• បុរស​៣​នាក់​ត្រូវ​នាំទៅ​ធ្វើ​កិច្ចសន្យា​បន្ទាប់ពី​ប្រមូល​ផ្ដុំគ្នា​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​២១​នាក់​

    • ថ្ងៃចេញផ្សាយ ១០-មីនា-២០១៤

    កម្លាំង​ប៉ូលិស និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​នាំខ្លួន​បុរស​អ្នករត់​រ៉ឺម៉ក​កង់​បី​ចំនួន ៣​នាក់ ទៅធ្វើ​កំណត់ហេតុ និង​កិច្ចសន្យា​អស់​រយៈពេល​ជាច្រើន​ម៉ោង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែមីនា​។​ ​ការនាំ​ខ្លួន​ទៅធ្វើ​កិច្ចសន្យា​នេះ បន្ទាប់ពី​ក្រុម​អ្នករត់​រ៉ឺម៉ក​កង់​បី​ប្រមាណ​ជិត ២០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ប្រាសាទអង្គរវត្ត ក្នុង​បំណង​ធ្វើការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ចំនួន ២១​រូប ដែល​សមត្ថកិច្ច​បាន​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយសារតែ​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​លើផ្លូវ​វ៉េងស្រេង នាទី​ក្រុងភ្នំពេញ​កន្លង​ទៅ​។​​បុរស​ម្នាក់​ក្នុងចំណោម ២​នាក់​ផ្សេងទៀត​ដែល​សមត្ថកិច្ច​នាំខ្លួន គឺ​លោក វ័រ វន​។ លោក​បាន​មានប្រសាសន៍​ក្នុងពេលនោះ​ថា មូលហេតុ​ដែល​ក្រុម​របស់លោក​ប្រមូល​ផ្ដុំគ្នា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កម្មករ​ដែល​កំពុង​តែ​ជាប់ឃុំ​ចំនួន ២១​រូបនោះ ដោយសារតែ​មិនអាច​សម្លឹង​មើលឃើញ​ភាពអយុត្តិធម៌​បានទេ​៖ «​យើងខ្ញុំ​ទាំងអស់គ្នា​មើលឃើញថា​វា​អយុត្តិធម៌​! គ្រាន់តែ​ទាមទារ​លុយ​បៀវត្សរ៍ ១៦០​ដុល្លារ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ឃុំខ្លួន​។ នេះ​ជា​រឿង​មួយ​ដែល​ពួក​ខ្ញុំ​មិន​ទទួលយក​បានទេ​។ អន្លើ​យ៉ាងនេះ​ទៅទៀត យើង​នឹង​ធ្វើការ​ថ្កោលទោស មេបញ្ជាការ​កង​ព​លលេ​ខ​៩១១»​។​​ស្នងការរង​នគរបាល​ខេត្តសៀមរាប លោក ភឹង ចិន្ដា​រិ​ទ្ធិបាន​មានប្រសាសន៍ថា សមត្ថកិច្ច​មិន​អនុញ្ញាតឱ្យ​ក្រុម​អ្នករត់​រ៉ឺម៉ក​កង់​បី​ទាំងនោះ ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​នៅមុខ​អង្គរវត្ត​បានទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ភ្ញៀវទេសចរ​ជាច្រើន​។​​ចំណែក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប លោក សំរិទ្ធ សុខុន បាន​ហៅ​ការប្រមូលផ្ដុំ​តវ៉ា​របស់​ក្រុម​អ្នករត់​រ៉ឺម៉ក​កង់​បី​ទាំងនោះ​ថា ធ្វើឡើង​ដោយ​គ្មាន​ច្បាប់ និង​ប្រើ​សេរីភាព​របស់​ពួកគេ​ជ្រុល​ហួសហេតុ​៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី​(RFA) ចុះថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៤។