ត៌មាន បណ្តាលឲ្យបុរសពីរនាក់រងរបួសក្បាល
- ថ្ងៃចេញផ្សាយ ២៧-មករា-២០១៤
ទីបំផុតទៅ សមត្ថកិច្ចរាជធានីភ្នំពេញប្រមាណ ១០០០នាក់ បានបង្ក្រាបទៅលើក្រុមបាតុកម្មរបស់លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ នៅមុខក្រសួងព័ត៌មាន ដោយប្រើខែល ដំបង និងបាញ់គ្រាប់បែកផ្សែងទៅលើហ្វូងបាតុករ។នៅម៉ោងប្រមាណ ១០:០៨នាទីព្រឹកនេះ កម្លាំងសមត្ថកិច្ចប្រមាណ ១០០០នាក់ បានប្រើប្រាស់គ្រាប់បែកផ្សែងបាញ់ទៅលើក្រុមបាតុករ ដើម្បីបំបែកការតវ៉ារបស់ពួកគេនៅមុខក្រសួងព័ត៌មាន ក្នុងខណ្ឌដូនពេញ បណ្តាលឲ្យបាតុករខ្លះ ពុលគ្រាប់បែកផ្សែង។នៅក្នុងការបង្ក្រាបនោះ ក៏មានក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ដែលពាក់មួកការពារពណ៌ខ្មៅ បានចូលរួមបង្ក្រាប ដោយបានវាយបុរសម្នាក់ឈ្មោះ សុខ លី ជាអ្នករត់ម៉ូតូឌុប មកពីខេត្តកំពង់ចាម និងបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសក្បាល។ បើតាមអ្នកដែលឃើញហេតុការណ៍នេះ បុរសឈ្មោះ សុខ លី នោះ គ្រាន់តែជាអ្នករត់ម៉ូតូឌុបហើយឈប់ចតនៅក្បែរក្រសួងព័ត៌មាននោះ មិនមែនជាក្រុមបាតុករដែលចូលរួមបាតុកម្មជាមួយលោកម៉ម សូណង់ដូនោះទេ។ចំណែកម៉ូតូរបស់លោក ក៏ត្រូវបានក្រុមសន្តិសុខទាំងនោះ វាយកម្ទេចផងដែរ។ការបង្ក្រាបនេះ ធ្វើឡើងនៅពេលដែលក្រុមបាតុករប្រមាណ ៣០០០នាក់ ដែលដឹកនាំដោយលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ នៅម៉ោង៩:២០នាទីនេះ បានហែក្បួនពីស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ទៅកាន់ក្រសួងព័ត៌មាន ទាមទារបង្កើតហ្វ្រេកង់ ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តទៅតាមខេត្ត៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤។