• មន្ត្រី​សិទ្ធិ​ដីធ្លី​របស់ CCHR រង​ការ​គំរាម​សម្លាប់​ពី​សន្តិសុខ​ក្រុមហ៊ុន​មួយ​

    • ថ្ងៃចេញផ្សាយ ១២-ឧសភា-២០១៤

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ឲ្យ​ដឹងថា មន្ត្រី​សិទ្ធិ​ដីធ្លី​មួយរូប​របស់ខ្លួន បាន​រង​ការ​គំរាម​សម្លាប់​ពី​សំណាក់​ក្រុម​សន្តិសុខ​ក្រុមហ៊ុន ឃុន សៀ ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ​។​​សេចក្តីជូនដំណឹង​រប​ស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃទី​១០ ខែឧសភា ឲ្យ​ដឹងថា មន្ត្រី​សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​របស់ខ្លួន គឺ លោក វ៉ាន់ សុផាត កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៩ ខែឧសភា បា​នរក​ការ​គំរាម​សម្លាប់ ខណៈ​ចូល​បំពេញបេសកកម្ម​ការងា​រ​នៅ​ទីតាំង​ជម្លោះដីធ្លី​មួយកន្លែង នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​​ក្នុង​សេចក្តី​ជូន​ដ​ណឹ​ង​នេះ CCHR ឲ្យ​ដឹងថា នៅ​ម៉ោងជាង​៤ និង​៥០​នាទី អំឡុង​ពេលដែល លោក វ៉ាន់ សុផាត កំពុង​ថតរូប វីដេអូ​ឯកសារ ករណី​ជម្លោះដីធ្លី របស់​គ្រួសារ​លោក លី ស្រ៊ា​ខេង ក្នុងចំណោម​៣​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន ឃុន​សៀ នោះ ស្រាប់​តែមាន​ជន​ស៊ីវិល ៦​នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​នោះ មក​រុញច្រាន​លោក​ចេញ និង​ប្រើ​សម្តី​គំរោះគំរើយ​មកលើ​រូបលោក​។​​សេចក្តីជូនដំណឹង គូសបញ្ជាក់ថា នៅពេលដែល វ៉ាន់ សុផាត ទៅដល់​ទីនោះ គឺ​ស្រប​ពេលដែល​សន្តិសុខ​ក្រុមហ៊ុន ឃុន សៀ កំពុង​រុះរើ​ផ្ទះ​គ្រួសារ​មួយ ក្នុងចំណោម​បី​គ្រួសារ​នោះ និង​បាន​គំរាម​រូបលោក​ឲ្យ​ចេញ ដោយ​ពួកគេ មាន​កាន់​នូវ​កាំបិត ពូថៅ និង​ញញួរ ថែមទាំង​ស្រែកជេរ​ប្រមាថ និង​គំរាម​កាប់​ក្បាល​របស់លោក​ផងដែរ មិនតែប៉ុណ្ណោះ​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន ឃុន សៀ បាន​ថតរូប​លោក និង​ស្លាក​លេខ​ឡាន​របស់លោក​ទុក​ទៀតផង​។​​សេចក្តីជូនដំណឹង​នេះ ឲ្យ​ដឹង​ដែរ​ថា កន្លងទៅ លោក វ៉ាន់ សុផាត មន្ត្រី​សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​របស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ធ្លាប់បាន​ទៅកាន់​តំបន់​នោះ ជាមួយនឹង​ក្រុមការងារ​ម្តង​រួចមកហើយ ដើម្បី​ផលិតផល​នូវ​វីដេអូ​ឯកសារ ពាក់ព័ន្ធ​នឹង​គ្រួសារ​របស់លោក លី ស្រ៊ា​ខេង តែ​ត្រូវបាន​សន្តិសុខ​ក្រុមហ៊ុន ជាង​១០​នាក់ ព្យាយាម​រំខាន ដោយ​ពាក្យសម្តី និង​ថតរូប​ពួកគេ​ទុក ផ្តោត​សំខាន់​លើ​លោក វ៉ាន់ សុផាត​។​​វី​អូ​ឌី​មិនទាន់​សុំ​ការបំភ្លឺ ពី​ក្រុមហ៊ុន ឃុន សៀ បាន​នៅឡើយ ជុំវិញ​សេចក្ដីជូនដំណឹង​របស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)​ដែល​បានចេញ​ផ្សាយ​នេះ​។​​សូម​រំលឹកថា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​៣​គ្រួសារ នៅ​តំបន់​បឹងកក់​១​ជាមួយនឹង​ក្រុមហ៊ុន ឃុន សៀ កើតឡើង​ចាប់ពី​ខែមេសា ឆ្នាំ​២០១៣​ដោយ​ពលរដ្ឋ​អះអាងថា​ក្រុមហ៊ុន​មួយ​នេះ​បាន​ព្យាយាម​ទិញយក​ដី​ពលរដ្ឋ​នៅ​ទីនោះ​ចំនួន​៣​គ្រួសារ​ដោយ​ឲ្យ​តម្លៃ​១៥.០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ មិន​ព្រម​លក់​ហើយ​ក្រោយមក​ក្រុមហ៊ុន​ក៏​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​រំខាន​ដល់​ពួកគាត់​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤។