• អ្នក​តវ៉ា​រឿង​ដី​នៅ​ក្រចេះ​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​

    • ថ្ងៃចេញផ្សាយ ២៩-មេសា-២០១៤

    អាជ្ញាធរ​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​មួយរូប​ដែល​ចេញមុខ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​នៅ​ឃុំ​ដំរី​ផុង ស្រុក​ឆ្នូ​ង ខេត្តក្រចេះ នៅ​ថ្ងៃ​២៦ មេសា​។ក្នុង​សំណុំរឿង​ដដែល​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពលរដ្ឋ​កើនឡើង​រហូតដល់ ៣​នាក់​ហើយ ចាប់តាំងពី​ថ្ងៃ​២៥ មេសា មក​។ ការឃាត់ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​ចុងក្រោយ​នេះ សមត្ថកិច្ច​កំណត់​មុខសញ្ញា​ថា បាន​បង្ក​ការ​ញុះញង់​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​ឲ្យ​ចេញមុខ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​។​​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មសំលៀង ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​ចេញមុខ​តវ៉ា​រឿង​ដីធ្លី​ត្រូវបាន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា បានធ្វើ​សកម្មភាព​ញុះញង់ និង​បង្ក​ការរំខាន​ដល់​អាជ្ញាធរ​ក្នុងការ​អនុវត្ត​ច្បាប់​។ ការចាប់​ឃាត់ខ្លួន​នោះ គឺមាន​ប្រជាពលរដ្ឋ ៣​នាក់​ហើយ ក្នុងនោះ​រួមមាន​ទី​១ លោក ស៊ឹម ផល ទី​២ លោក ផា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៥ មេសា និង​ទី​៣ លោក ហម លី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៦ មេសា បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាននាំគ្នា​បម្រុង​ទៅធ្វើ​ការតវ៉ា​នៅ​សាលាស្រុក​ឆ្លូង ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​បាន​ចាប់ខ្លួន​ពីរ​នាក់​ដំបូង និង​សុំឱ្យ​មានការ​ដោះស្រាយ​បញ្ហាដីធ្លី​ដែល​ពួកគាត់​កំពុង​អាស្រ័យ​ផល​នោះ​។​​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៦ មេសា ពួកគាត់​ជាច្រើន​នាក់​បម្រុង​នឹង​លើកគ្នា​ទៅធ្វើ​ការតវ៉ា​ដល់​អាជ្ញាធរ​ស្រុក​ដើម្បី​ធ្វើ​អន្តរាគមន៍​ឱ្យ​ដោះលែង​ចំពោះ​មនុស្ស​ពីរ​នាក់​ដែល​អាជ្ញាធរ​ចាប់​កាលពី​ថ្ងៃទី​២៥ មេសា នោះ ប៉ុន្តែ​គម្រោង​នេះ​មិនបាន​សម្រេច​ឡើយ ហើយ​បែរជា​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ហម លី ក៏​ត្រូវបាន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន រួម​នឹងមាន​វាយដំ​ទៀតផង​។​​ពលរដ្ឋ​៖ «​ព្រោះតែ​ប្រជាពលរដ្ឋ​អត់​មាន​ដី​ធ្វើ​បើ​ចេញពី​កន្លែង​ហ្នឹង​ទៅណា​មួយ​នៅ​ស្រុក​ហ្នឹង ប្រជាពលរដ្ឋ​ភាគច្រើន​ដំបូង​លក់​ដី​នៅ​ស្រុក​អស់ហើយ ដើម្បី​ប្តូរ​ពី​កន្លះ​ហិកតារ​មក​យក​មួយ​ហិកតារ ពីរ​ហិកតារ បី​ហិកតារ​អ៊ីចឹង​។ បើ​នៅ​ស្រុក​កន្លះ​ហិកតារ អ៊ីចឹង​ហូប​អត់​គ្រាន់​សម្រាប់​ជីវភាព​គ្រួសារ ហើយ​លក់​អី​ណោះ​បាន​សោហ៊ុយ​តិចតួច ហើយ​មក​អី​ណេះ​បាន​ពីរ​ហិកតារ ឬក៏​បី​ហិកតារ​អ៊ីចឹង​ដើម្បី​ចិញ្ចឹម​កូន​គាត់​ប្រាំពីរ​ប្រាំបី​នាក់​»​។​​ប្រភព​ដដែល​បានលើកឡើង​ទាំងអស់​សង្ឃឹមថា ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​នោះ នៅឯ​ដីចម្ការ​របស់ខ្លួន គឺ​ខាង​ក្រុមហ៊ុន​បាន​ឈូសឆាយ​ដំណាំ​របស់​ពួកគាត់​អស់ ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​ក៏​យល់ព្រម​ទទួលយក​សំណង់​ពី​ភាគី​ក្រុមហ៊ុន​ទៀង​ផង​។ លោក​បន្តទៀតថា អាជ្ញាធរ​មិនមាន​ដំណោះស្រាយ​ណា​ក្រៅ​តែ​បង្ខំ​ប្រជាពលរដ្ឋ​ឱ្យ​ទទួលយក​សំណង់​ជា​ប្រាក់​ក្នុង​មួយ​ហិកតារ ២៥០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ផ្តិតមេដៃ​ប្រគល់​ដី​ដែល​ពួកគាត់​បាន​កាន់កាប់​ក្រោយ​បទបញ្ជា​សូន្យ​មួយ​ដែល​អាជ្ញាធរ​បញ្ជាក់ថា ជា​ដី​ប៉ះពាល់​លើដី​ក្រុមហ៊ុន​នោះ​។ បើទោះបីជា​មិនមាន​សង្ឃឹម​ក៏ដោយ ក៏​លោក​សុំ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​គិតគូរ​ដី​ដែល​ពួកគាត់​កំពុង​តវ៉ា​នោះ ពីព្រោះ​ប្រសិនបើ​មានតែ​ដី​សម្រាប់​តួ​ផ្ទះ ពួកគាត់​ក៏​ពិបាក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​នោះដែរ​។​​ទាក់ទង​នឹង​បញ្ហា​នេះ អភិបាលរង​ខេត្តក្រចេះ ទទួលបន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក ខ័​ណ្ឌ ចំណាន បាន​មានប្រសាសន៍ថា លោក ហម លី ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ គឺជា​មុខសញ្ញា​ដែល​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រឆាំងនឹង​សមត្ថកិច្ច​ក្នុង​រឿង​ដីធ្លី​នៅពេល​កន្លងមក ដូចនេះ​អាជ្ញាធរ​មានតែ​អនុវត្តតាម​នីតិវិធី​។​​លោក ខ័​ណ្ឌ ចំណាន​៖ «​អត់​ទេ​! គាត់​មេខ្លោង​គាត់​នៅតែ​ភ្នំពេញ ហើយ​នៅពេលដែល​យើង​បាន​ត្រួតពិនិត្យ​ទៅ​ថា​គាត់​ជា​ធ្វើការ​នូវ​អង្គភាព​អគ្គបញ្ជាការ​អង្គរក្ស​អ៊ីចឹង​។ អ៊ីចឹង​បាន​នៅតាម​ផ្លូវ​គាត់​បានធ្វើ​សកម្មភាព​ប្រុង​រត់គេចខ្លួន​ពី​ក្នុង​រថយន្ត​សមត្ថកិច្ច ប្រើ​អំពើហិង្សា​មក​កងកម្លាំង​នៅក្នុង​រថយន្ត ប៉ុន្តែ​យើង​បង្ក្រាបបាន​ទាន់ពេលវេលា ហើយ​ឥឡូវ​កំពុងតែ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ដើម្បី​កសាង​សំណុំរឿង​»​។​​លោក​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​នោះ គឺមាន​មិន​ដល់ ១០០​គ្រួសារ​នោះទេ ហើយ​មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៣០​ភាគរយ​ហើយ​ដែល​បាន​យល់ព្រម​ទទួលយក​សំណង ២៥០​ដុល្លារ ក្នុង​ដី​មួយ​ហិកតារ ដើម្បី​បញ្ឈប់​ការតវ៉ា​នោះ ហើយ​អាជ្ញាធរ​នៅតែ​បន្ត​រង់ចាំ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដើម្បី​ចូលធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​។​ ​វិធានការ​ក្ដៅ​របស់​អាជ្ញាធរ​ខេត្តក្រចេះ គឺ​ចាប់ផ្ដើម​នៅក្រោយពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច​ដោយ​អះអាងថា ចាត់វិធានការ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដី​ខុសច្បាប់​ឱ្យអស់​នៅក្នុង​ឆ្នាំ​២០១៤​។​ចំណែកឯ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​នោះ គឺជា​ការ​បំបាក់ស្មារតី​ចំពោះ​នរណាម្នាក់​ដែល​បាន​ចេញមុខ​តវ៉ា​ការពារ​ដី​របស់ខ្លួន គឺ​តែងតែ​ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់ថា ជា​មេខ្លោង និង​ជា​អ្នកដើរ​ញុះញង់​ប្រឆាំង​ទៅនឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ជាដើម​៕ដកស្រង់ចេញពីវិទ្យុសម្លេងអាស៊ីសេរី (RFA) ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤។