-
ការពង្រាយកម្លាំងសមត្ថកិច្ចនៅតាមរោងចក្រ ជាការគំរាមកំហែងដល់កម្មករ
- ថ្ងៃចេញផ្សាយ ២៦-កុម្ភៈ-២០១៤
មន្ត្រីសហជីពឲ្យដឹងនៅថ្ងៃអង្គារនេះថា ការពង្រាយកម្លាំងសមត្ថកិច្ចនៅមុខរោងចក្រផ្លូវវ៉េងស្រេង និងផ្លូវជាតិលេខ៤ ជាសារគំរាមកំហែងដល់កម្មករ-កម្មការិនី ខណៈពួកគេធ្វើកូដកម្មមិនធ្វើការថែមម៉ោង ទូទាំងប្រទេស ទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារដល់កម្មករ។ការពង្រាយកម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀត ស្លៀកពាក់ស៊ីវិលពី៥-១០នាក់ នៅមុខរោងចក្រមួយចំនួននៅរាជធានីភ្នំពេញ ធ្វើឡើងស្របពេលដែលសហជីព និងសមាគមចំនួន១៨ ចែកខិត្តប័ណ្ណដល់កម្មករ ដើម្បីចូលរួមធ្វើកូដកម្មទូទាំងប្រទេស ដោយមិនធ្វើការថែមម៉ោង ចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ក្នុងបំណងទាមទារឲ្យរដ្ឋាភិបាល និងនិយោជកដោះស្រាយបញ្ហាចំនួន៧ចំណុច ក្នុងនោះ សុំឲ្យដោះលែងអ្នកទាំង២១នាក់ និងសុំដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារដល់កម្មករ។មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទ នៃសម្ព័ន្ធសហជីពស៊ីខៅឌូ (C.CAWDU) លោក ស៊ាង យ៉ូត មានប្រសាសន៍ថា នៅថ្ងៃអង្គារនេះ កម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀត ស្លៀកពាក់ស៊ីវិល ត្រូវបានដាក់ពង្រាយនៅមុខសួនកាណាឌីយ៉ា ផ្លូវវេងស្រេង និងតាមរោងចក្រមួយចំនួនទៀត ដោយមានកាំភ្លើង ដំបងឆក់ជាដើម។ លោកបន្តថា ការដាក់ពង្រាយសមត្ថកិច្ចបែបនេះ ជាការគំរាមកំហែងដល់ សហជីព និងកម្មករ «ធ្វើបែបហ្នឹង ហាក់ដូចជាប៉ះពាល់ផ្លូវចិត្តមួយ ទៅដល់បងប្អូនកម្មករ ដូចជាការគំរាមកំហែង បំភិតបំភ័យ ហើយស្មារតីនៃថ្ងៃទី២ ទី៣ យកមកបន្លាចគាត់អ៊ីចឹង។ នេះជាបញ្ហាមួយសម្រាប់បងប្អូនកម្មករ»។កម្មកររោងចក្រកាណាឌីយ៉ា (ញ៉ូអូរៀន) ផ្លូវវេងស្រេង អ្នកស្រី ស៊ឹម លី ឲ្យដឹងថា នៅមុខសួនកាណាឌីយ៉ា ពិតជាមានកម្លាំងសមត្ថកិច្ចប្រមូលផ្ដុំនៅតំបន់នោះមែន។ អ្នកស្រីបន្តថា នៅម្តុំរោងចក្រ (ញ៉ូអូរៀន) សមត្ថកិច្ច និងអ្នកស្លៀកពាក់ស៊ីវិលទាំងនោះ បានដើរជិតរោងចក្រ ធ្វើឲ្យកម្មករមានការភិតភ័យ «គំរាមកម្មករក៏ថាបាន គំរាមពួកសហជីពក៏បាន ព្រោះកម្មករគាត់រៀងចាលហើយ គាត់ខ្លាច ព្រោះអីគាត់ថា កាលថ្ងៃទី២ ទី៣ ពួកគាត់អត់មានបានធ្វើអ្វី គេមកបង្ក្រាបគាត់ដោយហិង្សាអ៊ីចឹង ទាំងគេទាំងខ្ញុំមានការភ័យខ្លាចហើយ»។អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍ថា ការដាក់ពង្រាយ កម្លាំងសមត្ថកិច្ច មិនមែនគំរាមកំហែងកម្មករទេ ប៉ុន្តែលោកថា ការពង្រាយកម្លាំងសមត្ថកិច្ចនោះ ដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ «ការដាក់ពង្រាយនេះ ដើម្បីបង្ការការពារ សន្តិសុខ សុវត្ថិភាព ហើយនិងបង្ការការពារ ក្រែងមានឧប្បត្តិហេតុណាកើតឡើង នៅក្នុងសភាពការដែលខាងសង្គមស៊ីវិល មួយចំនួន គាត់កំពុងធ្វើការតវ៉ា ឡើងមកធ្វើការតវ៉ានៅតាមផ្លូវ»។ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿន តុលា យល់ថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ទំនងជាការគំរាមកំហែងដល់កម្មករឲ្យធ្វើការបន្ថែមម៉ោង។ លោកបញ្ជាក់ថា នៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ មិនមានមាត្រាណាមួយចែងឲ្យកម្មករធ្វើការបន្ថែមម៉ោងទេ។មេដឹកនាំសហជីព និងសមាគមទាំង១៨ បានបញ្ចប់ធ្វើការចែកខិត្តប័ណ្ណនៅថ្ងៃអង្គារនេះ ដោយអំពាវនាវឲ្យកម្មករ-កម្មការិនីចូលធ្វើកូដកម្ម ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដោយពួកគេសង្ឃឹមថា នឹងមានអ្នកចូលរួម លើសពី២០ម៉ឺននាក់៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។