• ស្ថានភាព​សន្តិសុខ​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​រឹតបន្តឹង ខណៈ​កម្មករ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​

    • ថ្ងៃចេញផ្សាយ ២-ឧសភា-២០១៤

    នៅ​គ្រប់​ច្រកចូល​សំខាន់ៗ មកកាន់​រាជធានី​ភ្នំពេញ មានការ​ដាក់ពង្រាយ​ក​ង​កម្លាំង សន្តិសុខ ដែល​មើលឃើញថា ជា​ផ្នែក​មួយ​នៃ​ការ​រឹតបន្តឹង​សន្តិសុខ ចំពេល​សហជីព កម្មករ និង​គណបក្សប្រឆាំង ប្រកាស​ធ្វើ​ការហែក្បួន ចូលមក​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ប្រារព្វ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១២៨​។​​តាម​សេចក្ដីរាយការណ៍ របស់​អ្នកយកព័ត៌មាន VOD នៅ​ច្រក​ផ្លូវ​ចោមចៅ ផ្លូវ​ឫស្សីកែវ ផ្លូវ​ស្ពាន​ជ្រោយចង្វា ផ្លូវ​មកពី​តាខ្មៅ ផ្លូវ​វ៉េងស្រេង ផ្លូវ​ផ្សារ​ច្បារអំពៅ មាន​ដាក់​កម្លាំង និង ឡាន​កងទ័ព នៅ​ប្រមូល​ផ្ដុំគ្នា ហើយ​មាន​អាវុធ​កាន់​គ្រប់​ដៃ​។​​នៅ​ផ្លូវ​វ៉េងស្រេង​មាន សេចក្ដីរាយការណ៍​ថា ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ទៅ​ដាក់​កម្រងផ្កា​នៅ​ទីនោះ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ ដល់​ជនរងគ្រោះ​ចំនួន​៥​នាក់ ដែល​ត្រូវបាន​បាញ់សម្លាប់ កាលពី​ថ្ងៃទី​៣ មករា ដោយ​កម្លាំង​សន្តិសុខ ក្នុងការ​បង្ក្រាប​ទៅលើ​បាតុករ កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​​នៅ​ម្ដុំ​ទីលាន​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ ចាប់ផ្ដើម​មកជួបជុំ ខណៈ​កងសន្តិសុខ​រាប់​រាយ​នាក់ មាន​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ និង​ឡាន​ទាហាន រាយ​លួស​បន្លា រនាំង​ដែក យ៉ាងរឹងមាំ​ព័ន្ធ​ជុំជិត​។​​តាម​ព័ត៌មាន មាន​កម្មករ​ជាច្រើន​ពាន់​នាក់ ដឹកនាំ​តាម​រថយន្ត​មកកាន់​ទីលាន​ប្រជា​ធិ​ន​តេ​យ្យ ហើយ​នៅខាងមុខ​អាគារ​រដ្ឋសភា ក៏មាន​កម្មករ​តាម​រោច​ក្រ​នានា ក៏បាន​ប្រមូល​ផ្ដុំគ្នា ដែរ​។​​កម្មករ​មាន​កាន់​បដា​ធំៗ ដោយ​សរសេរថា "​ត្រូវ​ដំលើង​ប្រាក់​ឈ្នួល កម្មករ​ឲ្យ​បាន​សមរម្យ ត្រូវគោរព​ច្បាប់​កា​ងារ សិទ្ធិ​កម្មករ និង​ត្រូវ​ដោះលែង តំណាង​របស់​កម្មករ ត្រូវ​ឃុំខ្លួន​"​។​​នៅ​កម្ពុជា មាន​សហជីព​និង​សមាគម​ធំ​ចំនួន​១៨ ប្រារព្វ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ឆ្នាំនេះ​។​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ឧសភា ឆ្នាំ​២០១៤​នេះ​គឺជា ខួប​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១២៨​។ សហគមន៍​កម្មករ និយោជិត​នៅ​ទូទាំង​ពិ​ព​ភ​លោក ដែល​ប្រារព្វ​ទិវា គឺ​ដើម្បី​សម្ដែង​មតិ ចំពោះ​វិបត្តិ​ការងារ​របស់​ពួកគេ ដែល​កើតមាន​រយៈពេល​មួយឆ្នាំ​មកនេះ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​និយោជក ត្រូវគោរព​ច្បាប់​ការងារ និង​សិទ្ធិ​កម្មករ​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៤។